ថ្នាក់ដឹកនាំវៀតណាមជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេនី
កប.អនឡាញ - នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខស្ថាប័ននីតិប្បញ្ញត្តិអាមេនី បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក To Lam បានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះពិតជានឹងបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងអាមេនី នាពេលខាងមុខ។
    |
 |
លោកអគ្គលេខាបក្ស To Lam ទទួលជួបលោក Alen Simonyan ប្រធានសភាជាតិអាមេនី |
លោកអគ្គលេខាបក្ស To Lam បានជម្រាបជូនលោក Alen Simonyan អំពីសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយរបស់វៀតណាមបន្ទាប់ពីកំណែទម្រង់ជិត ៤០ ឆ្នាំ។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មនូវទំនាក់ទំនងបរទេស វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តប្រពៃណី រួមទាំងអាមេនីផងដែរ។
លោកអគ្គលេខាបក្ស To Lam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សារវាងប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាអាមេនី លោក Alen Simonyan ដោយចាត់ទុកថា នេះជាព្រឹត្តិការណ៍សំខាន់ រួមចំណែកជំរុញទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ដោយសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើននៅមានទំហំធំធេង លោកអគ្គលេខាបក្សបានពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេនីនូវទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព រួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោក Alen Simonyan បានអះអាងថា អាមេនីយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ពិភាក្សាជាមួយលោកអគ្គលេខាបក្ស អំពីលទ្ធផលរវាងអាមេនី និងវៀតណាមក្នុងកិច្ចសហប្រតិបត្តិការសភា ប្រធានរដ្ឋសភាអាមេនី បានអះអាងថា នេះជាពេលវេលាសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ លោក Alen Simonyan បានឯកភាពជាមួយលោកអគ្គលេខាបក្សលើវិធានការសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
គួររំលឹកថា នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី និងគណៈប្រតិភូរដ្ឋសភាអាមេនី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាជាមួយលោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី |
លោក Tran Thanh Man អះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអាមេនី។ លោក Tran Thanh Man បានសំដែងនូវសេចក្តីសោមនស្សរីករាយដោយឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាមេនីបានមានស្ថិរភាពនយោបាយសង្គម អភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងអះអាងនូវតួនាទី និងកិត្យានុភាពរបស់អាមេនីនៅលើឆាកអន្តរជាតិ។
លោក Tran Thanh Man បានស្នើឱ្យភាគីអាមេនី បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ រួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ; ជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ដើម្បីបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ...
នៅក្នុងកិច្ចពិភាក្សានេះ ប្រធានរដ្ឋសភាទាំងពីរបានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងវៀតណាម និងអាមេនីមានការអភិវឌ្ឍន៍ល្អលើគ្រប់វិស័យ ភាគីទាំងពីរបានសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនាពេលកន្លងមក ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ សហគមន៍ហ្វ្រង់កូហ្វូន និងអង្គការអន្តរជាតិដទៃទៀត និងវេទិកាពហុភាគី។
ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរនាពេលខាងមុខ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភា ស្ថាប័នរបស់រដ្ឋសភានិងសមាជិករដ្ឋសភានៃប្រទេសទាំងពីរ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងច្បាប់ដើម្បីបម្រើដល់ការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងឯកភាពពិចារណាលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដើម្បីបង្កើតក្របខណ្ឌច្បាប់ ដើម្បីធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការសភា រួមចំណែកក្នុងការកសាងទំនុកចិត្តខាងនយោបាយ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការមិត្តភាពល្អរវាងប្រទេសទាំងពីរ ...
ដោយឯកភាពថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើន ហើយចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ ប្រធានរដ្ឋសភាទាំងពីរក៏បានពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរយោបល់លើរាល់បញ្ហាដែលភាគីទាំងពីយកចិត្ដទុកដាក់ដូចគ្នា; ហើយជឿជាក់ថា ដោយមានលទ្ធផលល្អ កិច្ចពិភាក្សាថ្ងៃនេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយល្អ និងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម និងអាមេនី៕
បកប្រែដោយ Pham Diep