ថែរក្សាវត្ថុអនុស្សាវរីយ៍ សម្រាលការឈឺចាប់
កប.អនឡាញ - ក្នុងពិធីប្រគល់វត្ថុអនុស្សារវីយ៍របស់យុទ្ធជនពលី និងអតីតយុទ្ធជនដែលរៀបចំដោយនាយកដ្ឋានគោលនយោបាយ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមសហការជាមួយស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ និងមជ្ឈមណ្ឌល Ash នៃសាកលវិទ្យាល័យ Harvard និងគណៈទាក់ទងការបរទេសនៃក្រសួងការពារបរទេសវៀតណាម សាច់ញាតិនៃយុទ្ធជនពលី និងប្រតិភូបានសំដែងក្ដីរំជួលចិត្ដយ៉ាងខ្លាំង...
ដោយទទួលបានវត្ថុអនុស្សាវរីយ៍ដែលចម្លងរបស់យុទ្ធជនពលី Nguyen Sy Lien រួមមាន៖ សៀវភៅសរសេរកំណត់ហេតុប្រចាំថ្ងៃ ប័ណ្ណសម្គាល់បក្ខជន និងសេចក្ដីសម្រេចចិត្ដដំឡើងឋានន្តរស័ក្តិជាមេបញ្ជាការកងអនុសេនាធំលេខ ១០ និងកងវរសេនាតូចលេខ ២ និងលិខិតបញ្ជាក់កិត្ដិនាមយុទ្ធជនក្លាហាន លិខិតផ្ទាល់ខ្លួន, លោក Nguyen Cong Minh ជាកូនប្រុសរបស់យុទ្ធជនពលី Nguyen Sy Lien (នៅឃុំ Phu Da ស្រុក Vinh Tuong ខេត្ត Vinh Phuc) បានចែករំលែកថា៖ "ពេលឪពុកខ្ញុំចេញទៅសមរភូមិ ខ្ញុំទើបនឹងកើតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ អ្វីដែលខ្ញុំដឹងអំពីឪពុករបស់ខ្ញុំនោះគឺអាស្រ័យរឿងដំណាលរបស់ម្តាយ។ សូម្បីតែពេលនោះ ខ្ញុំត្រឹមតែឃើញមុខឪពុកខ្ញុំ តាមរយៈរូបភាពដែលម្ដាយខ្ញុំថែរក្សា។ ម្តាយរបស់ខ្ញុំបានរៀបរាប់ថា ឪពុករបស់ខ្ញុំបានចូលបម្រើទ័ពកាលពីខែឧសភាឆ្នាំ ១៩៥៤ និងចូលរួមប្រយុទ្ធ និងបានទៅសិក្សានៅសាលានាយទាហានកាំភ្លើងធំនៅទីរួមស្រុក Son Tay។ ដល់ឆ្នាំ ១៩៦៥ ឪពុករបស់ខ្ញុំបានប្រយុទ្ធនៅសមរភូមិភាគខាងត្បូងវៀតណាម ហើយបានពលីជីវិត។ ថ្ងៃនេះ ខ្ញុំទទួលបានវត្ថុអនុស្សាវរីយ៍របស់ឪពុកខ្ញុំវិញ គ្រួសារខ្ញុំមានអារម្មណ៍ដូចជាទទួលបានផ្នែកមួយនៃព្រលឹងរបស់គាត់ ចងចាំអនុស្សាវរីយ៍ និងយុទ្ធជ័យរបស់គាត់ បន្ទាប់ពីការបែកគ្នាជាងកន្លះសតវត្សរ៍។
|
|
សាច់ញាតិរបស់យុទ្ធជនពលី និងប្រតិភូកាន់វត្ថុអនុស្សាវរីយ៍ |
ការទទួលបានវត្ថុអនុស្សាវរីយ៍បន្ទាប់រយៈពេលជាច្រើនឆ្នាំគឺជាសុភមង្គលយ៉ាងក្រៃលេងសម្រាប់គ្រួសារយុទ្ធជនពលី។ កាន់វត្ថុអនុស្សាវរីយ៍នៅក្នុងដៃ សាច់ញាតិរបស់យុទ្ធជនមានមោទនភាពយ៉ាងខ្លាំង និងយល់កាន់តែច្បាស់អំពីជីវិត ការប្រយុទ្ធ ស្មារតីអង់អាច និងឆន្ទៈតស៊ូរបស់បុព្វបុរសក្នុងសមរភូមិដែលពោរពេញដោយកាំភ្លើងនិងគ្រាប់បែក។
