លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៥ នាថ្ងៃទី២៥ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។
ក្នុងបរិយាកាសមិត្តភាព ភាពស្និទ្ធស្នាល បើកចំហ និងជឿទុកចិត្ត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកឯកអគ្គរដ្ឋទូត He Wei បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានរបស់ទំនាក់ទំនង វៀតណាម-ចិន ក្នុងឆ្នាំ ២០២៤។
ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសន្ទនាតាមទូរស័ព្ទដ៏ជោគជ័យនាពេលថ្មីៗនេះរវាងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន បង្កើតការចាប់ផ្តើមដ៏ល្អ និងពង្រឹងការតម្រង់ទិសយុទ្ធសាស្ត្រ បន្ថែមកម្លាំងចលករថ្មីដល់ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិន ឆ្នាំ២០២៥ ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន។
|
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ baochinhphu.vn) |
ដើម្បីផ្សព្វផ្សាយ និងអនុវត្តទស្សនៈរួមរវាងអគ្គលេខាបក្សទាំងពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីទាំងពីររក្សាការជួបប្រជុំជាប្រចាំនៅថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិ អនុវត្តកិច្ចសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ននានាប្រកបដោយប្រសិទ្ធភាព លើកទឹកចិត្តដល់មូលដ្ឋាននានាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។
លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចជាមួយវៀតណាម ពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍អភិវឌ្ឍប្រកបដោយតុល្យភាព និរន្តរភាព។
លោកឯកអគ្គរដ្ឋទូត He Wei បានស្នើឲ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពជាបន្តបន្ទាប់នៃឆ្នាំផ្លាស់ប្តូរមនុស្សជាតិ ចិន-វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រួមចំណែកពង្រឹងមូលដ្ឋានមតិសាធារណៈដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី; រួមគ្នាគ្រប់គ្រង និងដោះស្រាយជម្លោះនៅលើសមុទ្រឲ្យបានល្អ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ៕
បកប្រែដោយ Huyen Trang