លោកអគ្គលេខាបក្ស To Lam ទទួលជួបរដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងឧស្សាហកម្មធុនស្រាលនៃប្រទេសម៉ុងហ្គោលី
កប.អនឡាញ - នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស To Lam បានទទួលជួបលោក Jadamba Enkhbayar រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងឧស្សាហកម្មធុនស្រាល ប្រធានអនុគណៈកម្មការម៉ុងហ្គោលី ក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលទ្វេភាគី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ម៉ុងហ្គោលី។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស To Lam បានស្វាគមន៍លោក Jadamba Enkhbayar ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលម៉ុងហ្គោលីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ដោយបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដែលបានធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត និងភាគីទាំងពីរទើបតែបានដំឡើងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ លោកអគ្គលេខាបក្ស To Lam បានថ្លែងអំណរគុណចំពោះប្រធានាធិបតី Ukhnaagiin Khurelsukh ថ្នាក់ដឹកនាំ និងប្រជាជនម៉ុងហ្គោលី ដោយបានរំឮកពីចំណាប់អារម្មណ៍ និងលទ្ធផលល្អក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលីកាលពីខែតុលាកន្លងទៅ។
|
|
លោកអគ្គលេខាបក្ស To Lam ទទួលជួបរដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងឧស្សាហកម្មធុនស្រាលនៃប្រទេសម៉ុងហ្គោលី |
លោកអគ្គលេខាបក្សTo Lam បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលម៉ុងហ្គោលីសម្រេចបាននាពេលថ្មីៗនេះ ដោយបង្ហាញទំនុកចិត្តថា រដ្ឋាភិបាល និងប្រជាជនម៉ុងហ្គោលីនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ “ចក្ខុវិស័យឆ្នាំ ២០៥០” លើកកំពស់តួនាទីរបស់ម៉ុងហ្គោលីក្នុងតំបន់ និងអន្តរជាតិ។
ចំពោះទំនាក់ទំនងវៀតណាម - ម៉ុងហ្គោលី លោកអគ្គលេខាបក្ស To Lam បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ចាប់តាំងពីបង្កើតទំនាក់ទំនងការទូត និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ម៉ុងហ្គោលី ដែលមានអត្ថន័យសំខាន់ក្នុងការអនុវត្តការយល់ដឹងរួមកម្រិតខ្ពស់ និងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ុងហ្គោលី។ លោកអគ្គលេខាបក្ស To Lam បានស្នើថា ដោយឈរលើកម្រិតថ្មីនៃទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរត្រូវពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន។ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសមស្របទៅនឹងសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។
លោករដ្ឋមន្ត្រី Jadamba Enkhbayar បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស To Lam និងអះអាងថា ម៉ុងហ្គោលី តែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ហើយចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតនៅអាស៊ី និងជាអ្នកជិតខាងទីបីរបស់ម៉ុងហ្គោលី និងបានសម្តែងការឯកភាពខ្ពស់ជាមួយមតិរបស់លោកអគ្គលេខាបក្ស To Lam លើវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យស៊ីជម្រៅនាពេលខាងមុខ។ លោករដ្ឋមន្ត្រី Jadamba Enkhbayar បានអះអាងថា ក្នុងតួនាទីជាប្រធានអនុគណៈកម្មការម៉ុងហ្គោលីក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ម៉ុងហ្គោលី លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀតលើវិស័យផ្សេងៗ។
បកប្រែដោយ Duy Hoan