សំណង់ជានិមិត្តរូបនៃចំណងមិត្តភាពវៀតណាម-កម្ពុជា
កប.អនឡាញ - ព្រឹត្តិការណ៍ដ៏ពិសេសមួយក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមគឺពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់សំណង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជា ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនចំពោះគណបក្ស រដ្ឋ និងប្រជាជនកម្ពុជា។
ពិធីសម្ពោធអគាររដ្ឋបាលរដ្ឋសភាដែលធ្វើឡើងក្រោមអធិបតីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងកម្ពុជា មិនត្រឹមតែនាំមកនូវមោទនភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការនាំទំនាក់ទំនងវៀតណាម-កម្ពុជា ទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។
រាជធានីភ្នំពេញបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅរសៀលថ្ងៃដ៏មានពន្លឺថ្ងៃ។ នៅក្នុងលំហនៃទីក្រុងភ្នំពេញបុរាណ ជាមួយនឹងស្នាដៃស្ថាបត្យកម្មដ៏ពិសេស រួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបារាំង និងវប្បធម៌ខ្មែរ ដែលមានទីតាំងនៅក្នុងទីស្នាក់ការរដ្ឋសភាកម្ពុជា អគាររដ្ឋបាលរដ្ឋសភាកម្ពុជា មានភាពលេចធ្លោជាអគារទំនើប ប៉ុន្តែស្ថាបត្យកម្មពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជាវិធានប្រតិបត្តិការរបស់រដ្ឋសភាកម្ពុជា។ អគាររដ្ឋបាលរដ្ឋសភាកម្ពុជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍយ៉ាងខ្លាំងនៃរាជធានីភ្នំពេញ។
|
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាត់ខ្សែបូសម្ពោធអគាររដ្ឋបាលរដ្ឋសភាកម្ពុជា (រូបថត៖ vnanet.vn) |
ក្នុងពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់សំណង់នេះ ទឹកមុខរបស់អ្នករាល់គ្នាមានភាពរីករាយ ។ អ្នកគ្រប់គ្នាអាចមើលឃើញយ៉ាងងាយស្រួលនូវការណែនាំអំពីគម្រោងជាភាសាខ្មែរ និងវៀតណាម ក្រោមខ្លឹមសារ៖ "អគាររដ្ឋបាលរដ្ឋសភាកម្ពុជា ដែលជាអំណោយរបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម" ដែលដាក់តាំងនៅមាត់ទ្វារខាងមុខអាគារ។ នោះគឺជាសក្ខីភាពដ៏រស់រវើកដើម្បីបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។
អគាររដ្ឋបាលរដ្ឋសភាកម្ពុជា គឺជាសំណង់វប្បធម៌ សំណង់ការទូត និងជានិមិត្តរូបនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងវៀតណាម និងកម្ពុជា ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ សំណង់នេះបានបង្ហាញពីអត្ថន័យ និងតម្លៃខាងស្មារតីយ៉ាងពេញលេញនៃអំណោយដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនគណបក្ស រដ្ឋ និងប្រជាជនកម្ពុជា។ វៀតណាមនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព រួមជាមួយនឹងកម្ពុជា ដើម្បីការពារ ថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឱ្យរីកចម្រើនដល់កម្រិតកម្ពស់ថ្មីមួយ ដើម្បីភាពរុងរឿង និងសុភមង្គលរបស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
ការសាងសង់បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០២១។ បន្ទាប់ពីការសាងសង់ក្នុងរយៈពេលជិត ៣៦ ខែរួចមក នៅខែវិច្ឆិកា ឆ្នាំ ២០២៤ សំណង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជាត្រូវបានបញ្ចប់ និងប្រគល់ជាផ្លូវការឱ្យអង្គភាពមុខងារកម្ពុជា ដើម្បីគ្រប់គ្រង និងប្រើប្រាស់។ សំណង់នេះមានលក្ខណៈទ្រង់ទ្រាយធំ ដោយចំណាយទុនវិនិយោគសរុប ២៥ លានដុល្លារអាមេរិក ហើយត្រូវបានសាងសង់លើផ្ទៃដីទំហំដែលមានទទឹង ២៧ ម៉ែត្រ បណ្តោយ ៤៩ ម៉ែត្រ កម្ពស់ ១២ ជាន់ និងជាន់ក្រោមពីរសម្រាប់ចតរថយន្ត។ ការសាងសង់សំណង់នេះ បានធ្វើឡើងក្រោមលក្ខខណ្ឌលំបាកខ្លាំង ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ប៉ុន្តែដោយការប្តេជ្ញាចិត្ត បញ្ញា និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ស្ថាប័ន និងអង្គការនៃប្រទេសទាំងពីរ បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការរចនា សាងសង់ និងបញ្ចប់អគារ ដើម្បីបំពេញតាមតម្រូវការនៃស្តង់ដារបច្ចេកទេស និងស្ថាបត្យកម្ម។
|
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយប្រតិភូនានា (រូបថត៖ vnanet.vn) |
អញ្ជើញមកទស្សនាការិយាល័យជាច្រើននៅអគាររដ្ឋបាលរដ្ឋសភាកម្ពុជា លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះសោភ័ណភាពស្ថាបត្យកម្ម គុណភាព និងមុខងាររបស់សំណង់។ លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា នេះគឺជាសំណង់ជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមផ្តល់ជូនគណបក្ស រដ្ឋ និងប្រជាជនកម្ពុជា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់អតីតអគ្គលេខាបក្ស Nguyen Phu Trong កាលពីខែកក្កដា ឆ្នាំ២០១៧។ ពិធីសម្ពោធសំណង់នេះ គឺជាសេចក្តីរីករាយរួមគ្នាសម្រាប់រដ្ឋសភាទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ លោកប្រធានរដ្ឋសភា Tran Thanh Man ជឿជាក់ថា ការដាក់ឱ្យដំណើរការអគារនេះ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ក្នុងពេលឆាប់ៗនេះ នឹងគាំទ្រដល់រដ្ឋសភាកម្ពុជា ក្នុងការអនុវត្តមុខងារ និងភារកិច្ចឱ្យកាន់តែប្រសើរឡើង តំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន រួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រកបដោយវិបុលភាព។
ដោយសម្តែងនូវការគោរពចំពោះអំណោយដ៏មានអត្ថន័យ និងជាក់ស្តែងនេះ ក្នុងពិធីសម្ពោធនោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់ការសាងសង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជា។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចែករំលែកថា៖ អគារដ៏ធំ និងស្រស់ស្អាតត្រូវបានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ប្រកបដោយនិរន្តរភាព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ នេះក៏ជាការបង្ហាញជាក់ស្តែងនៃស្មារតីនៃអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរបស់ប្រទេសទាំងពីរ។
ប្រវត្តិសាស្ត្របានបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាព មិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម និងកម្ពុជាចំពោះជោគវាសនារបស់ប្រទេសនីមួយៗ។ សំណង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្លាយជានិមិត្តរូប និងជាប្រភពនៃការបន្តសាមគ្គីភាព និងមិត្តភាពប្រកបដោយនិរន្តរភាពរវាងវៀតណាម និងកម្ពុជា៕
បកប្រែដោយ Huyen Trang