ថ្លែងមតិក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក Nguyen Huy Tang ដែលបានបញ្ចប់អាណត្តិដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងការពង្រឹង ពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសវៀតណាមនិងកម្ពុជា។ សម្តេច​តេជោ ហ៊ុន សែន បានសម្តែងនូវក្តីសប្បាយរីករាយ​ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ និងយូរអង្វែងរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ ហើយវាយតម្លៃខ្ពស់ចំពោះការដែលថា ភាគីទាំងពីររក្សាបាននូវដំណើរទស្សនកិច្ច ជំនួបជាន់ខ្ពស់ និងកិច្ចប្រជុំរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវបំណងថា ប្រទេសទាំងពីរបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន ទទួលជួបលោក Nguyen Huy Tang (រូបថត៖ vnanet.vn)

លោក Nguyen Huy Tang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកម្ពុជា ដែលតែងតែជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកឯកអគ្គរដ្ឋទូតបំពេញភារកិច្ចរបស់ខ្លួនក្នុងអាណត្តិនៅកម្ពុជា។

ក្នុងឱកាសនេះ លោក Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភានិងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគណបក្សប្រជាជនជាស្នូលដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងពង្រឹងនិងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។

លោក Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមក និងមានជំនឿថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿង​ឥស្សរិយយសសហមេត្រីថ្នាក់មហាសេនាក្នុងបំណងទទួលស្គាល់ការរួមចំណែកដ៏ធំធេងរបស់លោក Nguyen Huy Tang ក្នុងបុព្វហេតុកសាង និងពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh