នាពេលថ្មីៗនេះ Seasia Stats ដែលជាគេហទំព័រស្ថិតិល្បីឈ្មោះអំពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានវាយតម្លៃថា ជាមួយនឹងទំហំសេដ្ឋកិច្ចប្រហែល ៥០៦ ពាន់លានដុល្លារអាមេរិក វៀតណាមនឹងស្ថិតក្នុងបញ្ជីសេដ្ឋកិច្ចធំជាងគេនៅអាស៊ីទាំង១៥។ មតិនេះគឺផ្អែកលើទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ តាមនោះ ដោយមានទឹកប្រាក់ចំនួន ៥០៦ ពាន់លានដុល្លារអាមេរិក សេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សដោយសារការរីកចំរើននៃផលិតកម្ម និងការវិនិយោគពីបរទេស។

ការរក្សាសន្ទុះកំណើន ដោយផ្អែកលើកត្តាផ្ទៃក្នុង

នៅក្នុងរបាយការណ៍ "ឆ្ពោះទៅឆ្នាំ២០២៥" ចុះផ្សាយនាពេលថ្មីៗនេះ Vinacapital ក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំក្រោយអាចសម្រេចបាន ៦.៥% ដោយសារកត្តាក្នុងស្រុក រួមទាំងការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ និងការចំណាយរបស់អ្នកប្រើប្រាស់។

leftcenterrightdel
ការងើបឡើងវិញនៃការប្រើប្រាស់បន្តជានិន្នាការនៅឆ្នាំ២០២៥ (រូបថត៖ nhandan.vn)

លោក Michael Kokalari នាយកនៃការិយាល័យវិភាគម៉ាក្រូសេដ្ឋកិច្ច និងស្រាវជ្រាវទីផ្សាររបស់ VinaCapital បានវាយតម្លៃថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងជាង ២០% នៅឆ្នាំនេះ (បើធៀបនឹងការថយចុះប្រហែល ១០% ក្នុងឆ្នាំ២០២៣)។ នេះជាកត្តាចម្បងដែលគាំទ្រដល់កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០២៤។ កំណើននេះគឺអាស្រ័យការកើនឡើង ៤០% នៃការនាំចេញគ្រឿងអេឡិចត្រូនិក និងផលិតផលបច្ចេកវិទ្យាខ្ពស់។

កំណើននៃការនាំចេញនឹងថយចុះនៅឆ្នាំក្រោយ ទាក់ទងនឹងវដ្តនៃការស្តុកទុកទំនិញរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ បច្ចុប្បន្ន ការជំរុញការនាំចេញនៅទូទាំងអាស៊ី ដើម្បីត្រៀមរៀបចំសម្រាប់ការកើនឡើងនៃតម្រូវការមុនពេលលោក Donald Trump ចូលកាន់តំណែង នឹងនាំឲ្យមានការធ្លាក់ចុះបន្តិចម្តងៗនៃតម្រូវការនៅឆ្នាំក្រោយ។ ដូច្នេះហើយ កំណើនផលិតកម្មរបស់វៀតណាមអាចធ្លាក់ចុះនៅឆ្នាំ២០២៥។

កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរទៅកាន់កត្តាផ្ទៃក្នុង។ អ្នកជំនាញនៃ VinaCapital បានឲ្យដឹងថា វិស័យប្រើប្រាស់ស្រូបយកជាង ៦០% នៃសេដ្ឋកិច្ចវៀតណាម។ ដូច្នេះ ប្រសិនបើការប្រើប្រាស់កើនឡើងខ្លាំង នឹងងាយស្រួលទូទាត់សងសម្រាប់ការធ្លាក់ចុះនៃកំណើននាំចេញ/ផលិតកម្ម/ចំនួនភ្ញៀវទេសចរនៅឆ្នាំក្រោយ។

លោក Andea Coppola ប្រធានសេដ្ឋវិទូ និងជាអ្នកគ្រប់គ្រងកម្មវិធីកំណើនសមធម៌ ហិរញ្ញវត្ថុ និងគោលនយោបាយរបស់ធនាគារពិភពលោក (WB) ក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២៤ វៀតណាមបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ដោយសារការងើបឡើងវិញនៃការនាំចេញ និងតម្រូវការក្នុងស្រុក។ នេះជាសមិទ្ធិផលដ៏គួរចាប់អារម្មណ៍ ហើយនិន្នាការវិជ្ជមាននឹងបន្តនៅឆ្នាំ២០២៥។

ជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥

leftcenterrightdel
ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមកំពុងកើនឡើង(រូបថត៖ nhandan.vn)

សារទូរលេខលេខ 137/CD-TTg ស្តីពីការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ចុះផ្សាយនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ របស់លោក Pham Minh Chinh នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ឆ្នាំ២០២៥ មានអត្ថន័យសំខាន់ជាពិសេស។ នេះគឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ២០២១-២០២៥ និងត្រៀមរៀបចំ ពង្រឹងមូលដ្ឋានសម្រាប់ការឈានចូលសម័យថ្មី - សម័យស្ទុះឈានទៅមុខ ធូរធារ វិបុលភាពរបស់ប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំស្ថាប័ននៃរដ្ឋាភិបាល និងថ្នាក់ដឹកនាំមូលដ្ឋាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្និដ្ឋាន សេចក្តីសម្រេចចិត្ត និងការដឹកនាំរបស់រដ្ឋាភិបាល មជ្ឈិមបក្ស និងការិយាល័យនយោបាយ គណលេខាបក្ស។ ផ្តល់អាទិភាពលើការជម្រុញកំណើនសេដ្ឋកិច្ចដែលតភ្ជាប់ជាមួយនឹងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ធានាឲ្យមានតុល្យភាព ខិតខំធ្វើឲ្យអត្រាកំណើន GDP នៅឆ្នាំ២០២៥ សម្រេចបានជាង ៨% (ខ្ពស់ជាងគោលដៅកំណត់ដោយរដ្ឋសភា)៕

បកប្រែដោយ Thuy Anh