អ្នកយកព័ត៌មាន៖ សូម​លោកស្រី​ឲ្យ​ដឹង​ថា តើដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមមានអត្ថន័យដូចម្តេច?

លោកស្រី Le Thu Ha៖ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជារបស់លោក Tran Thanh Man ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ៗជាច្រើន បញ្ជាក់ពីគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ដែលផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាព” ជាមួយកម្ពុជា បង្ហាញពីការជឿទុកចិត្ត និងភាពស្អិតល្មួតរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលរួមចំណែកដល់ការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាមជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាក៏ដូចជាកិច្ចប្រជុំជាន់ខ្ពស់ប្រមុខគណបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ និងជម្រុញលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក To Lam ទៅកាន់កម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ ក្នុងឋានៈជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀត​ណាម។

leftcenterrightdel
លោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា 

ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងបន្តជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដាក់ចេញទិសដៅ និងវិធានការសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរនាពេលខាងមុខ រួមចំណែកពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ បង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងគណៈកម្មាធិការ និងក្រុមសមាជិកសភាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលសកម្មភាពនៅវេទិកាអន្តរសភាអន្តរជាតិ និងតំបន់។

អ្នកយកព័ត៌មាន៖ តើលោកស្រីអាចចែករំលែកអំពីខ្លឹមសារសំខាន់ៗ និងគួរឱ្យកត់សម្គាល់នៃសន្និសីទ ICAPP 12 និង IPTP 11 ?

លោកស្រី Le Thu Ha៖ ICAPP គឺជាវេទិកាអន្តរជាតិដ៏ធំបំផុតរបស់គណបក្សនយោបាយនៅអាស៊ី ហើយក៏ជាវេទិកាគណបក្សនយោបាយពហុភាគីធំជាងគេបំផុតក្នុងពិភពលោក ដែលបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០០០ នៅប្រទេសហ្វីលីពីន។ គោលដៅរបស់ ICAPP គឺជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនៅអាស៊ី និងអូសេអានី បង្កើនការយល់ដឹង និងការជឿទុកចិត្តរវាងបណ្តាប្រជាជាតិ និងប្រទេស។ លើកកម្ពស់សន្តិភាព និងវិបុលភាព តាមរយៈតួនាទីពិសេសនៃទំនាក់ទំនងរវាងគណបក្សនានា។ បច្ចុប្បន្ននេះ ICAPP មានគណបក្សនយោបាយជាង ៣៥០ មកពី ៥២ ប្រទេស និងដែនដីចំនួន ១ ដែលមានសិទ្ធិចូលរួមក្នុងរាល់សកម្មភាពរបស់ ICAPP ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ICAPP បានបន្តពង្រឹងជំហរ និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ខណៈពេលដែលបញ្ជាក់ពីតួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ី និងដៃគូក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។ បក្សកុម្មុយនិស្តវៀតណាមបានចូលរួមយ៉ាងសកម្ម និងជាសមាជិកដ៏សំខាន់នៃ ICAPP; តែងតែជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ដែលមានសំឡេង និងឥទ្ធិពលក្នុងការសម្រេចចិត្តរបស់អង្គការ។

សន្និសីទ ICAPP លើកទី ១២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ក្រោមប្រធានបទ "ស្វែងរកសន្តិភាព និងការផ្សះផ្សា"។ សន្និសីទនេះត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញ ស្តីពីការស្វែងរកសន្តិភាព និងការផ្សះផ្សា តាមរយៈកម្លាំងរួម និងកិច្ចសហប្រតិបត្តិការរបស់គណបក្សនយោបាយក្នុង និងក្រៅតំបន់អាស៊ី។

IPTP គឺជាយន្តការមួយនៅក្នុងក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)។ បច្ចុប្បន្នកម្ពុជាកាន់តួនាទីជាប្រធាន IPTP សម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៤ និងជាកន្លែងដាក់ទីស្នាក់ការកណ្តាលរបស់ GCTP ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម័យប្រជុំ IPTP លើកទី ១១ ត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញស្តីពីការគាំទ្រធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដីក្នុងការស្វែងរកសន្តិភាព ភាពអត់ឱន និងការផ្សះផ្សា” និងពិធីរំលឹកធម្មនុញ្ញសន្តិភាពពិភពលោក។

អ្នកយកព័ត៌មាន៖ តើគណៈប្រតិភូវៀតណាមបានត្រៀមលក្ខណៈបែបណា ហើយមាន​ការរួមចំណែកជាក់លាក់អ្វីខ្លះចំពោះខ្លឹមសារនៃបណ្តាព្រឹត្តិការណ៍ពោលខាងលើ?

លោកស្រី Le Thu Ha៖ ការចូលរួមរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម តំណាងឱ្យបក្សកុម្មុយនិស្តវៀតណាមក្នុងសន្និសីទ ICAPP លើកទី១២ មានគោលបំណងជំរុញការរួម​វិភាគទានយ៉ាងសកម្មរបស់បក្សកុម្មុយនិស្តវៀតណាមនៅក្នុង ICAPP និងលើកកម្ពស់ទំនាក់ទំនងជាមួយគណបក្សនយោបាយអាស៊ី រួមចំណែកដល់បញ្ហារួមក្នុងតំបន់។ ពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា បង្ហាញការគោរពចំពោះថ្នាក់ដឹកនាំគណបក្ស និងរដ្ឋកម្ពុជា។

តាមការគ្រោងទុកជាមុន លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម នឹងថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យបើកសន្និសីទ ICAPP លើកទី១២ ដោយវាយតំលៃខ្ពស់ចំពោះគោលជំហរ និងតួនាទីរបស់ ICAPP ក្នុងការលើកកំពស់សាមគ្គីភាពអន្តរជាតិ ជំរុញការដោះស្រាយវិវាទអន្តរជាតិ និងជម្លោះតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពិពិធកម្ម ពហុភាគីរបស់វៀតណាម ត្រៀមខ្លួនជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ហើយបានបញ្ជាក់ការគាំទ្ររបស់វៀតណាមចំពោះគោលដៅរបស់ ICAPP សន្យាចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅរួមរបស់ ICAPP ។ លោក Tran Thanh Man នឹងលើកឡើងគោលនយោបាយ និងទិសដៅមួយចំនួនដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សា ស្របតាមប្រធានបទនៃសន្និសីទ។ បន្ថែមលើនេះ   គណៈប្រតិភូវៀតណាមក៏នឹងចូលរួមយ៉ាងពេញលេញនូវសម័យពិភាក្សានានាក្នុងកម្មវិធីសន្និសីទ ICAPP 12 និងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ និងសភានៃបណ្តាប្រទេសដែលចូលរួមសន្និសីទផងដែរ។

ទន្ទឹមនឹងនោះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក៏នឹងចូលរួមកិច្ចប្រជុំ IPTP 11 ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីបង្ហាញការគាំទ្រ និងសុច្ឆន្ទៈចំពោះប្រទេសម្ចាស់ផ្ទះកម្ពុជា ជាពិសេសក្នុងអាណត្តិរបស់កម្ពុជាជាប្រធាន IPTP ។ អាស្រ័យហេតុនេះ រួមចំណែកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម។

ដើម្បីរៀបចំសម្រាប់ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូវៀតណាមក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួនពីរដែលពោលខាងលើ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈទាក់ទងបរទេសមជ្ឈិមបក្ស ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ព្រមទាំងពិគ្រោះជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងពេលរៀបចំខ្លឹមសារ និងឯកសារសន្និសីទ។

អ្នកយកព័ត៌មាន៖ សូមអរគុណ

បកប្រែដោយ Duy Hoan