អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រី ឲ្យដឹងអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងចូលរួមសកម្មភាពទ្វេភាគីនៅប្រទេសស្វីស?
លោកស្រី Nguyen Minh Hang៖ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងចូលរួមសកម្មភាពទ្វេភាគីនៅប្រទេសស្វីស ទទួលបានលទ្ធផលលេចធ្លោ នាំឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម ប៉ូឡូញ ឆែក និងស្វីសឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
ទី ១ លើកកម្ពស់ទំនាក់ទំនង និងពង្រឹងទំនុកចិត្តខាងនយោបាយ។ វៀតណាម និងប៉ូឡូញ បានចេញសេចក្តីថ្លែងការណ៍រួម សំដៅលើកកំពស់ទំនាក់ទំនងក្លាយជាភាពជាដៃគូយុទ្ធសាស្ដ្រ រួមជាមួយឆែកបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងចេញសេចក្តីថ្លែងការណ៍ស្តីពីការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយស្វីស។ ទាំងនេះគឺជារបកគំហើញ ធ្វើឲ្យទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបីកាន់តែស៊ីជម្រៅថែមទៀត។
ប្រទេសនានាបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដើម្បីបង្កើនការយោគយល់គ្នា និងធ្វើជាមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត។ ថ្នាក់ដឹកនាំប៉ូឡូញ ឆែក និងស្វីសបានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពអន្តរជាតិកាន់តែកើនឡើងរបស់វៀតណាម។ ឆែក និងប៉ូឡូញចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់បំផុតនៅអាស៊ី ហើយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេស និងប្រជាជនវៀតណាម។
|
|
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
ទី២ បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ-បណ្តុះបណ្តាល ការពារជាតិ សន្តិសុខ វប្បធម៌ ទេសចរណ៍ ពលកម្ម... ស្របតាមក្របខណ្ឌភាពជាដៃគូថ្មី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលភាគីនានាមានសក្ដានុពល និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ ដូចជាការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង បច្ចេកវិទ្យាព័ត៌មាន និងការផ្សព្វផ្សាយ សន្តិសុខតាមអ៊ីនធឺណិត ឱសថ ឧស្សាហកម្មរថយន្ត យានជំនិះគ្មានមនុស្សបើក (UAVs) ការតភ្ជាប់អាកាសចរណ៍ និងផ្លូវដែក...
ចំណុចលេចធ្លោមួយនៃដំណើរទស្សនកិច្ចនេះគឺការព្រមព្រៀងរបស់ភាគីនានា ក្នុងការខិតខំធ្វើឱ្យទំហំពាណិជ្ជកម្មឆាប់ឈានដល់កម្រិតខ្ពស់។ វៀតណាម ប៉ូឡូញ និងឆែក បានឯកភាពបើកទីផ្សារបន្ថែមទៀតសម្រាប់មុខទំនិញកសិកម្ម ជលផល និងអាហាររបស់គ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ ព្រមទាំងភាគីនានាឯកភាពផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗនេះ និងពន្លឿនការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ វៀតណាមនិងប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនប្រាំបីស្តីពីការទូត ការងារ អាកាសចរណ៍ អប់រំ កីឡា និងវប្បធម៌។ ទន្ទឹមនឹងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន វៀតណាមបានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសប៉ូឡូញ ឆែក និងស្វីស។
ទី៣ ចែករំលែកទស្សនៈ និងឯកភាពពង្រឹងការសម្របសម្រួលនៅវេទិកាតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន; យល់ព្រមពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាពហុភាគី ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក។ ព្រមទាំងលោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃប្រទេសទាំងបីឯកភាពក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
