|
|
ប្រមូលផលបង្កងក្នុងស្រុក Ngoc Hien ខេត្ត Ca Mau |
នៅក្នុងនិន្នាការទូទៅនោះ ផ្នែកកសិកម្មក៏កំពុងលើកកម្ពស់ការអនុវត្តស្តង់ដារ ESG (បរិស្ថាន សង្គម អភិបាលកិច្ច) និងការវិនិយោគលើបច្ចេកវិទ្យាបៃតង ដោយហេតុនេះបានធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង និងការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។
បច្ចុប្បន្ន ផលិតផលកសិកម្មរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ដែនដីជិត ២០០។ វៀតណាមក៏បានចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ដែលបង្កើតគុណសម្បត្តិពន្ធគយសម្រាប់ផលិតផលជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដៃគូនាំចូលក៏កំពុងទាមទារកាន់តែខ្លាំងឡើងនូវការផលិតពណ៌បៃតង និងកាត់បន្ថយការបំភាយឧស្ម័ន។
រីករាលដាល "រលកបៃតង"
គ្រួសាររបស់លោកស្រី Tran Kim Phuong នៅភូមិ D2 ឃុំ Thanh Loi ស្រុក Vinh Thanh ទីក្រុង Can Tho គឺជាគ្រួសារកសិករមួយក្នុងចំណោម ៣៨ គ្រួសារដែលត្រូវបានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃទីក្រុង Can Tho និងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករជាតិប្រគល់រង្វាន់ដោយមានស្នាដៃល្អក្នុងការដាំដុះស្រូវដែលកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងរដូវរងា-រដូវផ្ការរីក ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤។
អ្នកស្រី Phuong បានចែករំលែកថា៖ «តាមរយៈការប្តូរវាលស្រែ ពីលិចទឹក មកអនុវត្តបច្ចេកទេសស្រោចទឹកទាំងលិចទឹក និងស្ងួត កាត់បន្ថយបរិមាណជី បានជួយឱ្យផលិតកម្មស្រូវរបស់គ្រួសារខ្ញុំកាត់បន្ថយ CO2e 4.38 តោន/ហិកតា។ ដំណើរការផលិតថ្មីនេះមានការចាប់អារម្មណ៍ និងចង់អនុវត្ត ពីប្រជាជនជាច្រើនក្នុងឃុំ»។
នាយកសហករណ៍ Khiet Tam (ឃុំ Thanh Loi ស្រុក Vinh Thanh ទីក្រុង Can Tho) លោក Nguyen Ngoc Huan មានប្រសាសន៍ថា នេះគឺជាលទ្ធផលដំបូងនៃគំរូសាកល្បងតាមដំណើរការបច្ចេកទេសផលិតកម្មស្រូវគុណភាពខ្ពស់ ការបំភាយឧស្ម័នទាប។ តាមវិធីសាស្រ្តផលិតកម្មបែបប្រពៃណី កសិករបានអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយកសិកម្មថ្មី។ ក្នុងពេលជាមួយគ្នានេះ វាបង្ហាញពីការផ្លាស់ប្តូរការយល់ដឹងរបស់គ្រួសារកសិករអំពីការការពារបរិស្ថានជាមួយនឹងខ្លឹមសារថ្មីៗជាច្រើនដូចជា ការកាត់បន្ថយការបំភាយ ឥណទានកាបូន ទីផ្សារកាបូន... ណែនាំកសិករឱ្យឆ្ពោះទៅរកនិន្នាការផលិតកម្មកសិកម្មបៃតងសកល។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នាពេលថ្មីៗនេះ គំរូសាកល្បងនៃផលិតកម្មស្រូវដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាប ត្រូវបានអនុវត្តនៅក្នុងខេត្ត-ក្រុងចំនួនប្រាំគឺ Can Tho, Dong Thap, Kien Giang, Tra Vinh, Soc Trang សុទ្ធតែបានបង្ហាញលទ្ធផលវិជ្ជមានយ៉ាងខ្លាំង ដោយកាត់បន្ថយការចំណាយពី ២០-៣០% បង្កើនផលិតភាព ១០% បង្កើនប្រាក់ចំណូលរបស់កសិករ ២០-២៥% កាត់បន្ថយជាមធ្យម ៥-៦ តោននៃ CO2 ស្មើនឹង ១ ហិកតា។
