នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអបអរសាទរចំពោះកម្ពុជាដែលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងរយៈពេលកន្លងមកនេះ ហើយសម្ដែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានឹងសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា វៀតណាមយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង” ជាមួយកម្ពុជា។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ រួមចំណែកដល់ភាពជោគជ័យរួមនៃព្រឹត្តិការណ៍ទាំងបី។

leftcenterrightdel
លោកឧត្តមសេនីយ៍ Nguyen Tan Cuong ពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិរវាងវៀតណាម និងកម្ពុជា បានបន្តអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាព នាពេលកន្លងមកនេះ ហើយជាសសរស្តម្ភមួយក្នុងចំណោមសរស្តម្ភសំខាន់ៗ របស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយផ្តោតលើវិស័យសំខាន់ៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការពារព្រំដែន ជួយគាំទ្រប្រជាជននៅតាមតំបន់ព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្លាស់ប្តូរបទពិសោធន៍ សហការនិងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគីអន្តរជាតិ...

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវិស័យអក្សរសម្ងាត់របស់វៀតណាម និងវិស័យអក្សរសម្ងាត់កម្ពុជា។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ព្រមទាំង អះអាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យអក្សរសម្ងាត់របស់ប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ ចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជូនចំពោះរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ លោកនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី សង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាម នឹងបន្តយកចិត្តទុកដាក់ និងជួយគាំទ្រវិស័យអក្សរសម្ងាត់កម្ពុជា រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យអក្សរសម្ងាត់រវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍ មានប្រសិទ្ធភាព ជាក់ស្ដែង និងស៊ីជម្រៅ៕

បកប្រែដោយ Thuy Anh