សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសចិន
កប.អនឡាញ - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នាថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុង Kunming ខេត្ត Yunnan (ប្រទេសចិន) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះ ADB ដែលបានផ្តល់ដើមទុនសំខាន់ៗសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលរួមចំណែកយ៉ាងសកម្មក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានដល់វៀតណាមជាមួយនឹងអត្រាការប្រាក់អនុគ្រោះក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង។ល។
លោកប្រធាន ADB សង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងពន្លឿនការបញ្ចេញទុនរបស់ ADB ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នៅវៀតណាម។ លោកបានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់របស់វៀតណាមក្នុង GMS ព្រមទាំងសង្ឃឹមថាក្នុងនាមជាប្រទេសស្ថាបនិក វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរបស់ ADB ដូចជាវៀតណាមកំពុងធ្វើបរិវត្តកម្មថាមពលយ៉ាងសកម្ម។ លោកបានឲ្យដឹងថា ADB ត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ADB នឹងបន្តរួមដំណើរជាមួយវៀតណាម ចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការពិគ្រោះយោបល់គោលនយោបាយ; គាំទ្រវៀតណាមក្នុងការជំរុញកំណើនប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច; គាំទ្រសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ដោយយល់ព្រមនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងវាយតំលៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជននៅវៀតណាម លោកប្រធាន Masatsugu Asakawa បានឲ្យដឹងថា ADB កំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសនានាក្នុងការខ្ចីដើមទុនក្នុងអត្រាការប្រាក់ទាប រួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមនឹងបន្តកែសម្រួល និងសុក្រិតគោលនយោបាយ សម្រាប់សម្រួលដល់កម្ចីទុនអភិវឌ្ឍន៍ដល់វិស័យឯកជន ដូចដែលបានស្នើឡើងដោយលោកប្រធាន ADB។
* នាថ្ងៃទី៦ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានជំនួបជាមួយលោក Wang Ninh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Yunnan។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស និងរដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរព យកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋានវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានចិន រួមទាំងខេត្ត Yunnan ផងដែរ។ លោកបានសង្កត់ធ្ងន់ថា វៀតណាម និងខេត្ត Yunnan មានសក្តានុពល គុណសម្បត្តិ និងលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ មានគុណសម្បត្តិបំពេញបន្ថែមគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថាខេត្ត Yunnan នាំមុខគេក្នុងការអនុវត្តទស្សនៈរួមកម្រិតខ្ពស់ និងសេចក្តីថ្លែងការណ៍រួម ព្រមទាំងពង្រឹងការផ្លាស់ប្តូរជាមួយមូលដ្ឋានវៀតណាម; ខិតខំបង្កើនទំហំពាណិជ្ជកម្ម វៀតណាម-Yunnan ឱ្យដល់ ៥ ពាន់លានដុល្លារអាមេរិក ធ្វើឱ្យខេត្តទាំងពីរ Yunnan និង Lao Cai ក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្មរវាងចិន និងអាស៊ាន; ជំរុញការអនុវត្តសាកល្បងទម្រង់ច្រកទ្វារព្រំដែនឆ្លាតវៃ; ពង្រឹងការសម្របសម្រួលក្នុងការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែនស្របតាមឯកសារចំនួន៣ ស្តីពីព្រំដែនគោក និងកិច្ចព្រមព្រៀងពាក់ព័ន្ធ។
ដោយយល់ព្រមនឹងមតិសំខាន់ៗរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោក Wang Ninh បានអះអាងថា ខេត្ត Yunnan យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម; ត្រៀមខ្លួនជាស្រេចលើកកម្ពស់តួនាទីនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទាញយកផលប្រយោជន៍ឱ្យបានល្អនូវគម្រោងផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរ និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ផ្លូវថ្នល់។ លោក Wang Ninh មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលខេត្ត Yunnan មានប្រៀបខ្លាំង ដូចជាថាមពលបៃតង កសិកម្ម ទេសចរណ៍... រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-វៀតណាម។
* នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានជំនួបជាមួយលោក Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី (Guangxi Zhuang) ប្រទេសចិន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍដ៏សំខាន់ៗ ក្នុងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពរវាងវៀតណាម និងខេត្តក្វាងស៊ីក្នុងរយៈពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ភាគីទាំងពីរនឹងបន្តផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងអនុវត្តទស្សនៈរួមកម្រិតខ្ពស់; សម្របសម្រួលរៀបចំសកម្មភាពក្នុងឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិនឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសហប្រតិបត្តិការអនុវត្តខ្សែរថភ្លើងខ្នាតស្តង់ដារតភ្ជាប់ខេត្តក្វាងស៊ី ជាមួយវៀតណាម និងអនុវត្តឲ្យបានល្អនូវទម្រង់ទ្វារចក្រព្រំដែនឆ្លាតវៃ។ លោកនាយករដ្ឋមន្ត្រី ស្នើឱ្យខេត្តក្វាងស៊ីបន្តសម្រួលដល់ការនាំចូលទំនិញ ជាពិសេសកសិផលវៀតណាមចូលមកខេត្តក្វាងស៊ី ព្រមទាំងស្វាគមន៍អង្គភាពអាជីវកម្មក្វាងស៊ី ពង្រីកការវិនិយោគនៅវៀតណាម; ស្នើឱ្យអនុវត្តការស្រាវជ្រាវឱ្យបានឆាប់ ដើម្បីកសាងទម្រង់សាកល្បងនៃមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល អគ្គិសនី និងថាមពលស្អាត; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងព្រំដែន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការគ្រប់គ្រងអន្តោប្រវេសន៍ និងការទប់ស្កាត់ និងត្រួតពិនិត្យឧក្រិដ្ឋកម្មឆ្លងដែន។ល។
ដោយឯកភាពជាមួយមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោក Lan Tianli បានអះអាងនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពង្រីក និងជំរុញការផ្លាស់ប្តូរមិត្តភាពជាមួយមូលដ្ឋានវៀតណាមឲ្យកាន់ស៊ីជម្រៅថែមទៀត ជំរុញការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកឱ្យរឹងមាំ; ពន្លឿនការសាកល្បងច្រកទ្វារព្រំដែនឆ្លាតវៃ និងវិធានការនានា ដើម្បីសម្រួលដល់ការបោសសម្អាតគយ; លើកកំពស់គុណសម្បត្តិពិសេសរបស់ភាគីទាំងពីរ ដើម្បីតភ្ជាប់កាន់តែស៊ីជម្រៅជាមួយចិនដីគោក តាមរយៈខេត្តក្វាងស៊ី ទៅកាន់ប្រទេសទីបី ក៏ដូចជាតាមរយៈវៀតណាម ដើម្បីតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន។ លោក Lan Tianli សង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកទំហំបន្ថែមទៀត លើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ បង្កើនប្រសិទ្ធភាពនៃការបោសសំអាតគយជាមួយនឹងទម្រង់ច្រកទ្វារព្រំដែនឆ្លាតវៃ អនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ការទិញ និងលក់អគ្គិសនី ពង្រឹងការគ្រប់គ្រងព្រំដែន កិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងចិន-វៀតណាមឲ្យកាន់តែស៊ីជម្រៅថែមទៀត នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់មូលដ្ឋាន និងប្រជាជនទាំងសងខាង។
* នាថ្ងៃទី ៦ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយសាជីវកម្មឈានមុខគេមួយចំនួនរបស់ចិនក្នុងវិស័យអាកាសចរណ៍ សេវាកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល៕
បកប្រែដោយ Huyen Trang