វៀតណាមមានបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី
កប.អនឡាញ - នារសៀលថ្ងៃទី២៣ ខែធ្នូ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក និងការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ ជាពិសេសគឺការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងអបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលបញ្ចប់ដោយជោគជ័យនូវអាណត្តិបេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។ លោកអគ្គលេខាបក្សបានចាត់ទុកថា អូស្ត្រាលីតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃគោលនយោបាយការបរទេសរបស់វៀតណាម និងជាដៃគូសំខាន់ៗក្នុងតំបន់របស់វៀតណាម។ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរគប្បីបន្តជំរុញការជឿទុកចិត្តផ្នែកនយោបាយ ចែករំលែកចក្ខុវិស័យ ទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ហើយវាយតម្លៃខ្ពស់ចំពោះយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលភាគីទាំងពីរអនុវត្តនាពេលថ្មីៗនេះ។
|
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Andrew Goledzinowski |
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានជួយឧបត្ថម្ភវៀតណាមលើវិស័យជាច្រើនដូចជា៖ សុខាភិបាល ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិវត្តកម្មថាមពល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលី។ លោកអះអាងថា វៀតណាមមានបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
លោក Andrew Goledzinowski បានឲ្យដឹងថា ក្នុងអាណត្តិកន្លងមក ទំនាក់ទំនងអូស្ត្រាលី-វៀតណាមមានការអភិវឌ្ឍជាក់ស្តែងលើវិស័យជាច្រើន និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អូស្ត្រាលីមានបំណងចង់រួមចំណែក និងជួយគាំទ្របន្ថែមទៀតសម្រាប់ដំណើរការអភិវឌ្ឍន៍របស់វៀតណាម ហើយសង្ឃឹមថាទំនាក់ទំនងអូស្ត្រាលី - វៀតណាមនឹងបន្តត្រូវបានជំរុញយ៉ាងសកម្មលើគ្រប់ជ្រុងជ្រោយ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកអះអាងថា ធុរកិច្ចអូស្ត្រាលីជាច្រើនមានបំណងចង់បណ្តាក់ទុននៅវៀតណាមក្នុងសម័យថ្មីនេះ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការសន្យារបស់ខ្លួនក្នុងការជំរុញ និងពូនជ្រំទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ មិនថាក្នុងមុខតំណែងថ្មីណាក៏ដោយ៕
បកប្រែដោយ Thuy Anh