ការបង្កើនការចូលរួមរបស់ស្ត្រី ជាកម្លាំងចលករសម្រាប់កំណើនបៃតង និងការងាររបស់វៀតណាម
កប.អនឡាញ - យោងតាមរបាយការណ៍ថ្មីមួយរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដោយមានការជួយគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃទី ១៨ ខែមិថុនា បានឲ្យដឹងថា ដើម្បីដោះស្រាយកង្វះខាតអ្នកមានទេពកោសល្យ និងជំរុញកំណើនប្រកបដោយចីរភាព បរិយាប័ន្នក្នុងការធ្វើបរិវត្តកម្មបៃតង វិស័យឯកជនរបស់វៀតណាមគប្បីធ្វើសកម្មភាពដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។
របាយការណ៍ក្រោមចំណងជើង “អត្ថប្រយោជន៍បៃតង៖ តួនាទីនៃស្រ្តីក្នុងកម្លាំងពលកម្ម និងភាពជាអ្នកដឹកនាំ - មូលដ្ឋានគ្រឹះសម្រាប់ធុរកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម” បានកត់សម្គាល់ថា ទោះបីជាផ្នែកថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃផ្លាស្ទិច និងការផលិតស្រូវអង្ករដើរតួនាទីស្នូលក្នុងគោលដៅអាកាសធាតុរបស់ប្រទេសវៀតណាមក៏ដោយ ក៏សមាមាត្រស្ត្រីដែលចូលរួមនៅក្នុងវិស័យទាំងបីនេះនៅតែមានកម្រិតទាបណាស់។ ការអភិវឌ្ឍនៃវិស័យទាំងនេះនឹងបំពេញតម្រូវការកាន់តែកើនឡើងរបស់ទីផ្សារ និងបង្កើតការងារបៃតងជាច្រើន ហើយគម្លាតយេនឌ័រនឹងរារាំងនវានុវត្តន៍ និងកាត់បន្ថយសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់ធុរកិច្ច។
    |
 |
របាយការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សង្កត់ធ្ងន់ថា ការចូលរួមរបស់ស្ត្រីនឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនបៃតង និងការងារនៅវៀតណាម |
លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម មានប្រសាសន៍ថា តាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ យើងអាចជម្រុញវឌ្ឍនភាពនៃការឆ្ពោះទៅរកគោលដៅបំភាយឧស្ម័នសូន្យ ព្រមទាំងធានាថា អត្ថប្រយោជន៍នៃកំណើនត្រូវបានចែករំលែកដល់មនុស្សទាំងអស់គ្នា។
របាយការណ៍បង្ហាញថា ធុរកិច្ចដែលលើកកម្ពស់សមភាពយេនឌ័រ អាចសម្របខ្លួនទៅនឹងហានិភ័យអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័ន ចាប់យកឱកាសកំណើនថ្មី និងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន។ ធុរកិច្ចជាច្រើនដែលចូលរួមក្នុងការស្ទង់មតិបានឲ្យដឹងថា ការអនុវត្តផែនការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងធុរកិច្ច ដូចជាការអនុម័តគោលនយោបាយឱកាសស្មើភាពគ្នា បានធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុប្រកួតប្រជែង៕
បកប្រែដោយ Thanh Cong