កងឆ្មាំសមុទ្រវៀតណាម និងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់នៅសមុទ្រ
កប.អនឡាញ - នាវាកងឆ្មាំសមុទ្រលេខ ៨០០៥ (បញ្ជាការកងឆ្មាំសមុទ្រតំបន់លេខ ៣) បានដឹកគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ទើបតែបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារជាមួយកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌានៅទីក្រុង Kochi (រដ្ឋ Kerala ប្រទេសឥណ្ឌា)។
ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់នៅសមុទ្ររវាងកងឆ្មាំសមុទ្រវៀតណាម និងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Nguyen Minh Khanh មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ ប្រធានគណៈប្រតិភូបានផ្ដល់បទសំភាសដល់អ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា។
|
|
លោកវរសេនីយ៍ឯក Nguyen Minh Khanh |
អ្នកយកព័ត៌មាន៖ សូមលោកបញ្ជាក់ពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមជាមួយកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌានៅទីក្រុង Kochi លើកនេះ?
លោកវរសេនីយ៍ឯក Nguyen Minh Khanh៖ ចាប់ពីថ្ងៃទី ៣ ខែធ្នូ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ បានបញ្ជូននាវាកងឆ្មាំសមុទ្រលេខ ៨០០៥ ដើម្បីដឹកគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមមកបំពេញទស្សនកិច្ចការងារនៅកម្លាំងការពារឆ្នេរឥណ្ឌាក្នុងទីក្រុង Kochi។ ដំណើរទស្សនកិច្ចនេះបង្ហាញពីបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ការជឿទុកចិត្ដ និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរក្នុងការអនុវត្តច្បាប់នៅសមុទ្រ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់សមុទ្រ និងជុំវិញពិភពលោក។ នេះក៏ជាឱកាសសម្រាប់កម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រវៀតណាម និងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា មានឱកាសផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការកសាងកងកម្លាំង និងលើកកំពស់តួនាទីអនុវត្តច្បាប់នៅសមុទ្រ ជាពិសេសលើកកម្ពស់សមត្ថភាពប្រើប្រាស់មធ្យោបាយ អាវុធ និងឧបករណ៍បច្ចេកទេស; សម្របសម្រួលការហ្វឹកហ្វឺនក្នុងការស្វែងរក និងជួយសង្គ្រោះ ការបង្ការនិងទប់ស្កាត់អគ្គីភ័យ និងការផ្ទុះ និងដោះស្រាយការធ្លាយប្រេងនៅសមុទ្រ។
អ្នកយកព័ត៌មាន៖ ដើម្បីបំពេញទស្សនកិច្ចការងារជាមួយកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌានៅទីក្រុង Kochi លើកនេះ តើកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ៣ និយាយរួម និងនាវាកងឆ្មាំសមុទ្រលេខ ៨០០៥ និយាយដោយឡែក បានអនុវត្ដការត្រៀមរៀបចំយ៉ាងដូចម្តេច?
លោកវរសេនីយ៍ឯក Nguyen Minh Khanh៖ បន្ទាប់ពីមានផែនការការងារ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ បានអនុវត្តយ៉ាងសកម្មនូវរាល់ការត្រៀមរៀបចំ ធានាត្រឹមត្រូវនូវទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ ស្របតាមច្បាប់អន្តរជាតិ រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ប្រទេស កងទ័ពប្រជាជនវៀតណាម និងកងឆ្មាំសមុទ្រវៀតណាម។ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ បានសម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ភាគីឥណ្ឌា ដើម្បីដាក់ចេញផែនការ កម្មវិធី និងសេណារីយ៉ូហ្វឹកហ្វឺនរួមគ្នាស្តីពីការជួយសង្គ្រោះគ្រោះមហន្ដរាយ ការបង្ការ និងទប់ស្កាត់អគ្គីភ័យ ការផ្ទុះ និងការឆ្លើយតបទៅនឹងការធ្លាយប្រេងនៅសមុទ្រ។ ចាត់ចែងការងារជាក់លាក់ដល់ទីភ្នាក់ងារ និងអង្គភាពនីមួយៗក្នុងការកសាងផែនការ សេចក្តីណែនាំ រៀបចំការហ្វឹកហ្វឺន និងអនុវត្តការត្រៀមរៀបចំ ធានាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ បានអនុវត្ដឲ្យបានល្អនូវការឃោសនា និងការថែទាំសុខភាពរបស់កងទ័ព ដោយធានាបាននូវការធ្វើដំណើរតាមសមុទ្រក្នុងរយៈពេលច្រើនថ្ងៃ។ សម្របសម្រួលបានល្អក្នុងការត្រួតពិនិត្យលើការងារ ភុស្ដភា និងបច្ចេកទេសរបស់នាវា ផ្គត់ផ្គង់ឧបករណ៍បន្ថែមដល់នាវា និងធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព។ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៣ បានរៀបចំការហ្វឹកហ្វឺន បណ្ដុះបណ្ដាលកម្មាភិបាលនិងយុទ្ធជនលើនាវា និងកម្លាំងដើម្បីបង្កើនចំណេះដឹងច្បាប់ ពិធីសារបដិសណ្ឋារកិច្ច កិច្ចការបរទេស ប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី ប្រជាជននិងកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌា ដើម្បីឲ្យកម្មាភិបាលនិងយុទ្ធជនមានទំនុកចិត្តនៅពេលផ្លាស់ប្ដូរជាមួយកម្លាំងរបស់ឥណ្ឌា។
|
|
ថ្នាក់ដឹកនាំ និងមេបញ្ជាការកងឆ្មាំសមុទ្រតំបន់លេខ៣ ចុះពិនិត្យការងារបច្ចេកទេសលើនាវាកងឆ្មាំសមុទ្រលេខ ៨០០៥ |
អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់នាវាកងឆ្មាំសមុទ្រលេខ ៨០០៥ និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ជាមួយកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌានៅទីក្រុង Kochi យ៉ាងដូចម្តេច?
លោកវរសេនីយ៍ឯក Nguyen Minh Khanh៖ ដំណើរទស្សនកិច្ចនិងធ្វើការជាមួយកម្លាំងការពារឆ្នេរសមុទ្រឥណ្ឌានៅទីក្រុង Kochi របស់នាវាកងឆ្មាំសមុទ្រលេខ ៨០០៥ និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមគឺជាដំណើរលើកដំបូងដែលមានចម្ងាយបំផុតគឺជិត ៦.០០០ ម៉ាយ។ នាវាធ្វើដំណើរជាបន្តបន្ទាប់ និងយូរថ្ងៃក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ និងស្មុគស្មាញ។ ដំណើរទស្សនកិច្ចការងារនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ ធានាបាននូវសុវត្ថិភាពលើគ្រប់ទិដ្ឋភាពទាំងអស់ ហើយត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីភាគីមិត្ដឥណ្ឌា អាស្រ័យហេតុនេះ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់នៅសមុទ្រ ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រើប្រាស់សព្វាវុធ ឧបករណ៍បច្ចេកទេស សមត្ថភាពប្រយុទ្ធក្នុងរយៈពេលច្រើនថ្ងៃ និងអនុវត្តច្បាប់ ឆ្លើយតបនឹងឧប្បត្តិហេតុនៅសមុទ្ររវាងប្រទេសទាំងពីរ រួមចំណែកកសាងតំបន់សមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងវិបុលភាព។
អ្នកយកព័ត៌មាន៖ សូមអំណរលោក!
បកប្រែដោយ Pham Diep