កិច្ចប្រជុំនេះបានចាប់ផ្ដើមដោយពិធីបំផុសសហភាពសកលប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងសម័យប្រជុំពិភាក្សាស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ នៅសម័យប្រជុំពិភាក្សានេះ លោកប្រធានាធិបតីប្រេស៊ីល Lula da Silva បានអះអាងថា “ការកាត់បន្ថយភាពក្រីក្រមិនត្រឹមតែធានាបាននូវយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលក្ខខណ្ឌស្នូលសម្រាប់កសាងសង្គមមួយប្រកបដោយវិបុលភាព និងពិភពលោកប្រកបដោយសន្តិភាព” ព្រមទាំងប្រកាសបញ្ជីឈ្មោះប្រទេសស្ថាបនិកសហភាព រួមទាំងវៀតណាមផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងក្នុងសម័យប្រជុំពិភាក្សា “ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ” (រូបថត៖ vnanet.vn)

នៅឯសម័យប្រជុំពិភាក្សា ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់នៃការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍបរិយាបន្ន ហើយទន្ទឹមនឹងនោះ ពិភាក្សានិងជំរុញដំណោះស្រាយ ដើម្បីបង្កើនការឧបត្ថម្ភហិរញ្ញវត្ថុសម្រាប់ប្រទេសដែលមានចំណូលទាបដើម្បីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ ទាញយកអត្ថប្រយោជន៍កាន់តែប្រសើរឡើងពីឱកាសអភិវឌ្ឍន៍ឌីជីថល បៃតង និងឆ្លាតវៃ។

ថ្លែងក្នុងសម័យប្រជុំពិភាក្សា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអំពាវនាវឱ្យបណ្ដាប្រទេសមានការប្តេជ្ញាចិត្តខាងនយោបាយកាន់តែខ្ពស់ជាង និងប្ដេជ្ញាចិត្ដថែមទៀតសម្រាប់កម្មវិធី និងគម្រោងជាក់ស្តែង និងមានប្រសិទ្ធភាពជាង ព្រោះការកាត់បន្ថយភាពក្រីក្រមិនត្រឹមតែមានសារៈសំខាន់មនុស្សធម៌ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយដែលប៉ះពាល់ដោយផ្ទាល់ទៅលើការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅទូទាំងពិភពលោក។

ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រី លើកឡើងការធានាចំនួន ៣ សម្រាប់យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក។ ទីមួយ ការធានានូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍គឺជាលក្ខណ្ឌចាំបាច់សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន។ យោងតាមលោកនាយករដ្ឋមន្ត្រី ក្រុមប្រទេស G20 ចាំបាច់ត្រូវលើកកំពស់តួនាទីនាំមុខក្នុងការធានាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ដោយមិនប្រកាន់យកនយោបាយនីយកម្មផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ហាអភិវឌ្ឍន៍ ជាពិសេសពាណិជ្ជកម្ម កសិកម្ម និងសន្តិសុខស្បៀង។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំពិភាក្សា (រូបថត៖ vnanet.vn)

ទីពីរគឺត្រូវធានាថា ប្រព័ន្ធកសិកម្ម និងស្បៀងពិភពលោកមានប្រសិទ្ធភាព ស្ថិរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុដែលជាមូលដ្ឋានគ្រឹះរយៈពេលវែង។ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ G20 បង្កើនការផ្ទេរបច្ចេកវិទ្យា ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុអនុគ្រោះ និងអភិបាលកិច្ចឆ្លាតវៃសម្រាប់ប្រទេសអភិវឌ្ឍន៍យឺតនិងកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរកសិកម្មប្រកបដោយនិរន្តរភាព និងធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រទេសដែលមានចំណូលទាប។

ទី៣ គឺធានាការវិនិយោគលើមនុស្ស ប្រកាន់យកការអប់រំនិងបណ្តុះបណ្តាល និងសន្តិសុខសង្គមជាកិច្ចការសំខាន់ក្នុងការកសាងសង្គមប្រកបដោយសុខដុមរមនា បរិយាប័ន្ន និងនិរន្តរភាព។ ប្រកាន់យកមនុស្សជាមជ្ឈភាព ប្រធានបទ គោលដៅ លើកទឹកចិត្ត និងធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព; ផ្តល់អាទិភាពដល់ធនធាន កសាងគោលនយោបាយជាក់ស្តែង និងប្រសិទ្ធភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ "មិនទុកនរណាម្នាក់ចោល" ។

នៅចុងបញ្ចប់  លោកនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមលើកកម្ពស់ពហុភាគីនិយម សាមគ្គីភាពអន្តរជាតិយ៉ាងជិតស្និទ្ធ រួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងពិភពលោកមួយគ្មានភាពក្រីក្ររយៈពេលវែង។ វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងសម្របសម្រួលជាមួយបណ្ដាប្រទេស អនុវត្តកម្មវិធីភាគខាងត្បូង - ខាងត្បូង និងត្រីភាគីស្ដីពីការធានាសន្តិសុខស្បៀង និងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសកល។

* នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំពិភាក្សាស្ដីពីការ “កែទម្រង់អភិបាលកិច្ចជាសកល”។

កិច្ចប្រជុំកំពូល G20 ២០២៤ នឹងបន្តប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ជាមួយនឹងសម័យប្រជុំស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការបំប្លែងថាមពល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងសម័យប្រជុំនេះ៕

បកប្រែដោយ Thanh Cong