នៅក្នុងពិធីនេះ គណៈកម្មការរៀបចំបានប្រគល់វត្ថុអនុស្សាវរីយ៍របស់យុទ្ធជនពលី Nguyen Sy Lien នៅឃុំ Phu Da ស្រុក Vinh Tuong ខេត្ត Vinh Phuc; យុទ្ធជនពលី Nguyen Dich Khai នៅឃុំ Hoang Cuong ស្រុក Thanh Ba ខេត្ត Phu Tho); យុទ្ធជនពលី Nguyen Van Doi នៅឃុំ Ham Son ស្រុក Yen Phong ខេត្ត Ha Bac (បច្ចុប្បន្នខេត្ត Bac Ninh); យុទ្ធជនពលី Le Duc Ninh (Le Van Nau) នៅឃុំ Thuy Van ស្រុក Thai Thuy ខេត្ត Thai Binh; យុទ្ធជនពលី Nguyen Xuan Thanh នៅឃុំ Hai Van ស្រុក Hai Hau ខេត្ត Nam Dinh; យុទ្ធជនពលី Nguyen Cong Tao ស្រុក Kim Thanh ខេត្ត Hai Duong និងវត្ថុអនុស្សាវរីយ៍របស់អតីតយុទ្ធជនរបស់លោក Vu Kiem Ba នៅឃុំ Hong Quang ស្រុក An Thi ខេត្ត Hung Yen; លោក Hoang Duong Chuong នៅសង្កាត់ My Xa ទីក្រុង Nam Dinh, ខេត្ត Nam Dinh។
វត្ថុអនុស្សាវរីយ៍ដែលបានប្រគល់ទៅឱ្យសាច់ញាតិនៃយុទ្ធជនពលី និងអតីតយុទ្ធជន ទោះបីជាវាសាមញ្ញក៏ដោយក៏មានអត្ថន័យនិងតម្លៃខាងស្មារតីដ៏ធំធេង។ វត្ថុអនុស្សាវរីយ៍ទាំងនេះ រួមដំណើរជាមួយយុទ្ធជនពលីក្នុងជីវិតប្រចាំថ្ងៃនៅសមរភូមិ ត្រាំឈាមរបស់យុទ្ធជនពលី និងអតីតយុទ្ធជននៅទូទាំងសមរភូមិ។ ពិសេសជាងនេះទៅទៀត វត្ថុអនុស្សាវរីយ៍ឆ្លងកាត់ជាច្រើនឆ្នាំដែលសាត់ព្រាត់ទើបនឹងត្រឡប់មកគ្រួសារនៃយុទ្ធជនពលី និងអតីតយុទ្ធជនវិញ។
អញ្ជើញចូលរួមពិធីប្រគល់នេះ លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa ប្រធាននាយកដ្ឋានគោលនយោបាយ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានឲ្យដឹងថា៖ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំនះពុះពារផលវិបាកក្រោយសង្គ្រាមនិយាយរួម ការផ្តល់ព័ត៌មាន ឯកសារ និងវត្ថុអនុស្សាវរីយ៍ ដើម្បីបម្រើការជីករុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាមនិយាយដោយឡែកគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព រួមចំណែកជាក់ស្តែងនិងមានប្រសិទ្ធភាពក្នុងការជីករុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាម។ ការប្រគល់វត្ថុអនុស្សាវរីយ៍របស់យុទ្ធជនពលី និងអតីតយុទ្ធជនបានបំពេញ បំណងប្រាថ្នារបស់សាច់ញាតិរបស់យុទ្ធជនពលី និងសម្រាលការឈឺចាប់ និងការបាត់បង់របស់ក្រុមគ្រួសារ។ នេះក៏ជាមនោសញ្ចេតនា និងទំនួលខុសត្រូវដ៏ពិសិដ្ឋរបស់កម្លាំងទទួលបន្ទុកការងារគោលនយោបាយចំពោះយុទ្ធមិត្ត និងសាច់ញាតិនៃយុទ្ធជនពលី។
ថ្លែងក្នុងពិធីនេះ លោក Marc E.Knapper ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាមេរិកប្រចាំវៀតណាម បានអះអាងថា៖ ក្នុងស្មារតី “ទុកអតីតកាលទៅមួយឡែក ឆ្ពោះទៅកាន់អនាគត” ភាគីអាមេរិកបានសម្របសម្រួលយ៉ាងសកម្មជាមួយវៀតណាមរៀបចំកម្មវិធី និងសកម្មភាពជាច្រើន ដើម្បីជំនះផលវិបាកនៃសង្គ្រាម។ វត្ថុអនុស្សាវរីយ៍នៃយុទ្ធជនពលី និងអតីតយុទ្ធជនវៀតណាមត្រូវបានប្រគល់ជូនក្រុមគ្រួសារគឺជាភស្តុតាងមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងវៀតណាម៕
បកប្រែដោយ Pham Diep