លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបអនុព័ន្ធយោធាចិនប្រចាំវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២៥ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក Jiang Bo អនុព័ន្ធយោធាចិនប្រចាំវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះគណៈប្រតិភូកងទ័ពចិនដែលមកចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ក៏ដូចជាក្រសួងការពារជាតិចិនបានបញ្ជូនគណៈប្រតិភូកងកិត្តិយសត្រែទ័ពចូលរួមកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ ២០២៤ និងសម្តែងសិល្បៈនៅវៀតណាម និងបញ្ជូនសាជីវកម្មឧស្សាហកម្មភាគខាងជើង (NORINCO) មកចូលរួម និងតាំងបង្ហាញផលិតផលនៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក Jiang Bo អនុព័ន្ធយោធាចិនប្រចាំវៀតណាម |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការិយាល័យអនុព័ន្ធចិនប្រចាំវៀតណាមដែលបានសម្របសម្រួលជាមួយភាគីវៀតណាមត្រៀមរៀបចំបានល្អសម្រាប់ព្រឹត្ដិការណ៍ខាងលើ ដោយបញ្ជាក់ពីការគាំទ្ររបស់ភាគីចិនចំពោះរាល់សកម្មភាពដែលរៀបចំដោយភាគីវៀតណាម រួមចំណែកដល់ភាពជោគជ័យរបស់ព្រឹត្តិការណ៍។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវសេចក្តីរីករាយដែលក្រសួងការពារប្រទេសទាំងពីរដែលបានយកចិត្តទុកដាក់ គាំទ្រនិងចូលរួមសកម្មភាពសំខាន់ៗរបស់ភាគីនិមួយៗ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងវរសេនីយ៍ឯក Jiang Bo បានពិភាក្សាអំពីការត្រៀមរៀបចំខ្លឹមសារ និងកម្មវិធីសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ ដែលប្រព្រឹត្តទៅនៅឆ្នាំ២០២៥។
ក្នុងជំនួប លោកវរសេនីយ៍ឯក Jiang Bo បានអបអរសាទរក្រសួងការពារប្រទេសវៀតណាមដែលបានរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនិងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារជាតិវៀតណាមឆ្នាំ ២០២៤ ដោយជោគជ័យ។ លោកវរសេនីយ៍ឯក Jiang Bo បានសម្តែងការចាប់អារម្មណ៍ចំពោះការសម្តែងដែលមានអត្ថន័យនិងលក្ខណៈប្រវត្ដិសាស្ដ្រ សព្វាវុធនិងយុទ្ធោបករណ៍ទំនើបៗដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សំខាន់ៗទាំងនេះ។
លោកវរសេនីយ៍ឯក Jiang Bo បានអះអាងថា នឹងខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីភាគីទាំងពីររៀបចំការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ ប្រកបដោយជោគជ័យ៕
បកប្រែដោយ Pham Diep