អំណោយជាង ៨ លានកញ្ចប់ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងឱកាសបុណ្យតេតប្រពៃណី
យោងតាមព័ត៌មានរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ២០២៥ រណសិរ្សមាតុភូមិវៀតណាម ចាប់ពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋានបានធ្វើការចលនាយ៉ាងសកម្ម ដោយមានការជួយឧបត្ថម្ភពីថវិការដ្ឋ ដើម្បីជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលើខ្សែបន្ទាត់ក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាក ពិសេស ដោយមានអំណោយសរុបជិត ៧.៩ លានកញ្ចប់ ក្នុងតម្លៃជាង ៤,៧៤២ ពាន់លានដុង (ជិត ១៩០ លានដុល្លារអាមេរិក)។
កប.អនឡាញ - អង្គការនយោបាយសង្គម និងសមូហភាពជាច្រើនទៀតក៏មានសកម្មភាពផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភជនក្រីក្រក្នុងឱកាសបុណ្យតេតផងដែរ។ ក្នុងនោះ សមាគមកាកបាទក្រហមវៀតណាម បានរៀបចំចលនា “បុណ្យតេតសប្បុរសធម៌” ឆ្នាំ ២០២៥។ រហូតមកដល់ពេលនេះ ខេត្ត ក្រុងចំនួន ៥៤ បានកៀរគរការឧបត្ថម្ភអំណោយជាង ៥៦ ម៉ឺន កញ្ចប់ ដោយមានតម្លៃ ២៨២.៣ ពាន់លានដុង (ប្រហែល ១១ លានដុល្លារអាមេរិក)។
សមាគមកសិករវៀតណាមគ្រប់លំដាប់ថ្នាក់បានអំពាវនាវចលនាយ៉ាងសកម្មឲ្យមានការរ៉ៃអង្គាស ឧបត្ថម្ភថវិកា និងអំណោយពីអង្គភាពអាជីវកម្ម អង្គការ បុគ្គល និងសប្បុរសជននានា ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព ការជួយទំនុកបម្រុងគ្នាទៅវិញទៅមកនៅក្នុងសហគមន៍។ សមាគមគ្រប់លំដាប់ថ្នាក់បានកៀរគរអំណោយជាង ១៩ ម៉ឺនកញ្ចប់ រួមទាំងអំណោយជាសាច់ប្រាក់ និងអំណោយជាសម្ភារៈ ដូចជា ស្បៀងអាហារ របស់របរចាំបាច់ក្នុងបុណ្យតេត ដែលមានតម្លៃសរុប ៧៦.៧ ពាន់លាន ដុង (៣.១ លានដុល្លារអាមេរិក) ដើម្បីប្រគល់ជូនគ្រួសារកសិករក្រីក្រ និងគ្រួសារដែល មានស្ថានភាពលំបាក៕
បកប្រែដោយ Thanh Cong