អបអរសាទរចំពោះលោក Marco Rubio ទើបបានតែងតាំងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក  លោក Bui Thanh Son បានអះអាងថា អាមេរិកគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសំខាន់ចម្បងរបស់វៀតណាម។   លោក Bui Thanh Son សង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​វៀត​ណាម - សហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកធានាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក

លោក Marco Rubio បានអះអាងថា ទំនាក់ទំនងសហរដ្ឋអាមេរិក-វៀតណាម គឺជាគំរូលេចធ្លោក្នុងទំនាក់ទំនងអន្តរជាតិ និងចែក​រំលែកផលប្រយោជន៍រួម ហើយជាកត្តាជាមូលដ្ឋានដើម្បីទំនាក់ទំនងបន្តអភិវឌ្ឍន៍នាពេលខាងមុខ។

លោក Bui Thanh Son និងលោក Marco Rubio បានឯកភាពគ្នាក្នុងការសម្របសម្រួលជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសក្នុងឆ្នាំរំលឹកខួបលើកទី ៣០ នៃការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ព្រមទាំងពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការដើម្បីជំនះពុះពារលើផលវិបាកនៃសង្គ្រាម រក្សាការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ-សន្តិសុខ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក ទំនាក់ទំនងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងតួនាទីមជ្ឈភាពរបស់អាស៊ាន។ ពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត ទន្ទឹមនឹងនោះជំរុញការសន្ទនា និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Pham Diep