នាពេលថ្មីៗនេះ គេហទំព័រ opengovasia.com របស់ប្រទេសសិង្ហបុរី បានចេញផ្សាយអត្ថបទមួយដែលបញ្ជាក់ថា ប្រទេសវៀតណាមកំពុងបង្កើតបរិយាកាសដ៏ល្អសម្រាប់ប្រព័ន្ធអេកូឡូស៊ីឌីជីថល និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងផ្នែកទេសចរណ៍ ដោយមានអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៧៨ លាននាក់ និង ៧៣.៣% នៃចំនួនប្រជាជនចូលរួមនៅក្នុងបណ្តាញសង្គម។

យោងតាមអត្ថបទនេះផងដែរ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាពបានជួយវៀតណាមងាយស្រួលទាញយកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពដល់ភ្ញៀវទេសចរ និងអ្នកផ្តល់សេវាកម្ម។

leftcenterrightdel
វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ឈានមុខគេក្នុងយុគសម័យឌីជីថល (រូបថត៖ baoquocte.vn)

អត្ថបទនេះបានឲ្យដឹងថា ដោយជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលដែលអភិវឌ្ឍលឿនបំផុតនៅអាស៊ីអាគ្នេយ៍ វៀតណាមបានអនុវត្តគំនិតផ្តួចផ្តើមធ្វើបរិវត្តកម្មឌីជីថលដោយទទួលបានការជួយគាំទ្រយ៉ាងសកម្ម ពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដែលទាក់ទងនឹងវិស័យទេសចរណ៍។ បច្ចេកវិទ្យាដូចជា អ៊ីនធឺណិតនៃវត្ថុ (IoT) បញ្ញាសិប្បនិម្មិត (AI) ការពិតនិម្មិត/ការពិតបន្ថែម (VR/AR) និងទិន្នន័យធំ បាននិងកំពុងធ្វើបដិវត្តក្នុងវិស័យនេះ។

អ្នកនិពន្ធអត្ថបទនេះក៏បានលើកឡើងពីលទ្ធផលស្រាវជ្រាវអំពីការធ្វើដំណើរទេសចរណ៍របស់វៀតណាមដែលបង្ហាញពីប្រើយ៉ាងទូលំទូលាយនូវផែនទីឌីជីថល កាបូបអេឡិចត្រូនិក និងភ្នាក់ងារទេសចរណ៍តាមអ៊ីនធឺណិត (OTA)។ ភ្ញៀវទេសចរកាន់តែពេញចិត្តនឹងឧបករណ៍ទាំងនេះ លើកទឹកចិត្តឲ្យការទូទាត់គ្មានសាច់ប្រាក់ និងផ្តល់ជម្រើសនៃការកក់ដ៏ងាយស្រួល។ ទោះបីជាវាត្រូវបានដាក់ឲ្យប្រើប្រាស់មិនយូរប៉ុន្មានក៏ដោយ ក៏បច្ចេកវិទ្យាទំនើបដូចជាសំបុត្រអេឡិចត្រូនិច ជំនួយការនិម្មិត និងសេវាកម្មសណ្ឋាគារឆ្លាតវៃ... ត្រូវបានមនុស្សជាច្រើនជឿជាក់កាន់តែខ្លាំងឡើង។

អត្ថបទនេះចាត់ទុកថា កម្មវិធីបច្ចេកវិទ្យាឌីជីថលត្រូវបានជម្រុញតាមរយៈកម្មវិធីសហប្រតិបត្តិការរវាងអង្គភាពទេសចរណ៍ អ្នកផ្តល់បច្ចេកវិទ្យា និងធុរកិច្ចនៅមូលដ្ឋាន។ ពីប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដល់សេវាកម្មទេសចរណ៍រួមបញ្ចូលគ្នា គំនិតផ្តួចផ្តើមទាំងនេះកំពុងកសាងប្រព័ន្ធអេកូទេសចរណ៍មួយដែលមានប្រសិទ្ធភាពជាងមុននៅប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong