លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកប្រធានាធិបតីនៃសាធារណរដ្ឋ Dominica ធ្វើជាសហអធិបតីក្នុងសន្និសីទសារព័ត៌មានរួម
កប.អនឡាញ - ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ Dominica នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) បន្ទាប់ពីកិច្ចពិភាក្សា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Luis Abinader ប្រធានាធិបតីនៃសាធារណរដ្ឋ Dominica បានធ្វើជាសហអធិបតីក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចពិភាក្សា និងធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងសន្និសីទសារព័ត៌មាន លោក Luis Abinader បានឲ្យដឹងថា ជាមួយនឹងការបង្កើតទំនាក់ទំនងការទូត និងការបង្កើតស្ថានទូតប្រចាំវៀតណាម សាធារណរដ្ឋ Dominica មានបំណងចង់ជំរុញយុទ្ធសាស្ត្រពង្រឹងទំនាក់ទំនងការទូតជាមួយវៀតណាម។ នាពេលកន្លងមកនេះ វៀតណាម និង Dominica បានជំរុញសកម្មភាពសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម។
យោងតាមលោក Luis Abinader ដំណើរទស្សនកិច្ចនៅ Dominica លើកនេះរបស់លោក Pham Minh Chinh មានអត្ថន័យដ៏សំខាន់។ លោក Luis Abinader និងលោក Pham Minh Chinh បានពិភាក្សាអំពីការបើកទូលាយ និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ព្រមទាំង ជំរុញកិច្ចព្រមព្រៀងថ្មី និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា វិស័យការពារជាតិ ទូរគមនាគមន៍ ប្រេង និងឧស្ម័ន ទេសចរណ៍ និងវិស័យផ្សេងៗទៀតដែលភាគីទាំងពីរមានសក្ដានុពល និងតម្រូវការ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសពីរ។
|
|
លោក Pham Minh Chinh និងលោក Luis Abinader Corona ធ្វើជាសហអធិបតីក្នុងសន្និសីទសារព័ត៌មានរួម (រូបថត៖ vnanet.vn) |
ដោយសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការឡើងដល់កម្រិតខ្ពស់ថ្មីនោះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យភាគីទាំងពីរជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងការពារការវិនិយោគ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចព្រមព្រៀងស្តីពីទិដ្ឋាការដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូររវាងប្រទេសទាំងពីរ។
យោងតាមលោកនាយករដ្ឋមន្ត្រី ភាគីទាំងពីរបានពិភាក្សាលើវិស័យមានសក្ដានុពលនៃកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល ការកសាងសង្គមឌីជីថល ការអភិវឌ្ឍទូរគមនាគមន៍... បង្កើតលក្ខខណ្ឌអំណោយផល និងជំរុញកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនៃប្រទេសទាំងពីរ។
លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានភាពអន្តរជាតិនាពេលនេះ ភាគីទាំងពីរបានឯកភាពអំពាវនាវឲ្យមានសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនត្រឹមតែដើម្បីប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោក Pham Minh Chinh អះអាងថា វៀតណាមនឹងក្លាយជាស្ពានតភ្ជាប់សម្រាប់កិច្ចសហប្រតិបត្តិការរវាង Dominica និងអាស៊ាន ហើយ Dominica នឹងក្លាយជាស្ពានតភ្ជាប់សម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងតំបន់អាមេរិកខាងត្បូង។
ក៏ក្នុងឱកាសនេះដែរ លោក Pham Minh Chinh និងលោកប្រធានាធិបតី Dominica បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតគណៈកម្មាធិការចម្រុះជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និង Dominica អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការបរទេសវៀតណាម និងវិទ្យាស្ថានការបរទេស និងស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋ Dominica៕
បកប្រែដោយ Thuy Anh