ទី៤៖ អះអាងពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋាភិបាលចំពោះសហគមន៍ជនវៀតណាមនៅក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូមានមោទនភាពយ៉ាងក្រៃលែងចំពោះការរីកចម្រើន សាមគ្គីភាព និងឆ្ពោះទៅមាតុភូមិរបស់សហគមន៍ជនវៀតណាមនៅឯបរទេសនិយាយរួម និងសហគមន៍ជនវៀតណាមនៅបណ្ដាប្រទេសដែលមកទស្សនកិច្ចនិយាយដោយឡែក។ នៅកិច្ចពិភាក្សាទាំងនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមធ្វើសមាហរណកម្ម អភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងភាសាវៀតណាម។ ថ្នាក់ដឹកនាំនៃប្រទេសនានាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅប្រទេសសាមី ហើយអះអាងថានឹងបន្តយកចិត្តទុកដាក់ និងគាំទ្រសហគមន៍ជនវៀតណាមក្នុងប្រទេសសាមី។
អាចនិយាយបានថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងចូលរួមសកម្មភាពទ្វេភាគីនៅប្រទេសស្វីសទទួលបានជោគជ័យលើគ្រប់វិស័យ ជួយលើកកម្ពស់ទំនាក់ទំនង និងកិត្យានុភាពរបស់ប្រទេស និងបង្កើតកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយជាមួយប្រទេសទាំង ៣ និយាយដោយឡែក និងតំបន់អឺរ៉ុបខាងលិច និងភាគកណ្តាលនិយាយរួម។
អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រីលើកឡើងអំពីលទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមសិន្និសីទលើកទី៥៥ នៃវេទិកា WEF របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសាររបស់វៀតណាមក្នុងសន្និសីទនេះ?
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម៖ ក្នុងរយៈពេលជាង ៣០ ម៉ោងនៅទីក្រុង Davos ប្រទេសស្វីស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពពហុភាគី និងទ្វេភាគីជាច្រើន។ ដំណើរទស្សនកិច្ចទទួលបានជោគជ័យលើទិដ្ឋភាពជាច្រើន។
ទីមួយ ផលប្រយោជន៍ពីវេទិកា គឺការប្រមូលផ្ដុំសាជីវកម្មដ៏ធំៗ និងមានឥទ្ធិពលជាសាកល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានជាច្រើនបានថ្លែងសុន្ទរកថា និងជួបសន្ទនាជាមួយគណៈប្រតិភូសាជីវកម្មនាំមុខជាច្រើនក្នុងកិច្ចសន្ទនាចំនួន ៥ ក្នុងវិស័យសំខាន់ៗជាច្រើន និងទិសដៅអភិវឌ្ឍន៍របស់វៀតណាមចាប់ពីបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិមិត្ត (AI) ដល់ឱសថ ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ថាមពលបៃតង និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ សហគមន៍អាជីវកម្មវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគ្រប់គ្រងសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ សហគមន៍សាជីវកម្មអះអាងការគាំទ្រ និងការប្តេជ្ញាចិត្តពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យអាទិភាពរបស់វៀតណាម ព្រមទាំងមានបំណងចង់រួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្រ។
ទីពីរ សុន្ទរកថា និងកិច្ចពិភាក្សារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបន្សល់ទុកមកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសេចក្តីប្រាថ្នា ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍ ជាមួយ “ការត្រៀមខ្លួនចំនួន ៣” ដើម្បីឈានចូលយុគសម័យឆ្លាតវៃ។ នោះគឺជាការត្រៀមខ្លួនក្នុងការកែសម្រួលច្បាប់ ដែលបង្កើតក្របខណ្ឌគតិយុត្តិអំណោយផលសម្រាប់សហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការចាប់ផ្តើមអាជីវកម្ម និងនវានុវត្ដន៍។ ត្រៀមខ្លួនជាស្រេចនូវធនធាន ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យនវានុវត្ដន៍ និងការធ្វើបរិវត្ដកម្មឌីជីថល។ ត្រៀមខ្លួននូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបម្រើដល់ការធ្វើបរិវត្ដកម្មឌីជីថល ដូចជាគមនាគមន៍ ថាមពល និងទឹកស្អាត ព័ត៌មាន និងមូលដ្ឋានទិន្នន័យជាតិ។
ទី៣ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បន្តអះអាងនូវកិត្យានុភាពរបស់វៀតណាម។ ក្នុងវេទិកាលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាចំនួន ៤ ក្នុងនោះមាន ៣ សម័យប្រជុំដែលបាន WEF រៀបចំដោយឡែកសម្រាប់វៀតណាម។ សម័យប្រជុំពិភាក្សាពិសេសជាមួយ WEF ក្រោមប្រធានបទ “ទម្លាយឆ្ពោះទៅអនាគត៖ ចក្ខុវិស័យរបស់វៀតណាមលើនវានុវត្ដន៍ និងតួនាទីជាសាកល” សម្រាប់លោកនាយករដ្ឋមន្ត្រីដើម្បីចែករំលែកនូវសេចក្តីប្រាថ្នា ចក្ខុវិស័យ មេរៀន និងទិសដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់វៀតណាម ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងយុគសម័យឆ្លាតវៃ។
សម័យប្រជុំពិភាក្សាអំពីយុទ្ធសាស្ត្រជាតិ និងសម័យប្រជុំពិភាក្សាពហុភាគីរវាងវៀតណាម និងដៃគូអន្តរជាតិត្រូវបាន WEF រៀបចំដោយឡែកសម្រាប់វៀតណាមឆ្ពោះទៅកាន់កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍លើកទី១៦ (UNCTAD) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៥ ត្រូវបានប្រតិភូទាំងនេះវាយតម្លៃខ្ពស់។
ជាចុងក្រោយ វៀតណាមបានឆ្លៀតយកប្រយោជន៍ពីដំណើរទស្សនកិច្ច ដើម្បីជំរុញទំនាក់ទំនងជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមាជិកគណៈប្រតិភូបានមានជំនួបរាប់សិបជាមួយថ្នាក់ដឹកនាំដៃគូ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសផ្សេងៗ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិលើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម សុខាភិបាល កម្មសិទ្ធិបញ្ញា កសិកម្ម ថាមពលកកើតឡើងវិញ…
ការចូលរួមរាល់សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅ Davos បានផ្ញើសារសំខាន់ៗទៅកាន់សហគមន៍អន្តរជាតិ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិ តួនាទីនៃពហុភាគីនិយមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងការផ្លាស់ប្តូរដើម្បីស្របទៅនឹងយុគសម័យឆ្លាតវៃ។ សារអំពីមនុស្សជាតិបញ្ជាក់ថា យុគសម័យឆ្លាតវៃ ជាយុគសម័យនៃការអភិវឌ្ឍដើម្បីមនុស្ស បម្រើមនុស្ស ប្រកាន់យកមនុស្សជាស្នូល និងជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការដើម្បីមនុស្សក្នុងយុគសម័យថ្មី; សារអំពីទំនួលខុសត្រូវរបស់ប្រទេស និងអាជីវកម្មនៅក្នុងប្រព័ន្ធអេកូឡូស៊ីសកលលោក។
សារខាងលើនឹងបន្តត្រូវបានបញ្ជូនក្នុងសកម្មភាពកិច្ចការបរទេស ក្នុងឆ្នាំ ២០២៥ រួមទាំងការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលភាពជាដៃគូកំណើនបៃតង និងគោលដៅសកលលោក (P4G) លើកទី ៤ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី UNCTAD លើកទី ១៦ បានបង្ហាញរូបភាពវៀតណាមជាដៃគូរគួរឲ្យទុកចិត្ដ ស្វាហាប់ ច្នៃប្រឌិត មានទំនួលខុសត្រូវនិងពោរពេញទៅដោយសក្ដានុពល ហើយជាប្រទេសដែលត្រៀមខ្លួនឆ្ពោះទៅរកយុគសម័យឈានទៅមុខរបស់ប្រទេសជាតិ និងយុគសម័យឆ្លាតវៃរបស់មនុស្សជាតិ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!
បកប្រែដោយ Pham Diep