សេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW របស់ការិយាល័យនយោបាយស្តីពី "ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ភាគខាងជើងនៃភូមិភាគកណ្តាល និងតំបន់ឆ្នេរនៅភូមិភាគកណ្តាលដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥" បានវាយតម្លៃថា៖ តំបន់ភាគខាងជើងនៃភូមិភាគកណ្តាល និងតំបន់ឆ្នេរនៅភូមិភាគកណ្តាល នៅតែជាតំបន់ដែលមានសន្ទស្សន៍អភិវឌ្ឍន៍នៅក្នុងវិស័យជាច្រើនទាបជាងសន្ទស្សន៍មធ្យមនៃប្រទេសទាំងមូល។ សក្ដានុពល និងគុណសម្បត្តិនៃតំបន់ ជាពិសេសសេដ្ឋកិច្ចសមុទ្រ មិនត្រូវបានទាញយកដោយត្រឹមត្រូវ និងពង្រីកប្រកបដោយប្រសិទ្ធភាពនោះទេ។
ដូច្នេះ ចាប់តាំងពីសម្រេចចិត្តលេខ ២៦ ត្រូវបានចេញផ្សាយ តំបន់ឆ្នេរនៅភូមិភាគកណ្តាលបានកំណត់ ត្រូវតែបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍឧស្សាហកម្មក្នុងតំបន់ឆ្ពោះទៅរកភាពទំនើបជាមួយផលិតផលដែលមានប្រៀបខ្លាំង ម៉ាកយីហោ និងចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងនៅលើពិភពលោកប្រកបដោយប្រសិទ្ធភាព។
ខេត្ត Quang Tri ជាតំបន់ដែលមានមាត្រដ្ឋានសេដ្ឋកិច្ចតូច ភាពប្រកួតប្រជែងខ្សោយ និងការទាក់ទាញ FDI មានកម្រិត។ល។ ដើម្បីជំរុញកំណើន គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Quang Tri កំពុងប្រែក្លាយគុណវិបត្តិទៅជាគុណសម្បត្តិ ដោយផ្តោតលើការសម្រេចបាននូវសសរស្តម្ភអភិវឌ្ឍន៍ចំនួនបី ដែលក្នុងនោះឧស្សាហកម្មថាមពលគឺជាវិស័យសំខាន់ បង្កើតរបកគំហើញ; កសិកម្មគឺជាមូលដ្ឋានគ្រឹះ ហើយសេវាកម្មទេសចរណ៍គឺជាក្បាលម៉ាស៊ីន។
|
|
ជ្រុងមួយនៃតំបន់សេដ្ឋកិច្ច Dung Quat |
បច្ចុប្បន្ននេះ ខេត្ត Quang Tri កំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងសាងសង់ព្រលានយន្តហោះនៅស្រុក Gio Linh និងគ្រោងដាក់ឱ្យដំណើរការក្នុងដំណាក់កាលទី ១ ចាប់ពីខែកក្កដា ឆ្នាំ ២០២៦ ដើម្បីជួយខេត្ត Quang Tri ធ្វើកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាញយកសក្តានុពល និងគុណសម្បត្តិ។ ទន្ទឹមនឹងនោះ បង្កើតឱកាសទាក់ទាញវិនិយោគិនធំៗ បម្រើការអភិវឌ្ឍឧស្សាហកម្មបៃតងស្អាត បម្រើការពារជាតិ និងសន្តិសុខ ស្វែងរក និងជួយសង្គ្រោះ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ។ល។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Quang Tri បានផ្តល់អាទិភាពក្នុងការទាញយកអត្ថប្រយោជន៍ដើម្បីអភិវឌ្ឍថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ។ នៅស្រុកភ្នំ Huong Hoa បច្ចុប្បន្ននេះ មានគម្រោងថាមពលខ្យល់ចំនួន ៣១ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីបាន និងកំពុងវិនិយោគសាងសង់។
លោក Ha Sy Dong ប្រធានស្តីទីគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានចែករំលែកថា៖ ចាប់ពីពេលនេះមកទល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត Quang Tri នឹងផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនជាមួយឡាវ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិចំនួនពីរគឺ La Lay និង Lao Bao។ ទន្ទឹមនឹងនោះ ខេត្តផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញការវិនិយោគនៅតំបន់សេដ្ឋកិច្ច Quang Tri ភាគអាគ្នេយ៍ ដោយផ្តោតលើការបង្កើត និងអភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពល ជាមួយនឹងគម្រោងថាមពលខ្នាតធំជាច្រើន។ល។
