ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងអាមេនី
កប.អនឡាញ - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ថ្លែងក្នុងជំនួបនេះ លោកប្រធានរដ្ឋ Luong Cuong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអាមេនី បក្ស រដ្ឋ និងប្រជាជនវៀតណាមចងចាំជានិច្ច និងដឹងគុណចំពោះការគាំទ្រ និងជំនួយដែលប្រជាជនអាមេនីបានផ្តល់ឲ្យវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យ និងបង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។
|
|
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី |
លោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី បានអះអាងថា អាមេនីចាត់ទុកវៀតណាមជាដៃគូសំខាន់ និងមានបំណងចង់សហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពិភាក្សា និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំផងដែរ។
ដោយសំដែងនូវចំណាប់អារម្មណ៍ល្អក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាម លោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី បានឲ្យដឹងថា តាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ និងការទូត បង្កើតយន្តការសហប្រតិបត្តិការថ្មីក្នុងអនាគត។
ដោយវាយតំលៃខ្ពស់ចំពោះខ្លឹមសារនៃកិច្ចពិភាក្សារវាងលោកប្រធានរដ្ឋសភាអាមេនី Alen Simonyan និងលោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man លោកប្រធានរដ្ឋ Luong Cuong បានសម្តែងនូវសេចក្តីរីករាយដោយឃើញថា ទំនាក់ទំនងសហប្រតិបត្តិការនយោបាយរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍជាវិជ្ជមាន។ លោកប្រធានរដ្ឋ បានមានប្រសាសន៍ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់; បង្កើនការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ តភ្ជាប់មូលដ្ឋានរវាងភាគីទាំងពីរ។ ដោយផ្អែកលើប្រៀបខ្លាំងនៃប្រទេសនីមួយៗដែលប្រទេសជាដៃគូមានតម្រូវការ ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងបណ្តុះបណ្តាល។
លោកប្រធានរដ្ឋ Luong Cuong ឲ្យដឹងថា ក្នុងបរិបទដែលស្ថានការណ៍ពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ប្រទេសទាំងពីរគួរតែបន្តជួយគាំទ្រគ្នានិងការពារផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។ ដោយអះអាងនូវតួនាទីដ៏សំខាន់របស់ស្ថាប័ននីតិប្បញ្ញត្តិ លោកប្រធានរដ្ឋ បានស្នើឱ្យរដ្ឋសភាទាំងពីរ និងប្រធានរដ្ឋសភាទាំងពីរសហការយ៉ាងជិតស្និទ្ធ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep