ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតំលៃខ្ពស់ចំពោះការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤
កប.អនឡាញ - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ រៀបចំដោយក្រសួងការពារប្រទេសវៀតណាម មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទៀតផង។ ដោយមានការចូលរួមពីសហគ្រាសឧស្សាហកម្មការពារជាតិជាច្រើន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានបញ្ជាក់ពីភាពទាក់ទាញនៃការតាំងពិព័រណ៍ ក៏ដូចជាការកើនឡើងនូវកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ព័ត៌មានអំពីពិធីបើកដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ អំពីឧបករណ៍ សព្វាវុធ និងបច្ចេកវិទ្យាថ្មីៗ ឬអំពីជំនួបរវាងដៃគូនានាត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ សន្និសីទសារព័ត៌មានរបស់ឯកអគ្គរដ្ឋទូត និងមន្ត្រីការពារជាតិមកពីប្រទេសផ្សេងៗគ្នាបានធ្វើឡើងនៅការតាំងពិព័រណ៍ដោយមានវត្តមានរបស់អ្នកសារព័ត៌មានអន្តរជាតិ។
នៅពេលចាប់ផ្តើមនៃការតាំងពិព័រណ៍ ក្រុមអ្នកយកព័ត៌មាន និងអ្នកវិភាគយោធាមកពីសាជីវកម្មផ្សព្វផ្សាយ Army Recognition ដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិកបានមានវត្តមានហើយ។ លោក Halna du Fretay Erwan អ្នកយកព័ត៌មានរបស់ Army Recognition បានចែករំលែកថា “ខ្ញុំភ្ញាក់ផ្អើលដែលបានដឹងថា នេះជាលើកទីពីរដែលវៀតណាមរៀបចំពិព័រណ៍ការពារជាតិ។ អ្នកធ្វើបានល្អណាស់។ យើងបានចូលរួមការតាំងពិព័រណ៍ការពារជាតិជាច្រើន ហើយមិនមែនគ្រប់ប្រទេសទាំងអស់រៀបចំបានយ៉ាងហ្មត់ចត់ លើទ្រង់ទ្រាយធំ ដូចនៅទីនេះនោះទេ"។
|
|
អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ធ្វើការនៅពិធីបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ |
អ្នកយកព័ត៌មាន Michael Chaussee បានធ្វើអត្ថាធិប្បាយថា មណ្ឌលតាំងបង្ហាញនៅកណ្តាលវាលគឺអស្ចារ្យណាស់។ អ្នកយកព័ត៌មានអាចទស្សនាដោយផ្ទាល់នូវយានប្រយុទ្ធថ្មើរជើង "ពិតប្រាកដ" មិនមែនត្រឹមតែម៉ូដែលប៉ុណ្ណោះទេ។ ប្រភេទនៃយានជំនិះ អាវុធ និងឧបករណ៍គឺមានភាពចម្រុះណាស់។ អ្នកយកព័ត៌មាន Chaussee បានឲ្យដឹងថា "វាបង្ហាញពីការអភិវឌ្ឍដ៏ខ្លាំងក្លានៃឧស្សាហកម្មការពារជាតិវៀតណាម ក៏ដូចជាការទាក់ទាញនៃការតាំងពិព័រណ៍នេះ ដោយមានការចូលរួមពីអង្គភាពអាជីវកម្មរាប់រយមកពីប្រទេសរាប់សិបជុំវិញពិភពលោក"។
ចំណាយពេលពេញមួយថ្ងៃទៅទស្សនាមណ្ឌលតាំងបង្ហាញនៅកណ្តាលវាល ហើយនៅថ្ងៃទីពីរ ក្រុមការងារបានទៅទស្សនាមណ្ឌលតាំងបង្ហាញក្នុងផ្ទះ សិក្សា និងស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីផលិតផល និងបច្ចេកវិទ្យាចម្រុះដែលអង្គភាពអាជីវកម្មអន្តរជាតិបានយកមកតាំងពិព័រណ៍។ អ្នកយកព័ត៌មាន Halna du Fretay Erwan សម្តែងនូវចំណាប់អារម្មណ៍របស់គាត់ថា “មិនគួរឲ្យស្រមៃថា អ្នកអាចស្វែងយល់អំពីឧបករណ៍ និងអាវុធពីសហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង ចិន ជប៉ុន ... នៅទីនេះ។ ការរចនា ការតុបតែង និងការរៀបចំភ្លើងនៅបន្ទប់តាំងបង្ហាញគឺសុទ្ធតែមានភាពអស្ចារ្យ។ វត្តមានរបស់មហាអំណាចយោធានៅទីនេះ គឺជាភ័ស្តុតាងបង្ហាញថា វៀតណាមមានឱកាសសហប្រតិបត្តិការជាច្រើនជាមួយប្រទេសដទៃទៀត”។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters (អង់គ្លេស) នៅឯពិព័រណ៍នេះ វៀតណាមបានណែនាំផលិតផលដែលផលិតដោយឧស្សាហកម្មការពារជាតិក្នុងស្រុក។ ពិព័រណ៍នេះត្រូវបានប្រារព្ធឡើងក្នុងបរិបទដែលវៀតណាមខិតខំប្រឹងប្រែងអភិវឌ្ឍឧស្សាហកម្មការពារជាតិ ស្វែងរកឱកាសនាំចេញផលិតផលឧស្សាហកម្មការពារជាតិជាអាទិភាព។ ពិព័រណ៍នេះមានវត្តមានរបស់អង្គភាពអាជីវកម្មជិត ២៥០ រួមទាំងអង្គភាពអាជីវកម្មឈានមុខគេជាច្រើនមកពីមហាអំណាចធំៗ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដែលថ្លែងសុន្ទរកថាក្នុងពិធីបើកដែលថា៖ ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ មានអត្ថន័យពិសេស ជាព្រឹត្តិការណ៍អន្តរជាតិដ៏ឆ្នើមជាមួយសារ “សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ទៅវិញទៅមក”។ ទីភ្នាក់ងារសារព័ត៌មាន TASS (រុស្ស៊ី) បានកត់សម្គាល់ថា ដោយត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល ពិព័រណ៍បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីពិភពលោកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។
|
|
មណ្ដលតាំងពិព័រណ៍ឧស្សាហកម្មការពារជាតិរបស់វៀតណាមទាក់ទាញអ្នកទស្សនាជាច្រើន |
ទន្ទឹមនឹងនោះ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) វៀតណាមបានរៀបចំពិព័រណ៍ដើម្បីធ្វើពិពិធកម្មបណ្តាញកិច្ចសហប្រតិបត្តិការសម្រាប់លទ្ធកម្ម ការទទួល និងការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតកម្មការពារជាតិ។ អ្នកជំនាញនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS-Yusof Ishak) របស់សិង្ហបុរី បានសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្ម “មិនត្រឹមតែចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមក្នុងការទទួលបានប្រព័ន្ធសព្វាវុធទំនើបថែមទៀត”។ ទស្សនាវដ្ដី Newsweek (អាមេរិក) បានវាយតម្លៃថា ការតាំងពិព័រណ៍គឺជាវេទិកាដ៏សំខាន់មួយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធ្វើទំនើបកម្មយោធា។ ព្រឹត្តិការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេសដោយការបង្ហាញឧបករណ៍ និងអាវុធដែលផលិតក្នុងស្រុក។
ទស្សនាវដ្ដី Nikkei Asia (ជប៉ុន) បានវាយតម្លៃថា ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ គឺជា "ការតាំងពិព័រណ៍ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍" ខណៈដែលវៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មសព្វាវុធ ឧបករណ៍បច្ចេកទេស និងធ្វើពិពិធកម្មបណ្តាញកិច្ចសហប្រតិបត្តិការសម្រាប់លទ្ធកម្ម។ ពិព័រណ៍នេះធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដោយបង្កើតឱកាសសម្រាប់អង្គភាព និងអង្គភាពអាជីវកម្មដើម្បីណែនាំ តាំងបង្ហាញផលិតផល និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ ពិព័រណ៍បានផ្តល់ឱកាសឱ្យអ៊ីរ៉ង់ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ និងសន្តិសុខ។ តាមរយៈការតាំងពិព័រណ៍នេះ អ៊ីរ៉ង់សង្ឃឹមថានឹងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសដទៃទៀត និងជំរុញការផ្ទេរបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរួមគ្នា។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសុទ្ធតែមានសន្និដ្ឋានដូចគ្នាថា ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ដែលទាក់ទាញសហគ្រាសឧស្សាហកម្មការពារជាតិជាច្រើនជុំវិញពិភពលោក។ ទីភ្នាក់ងារសារព័ត៌មាន Caliber (Azerbaijan) បានសង្កត់ធ្ងន់ថា ពិព័រណ៍នេះមានការចូលរួមពីសហគ្រាសឧស្សាហកម្មការពារជាតិជាច្រើនមកពីប្រទេសចំនួន ៤៩ រួមទាំងក្រុមហ៊ុនធំៗមកពីអាមេរិក អឺរ៉ុប និងប្រទេសជាច្រើនទៀត។ នោះបង្ហាញពីកិត្យានុភាពកាន់តែកើនឡើងរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕
បកប្រែដោយ Huyen Trang