ម៉ាកយីហោល្បីៗរបស់វៀតណាម

នាល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីចេញមុខនៅ Nasdaq Global Select Market នោះ VinFast ដែលជាម៉ាកយីហោមកពីប្រទេសវៀតណាម បានក្លាយជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៃចំណាត់ថ្នាក់ពិភពលោកជាផ្លូវការ។ នៅចុងឆ្នាំ២០២៣ ព្រឹត្តិការណ៍សំខាន់មួយទៀតត្រូវបានកំណត់នៅពេលដែល FPT បានប្រកាសថាខ្លួនសម្រេចបានប្រាក់ចំណូលពីសេវាកម្មបច្ចេកវិទ្យាព័ត៌មានចំនួន ១ ពាន់លានដុល្លារ ជាមួយទីផ្សារបរទេសដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាសហគ្រាសបច្ចេកវិទ្យា វៀតណាមដំបូងគេដែលរកប្រាក់ចំណូលបាន "ពាន់លានដុល្លារ" អាស្រ័យដោយការនាំចេញកម្មវិធីផ្នែកទន់។

លើវិសាលភាពទូលំទូលាយ Viettel គឺជាសហគ្រាសវៀតណាមតែមួយគត់ដែលបានបញ្ចូលក្នុង “ចំណាត់ថ្នាក់ម៉ាកយីហោចំនួន ៥០០ ដែលមានតម្លៃបំផុតនៅលើពិភពលោកឆ្នាំ ២០២៤” (Global 500 by Brand Finance)។ ទន្ទឹមនឹងនោះ Vinamilk ក៏បានវ៉ាដាច់ឈ្មោះធំៗជាច្រើន ដើម្បីក្លាយជាតំណាងតែមួយគត់របស់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងចំណាត់ថ្នាក់ម៉ាកយីហោទឹកដោះគោដែលមាននិរន្តរភាពបំផុតនៅលើពិភពលោក ខណៈពេលដែលរក្សាបានថ្នាក់ទី ៦ របស់ខ្លួននៅក្នុងចំណោមម៉ាកយីហោទឹកដោះគោចំនួន ១០ ដែលមានតម្លៃបំផុតនៅលើពិភពលោក និងចំណោមម៉ាកយីហោចំនួន ២ ដែលល្បីៗ នៅក្នុងឧស្សាហកម្មទឹកដោះគោ។ ក្នុងដំណើរដើម្បីធ្វើឱ្យម៉ាកយីហោវៀតណាមល្បីលើឆាកអន្តរជាតិ យើងក៏ត្រូវលើកឡើងនូវឈ្មោះមួយចំនួនទៀតដូចជា កាហ្វេ Trung Nguyen អង្ករ ST25 ឬ Loc Troi។ល។

leftcenterrightdel
Viettel គឺជាសហគ្រាសវៀតណាមតែមួយគត់ត្រូវបានទទួលស្គាល់ថាជា “ម៉ាកយីហោចំនួន ៥០០ ដែលមានតម្លៃបំផុត នៅលើពិភពលោកឆ្នាំ ២០២៤” (រូបថត៖ nhandan.com.vn)

យោងតាម Brand Finance - ជាអង្គការវាយតម្លៃម៉ាកយីហោជាតិដែលមានទីស្នាក់ការនៅអង់គ្លេស វៀតណាមត្រូវបានចាត់ទុកថាជាចំណុចភ្លឺក្នុងការកសាង និងអភិវឌ្ឍន៍ម៉ាកយីហោជាតិ ហើយជាម៉ាកយីហោជាតិដែលមានអត្រាកំណើនតម្លៃលឿនបំផុតនៅលើពិភពលោកក្នុងរយៈពេល ៥ ឆ្នាំ ពីឆ្នាំ២០១៩-២០២៣ គឺ ១០២%។

ផ្លាស់ប្តូរដើម្បីបន្ស៊ាំខ្លួនទៅនឹងយុគសម័យបៃតង

យោងតាមអ្នកជំនាញ ការកសាងម៉ាកយីហោជាតិគឺមានភាពបន្ទាន់ជាងពេលណាៗទាំងអស់ ខណៈដែលទ្វារជាច្រើនទៅកាន់ទីផ្សារពិភពលោកត្រូវបានបើកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ ក្នុងបរិបទដែលទីផ្សារអភិវឌ្ឍន៍ជាច្រើនចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍបៃតង និងនិរន្តរភាព តាមរយៈគោលនយោបាយអនុគ្រោះ និងការជួយឧបត្ថម្ភធុរកិច្ចនោះ វៀតណាមក៏ត្រូវមានយុទ្ធសាស្ត្រសមស្របផងដែរ។

យោងតាមលោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ជាដំបូង អង្គភាពអាជីវកម្មត្រូវម្ចាស់ការអនុវត្តការអភិវឌ្ឍបៃតង និងនិរន្តរភាព ដោយហេតុនេះលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារនាំចេញ បំពេញតាមស្តង់ដារ និងបទប្បញ្ញត្តិយ៉ាងតឹងរឹងអំពីបរិស្ថានពិសេសនៅក្រោម AFTAs ជំនាន់ថ្មី។

ជាក់ស្តែង សហគ្រាសវៀតណាមជាច្រើនដែលមានផលិតផលសម្រេចបានម៉ាកយីហោជាតិបានអះអាងនូវតួនាទីត្រួសត្រាយផ្លូវឆ្ពោះទៅរកយុគសម័យបៃតង។ កម្លាំងចលករដ៏អស្ចារ្យពីគោលនយោបាយ និងការផ្សព្វផ្សាយសញ្ញាល្អសម្រាប់ម៉ាកយីហោវៀតណាមគឺថា ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងស្ថាប័នជាច្រើនផ្សេងទៀតបានមានគោលនយោបាយជាច្រើនដើម្បីគាំទ្រ និងជំរុញធុរកិច្ច “ឆ្ពោះទៅរកយុគសម័យបៃតង”។ កម្មវិធីគាំទ្រធុរកិច្ចតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយដែលថានៅឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ហើយនៅឆ្នាំ ២០៥០ សម្រេចបាននូវការបំភាយឧស្ម័នត្រឹមសូន្យ%។ ផលិតកម្មបៃតងគឺជាតម្រូវការជាមុននៅពេលចូលរួមក្នុង FTAs ជំនាន់ថ្មី។

លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសង្កត់ធ្ងន់លើក្រុមដំណោះស្រាយចំនួនបី ដើម្បីអភិវឌ្ឍម៉ាកយីហោវៀតណាមនៅឆ្នាំ ២០៣០។

ទីមួយ សម្របសម្រួលជាមួយក្រសួង និងស្ថាប័ននានាក្នុងមូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពជាច្រើនបន្ថែមទៀត ដើម្បីគាំទ្រសហគមន៍ធុរកិច្ចក្នុងការរចនា អភិវឌ្ឍន៍ផលិតផល នវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់គុណភាពផលិតផល ដើម្បីបន្តឆ្ពោះទៅរកតម្លៃស្នូលនៃកម្មវិធីម៉ាកយីហោជាតិវៀតណាម៖ គុណភាព - នវានុវត្តន៍- សមត្ថភាពត្រួសត្រាយ។

ទីពីរ ផ្តល់ព័ត៌មានដល់សហគមន៍ធុរកិច្ចអំពីនិន្នាការផលិតកម្ម ធ្វើអាជីវកម្ម និងការវិនិយោគថ្មីរបស់ពិភពលោក ដូចជានិន្នាការបៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរបាំងមិនមែនពន្ធគយផ្សេងទៀត ... ដោយហេតុនេះ មានផែនការ យុទ្ធសាស្ត្រឆ្លើយតប និងបទប្បញ្ញត្តិច្បាប់អន្តរជាតិ ដើម្បីបំពេញកាតព្វកិច្ចអនុលោមតាមច្បាប់ ក៏ដូចជាបំពេញទំនួលខុសត្រូវសង្គម។

ទីបី ក្រៅពីនោះ សកម្មភាពផ្សព្វផ្សាយសម្រាប់កម្មវិធីម៉ាកយីហោជាតិវៀតណាម និងផលិតផលសម្រេចបានម៉ាកយីហោជាតិ ក៏នឹងប្រព្រឹត្តទៅទាំងក្នុងស្រុក និងក្រៅស្រុក ដោយផ្តោតជាពិសេសលើការផ្សព្វផ្សាយឌីជីថលផងដែរ៕

បកប្រែដោយ Huyen Trang