ចែករំលែកអំពីនិន្នាការផលិតកម្ម និងកែច្នៃ ដែលឆ្ពោះទៅរកកំណើនបៃតង លោកស្រី Phan Thi Bich Phuong - ប្រធាននាយកដ្ឋានប្រព័ន្ធគុណភាព ក្រុមហ៊ុន Ben Tre Import-Export Joint Stock Company (Betrimex) បានឲ្យដឹងថា៖ ដោយបានបញ្ជាក់ម៉ាកយីហោ ជា "ក្រុមហ៊ុនដូងឈានមុខគេពីប្រទេសវៀតណាម"។ អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្រ្តប្រកបដោយនិរន្តរភាព "Zero-Waste" (កាកសំណល់សូន្យ) ដោយផ្តោតលើសសរស្តម្ភចំនួនបី រួមមានៈ បរិស្ថាន សង្គម និងសេដ្ឋកិច្ច។ សសរស្តម្ភនីមួយៗបានខិតខំដោយឥតឈប់ឈរដើម្បីបំពេញបេសកកម្មលើកកំពស់តម្លៃដើមដូង និងសម្រេចបាននូវគោលដៅផលិតកម្មគ្មានការបំភាយឧស្ម័ន។ គម្រោងគ្មានការបំភាយឧស្ម័នរបស់ក្រុមហ៊ុននឹងត្រូវបានត្រួតពិនិត្យដោយអង្គការអន្តរជាតិដ៏ល្បី ជាមួយនឹងគោលដៅនៃការសម្រេចបានសូន្យសុទ្ធនៅឆ្នាំ ២០២៣។ បច្ចុប្បន្ននេះប្រហែល ៣២.៤% នៃដូងរបស់ក្រុមហ៊ុនត្រូវបានប្រើប្រាស់ក្នុងស្រុក។ ៦៧.៦% ត្រូវបានប្រើប្រាស់សម្រាប់ការនាំចេញទៅកាន់ជាង ៤០ ប្រទេសជុំវិញពិភពលោក។
ឈានដល់ទីផ្សារគុណភាពខ្ពស់
បន្ទាប់ពីរយៈពេលជាង ៤ ឆ្នាំចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាន (ចាប់ពីខែសីហា ឆ្នាំ ២០២០) សហភាពអឺរ៉ុប (EU) ឥឡូវនេះគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមជាមួយនឹងទំហំនៃការនាំចេញក្នុងរយៈពេល ៤ ឆ្នាំដែលបានប៉ាន់ប្រមាណ ២០០ ពាន់លានដុល្លារអាមេរិក កើនឡើងពី ១២ ទៅ ១៥% ។
មិនត្រឹមតែនៅក្នុងទីផ្សារដែលធ្លាប់ស្គាល់នោះទេ ផលិតផលកសិផលវៀតណាមក៏មានឱកាសជាច្រើនដើម្បីមានវត្តមាននៅក្នុងទីផ្សារសក្តានុពលថ្មីដែលមានប្រាក់ចំណូលខ្ពស់សម្រាប់មនុស្សម្នាក់ៗដូចជាទីផ្សារហាឡាល់មូស្លីម និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ាជាដើម។
លោក Yousif S.AlHarbi អនុប្រធានមជ្ឈមណ្ឌលហាឡាល់ (អាជ្ញាធរចំណីអាហារ និងឱសថអារ៉ាប៊ីសាអូឌីត) បានសន្និដានថា វៀតណាមកំពុងលេចចេញជាកត្តាសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ហាឡាល់ពិភពលោក។ ទន្ទឹមនឹងនោះ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក៏បានអះអាងដែរថា វៀតណាមនឹងដណ្តើមយកទីផ្សារដែលមានតម្រូវការខ្ពស់ ដើម្បីបង្កើនតម្លៃនាំចេញផលិតផលកសិកម្ម ព្រៃឈើ និងនេសាទ។
នៅឆ្នាំ ២០២៤ វៀតណាមបានចុះហត្ថលេខាលើពិធីសារបន្ថែមទៀតដើម្បីនាំចេញផលិតផលកសិកម្មជាផ្លូវការទៅកាន់ប្រទេសចិន។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម-អារ៉ាប់រួម (CEPA) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរវាងវៀតណាម និងប្រទេសអារ៉ាប់មួយ ក៏ត្រូវបានចុះហត្ថលេខាផងដែរ។ ទាំងនេះនឹងជា “ជើងទម្រ” ដ៏សំខាន់សម្រាប់ផលិតផលកសិកម្មវៀតណាមទៅកាន់ពិភពលោក ដែលក្នុងនោះ ផលិតផលបៃតង កាត់បន្ថយការបំភាយឧស្ម័ន និងកាត់បន្ថយ “កាបូន” នឹងមានគុណសម្បត្តិ និងតម្លៃដ៏ធំធេង។
បកប្រែដោយ Duy Hoan