គម្រោងឧស្សាហកម្ម និងវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលឆ្នាំ ២០២៥-២០៣០ និងក្រោយឆ្នាំ ២០៣០ នឹងក្លាយជាឧស្សាហកម្មដែលផ្សារភ្ជាប់ជាមួយព្រលានយន្តហោះ Chu Lai ដូចជាឧស្សាហកម្មរថយន្ត និងឧស្សាហកម្មគាំទ្រយានយន្ត វិស្វកម្មមេកានិច។ តំបន់សេដ្ឋកិច្ចបើកចំហ Chu Lai និងអាកាសយានដ្ឋាន Chu Lai គឺជាលក្ខខណ្ឌអំណោយផល ដោយតភ្ជាប់អន្តរតំបន់ជាមួយតំបន់សេដ្ឋកិច្ច Dung Quat (ខេត្ត Quang Ngai) បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអន្តរតំបន់នៃតំបន់ឆ្នេរភាគកណ្តាល។
លោក Nguyen Hai Truong ប្រធានការិយាល័យផែនការទូទៅ គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច Dung Quat បានចាត់ទុកថា៖ ប្រសិនបើតភ្ជាប់ និងសហប្រតិបត្តិការល្អនោះ តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រឈានមុខគេទាំងពីរនៃភាគកណ្តាលគឺ Chu Lai និង Dung Quat នឹងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។ អាកាសយានដ្ឋាន Chu Lai គឺជាចំណុចតភ្ជាប់ផ្លូវអាកាស កំពង់ផែទឹកជ្រៅ Dung Quat គឺជាចំណុចតភ្ជាប់ផ្លូវសមុទ្រ រោងចក្រធំៗដូចជា Doosan រោងចក្រ Hoa Phat រោងចក្រចម្រាញ់ប្រេងគីម Binh Son ក្នុងតំបន់សេដ្ឋកិច្ច Dung Quat ... នឹងផ្តល់វត្ថុធាតុដើម ប្រេងឥន្ធនៈ និងផលិតផលឧស្សាហកម្មគាំទ្រសម្រាប់រោងចក្រឧស្សាហកម្មធំៗ នៅ Chu Lai។
ការតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចទាំងពីរនេះនឹងជាកម្លាំងចលករសម្រាប់ឧស្សាហកម្មផ្សេងទៀតក្នុងការអភិវឌ្ឍរួមគ្នា ដោយនាំមកនូវចំណូលថវិកាយ៉ាងច្រើនសម្រាប់ទាំងខេត្ត Quang Nam និងខេត្ត Quang Ngai បង្កើតការងារជាច្រើន និងប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាជនក្នុងមូលដ្ឋាន និងតំបន់ទាំងពីរ។
សេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW ក៏បានកំណត់នូវតួនាទីសំខាន់របស់ទីក្រុង Da Nang ផងដែរ។ តាមនោះ ទីក្រុង Da Nang ត្រូវបានចាត់តាំងភារកិច្ច និងតួនាទីសំខាន់ៗជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមនៃតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen និងជាក្បាលម៉ាស៊ីនជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគខាងជើងនៃភូមិភាគកណ្តាល និងឆ្នេរនៅភាគកណ្តាល; ដើរតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារ នវានុវត្តន៍ និងបច្ចេកវិទ្យាខ្ពស់។ គោលដៅគឺនៅឆ្នាំ ២០៤៥ ទីក្រុង Da Nang នឹងក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងធំជាងគេ ទំនើបនៅអាស៊ីអាគ្នេយ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរួមនៃតំបន់ និងប្រទេសទាំងឡាយ។
ពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW នៃតំបន់នីមួយៗ តំបន់ភាគខាងជើង នៃភូមិភាគកណ្តាលនិងឆ្នេរនៅភូមិភាគកណ្តាលកំពុងបង្កើតមជ្ឈមណ្ឌលឧស្សាហកម្ម សេវាកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ធំ ជាមួយនឹងតំបន់សេដ្ឋកិច្ចតាមឆ្នេរសមុទ្រទំនើប ប្រព័ន្ធទីក្រុងតាមឆ្នេរសមុទ្រឆ្លាតវៃប្រកបដោយនិរន្តរភាព ដែលមិនប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងភាពធន់ខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងការបន្ស៊ាំខ្លួនប្រកបដោយប្រសិទ្ធភាពទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះក៏ជាកន្លែងដែលតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ កោះ និងព្រៃឈើត្រូវបានថែរក្សា និងពង្រីក; ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនឈានដល់កម្រិតខ្ពស់; ការការពារជាតិ សន្តិសុខ និងអធិបតេយ្យភាពសមុទ្រ និងកោះត្រូវបានធានា។
ជាមួយនឹងឋានាៈ និងកិត្យានុភាពថ្មី តំបន់ឆ្នេរនៅភូមិភាគកណ្តាលកំពុងបង្កើតទិសដៅអភិវឌ្ឍថ្មីមួយពីសេដ្ឋកិច្ចសមុទ្រ ដោយឈានដល់កម្រិតអន្តរជាតិនាពេលខាងមុខ៕
បកប្រែដោយ Huyen Trang