កិច្ចសន្ទនាលើកទី៥ រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សឆ្វេងនិយមអាល្លឺម៉ង់
កប.អនឡាញ - នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សឆ្វេងនិយមអាល្លឺម៉ង់ ដឹកនាំដោយលោក Maximilian Schirmer អនុប្រធានគណបក្សឆ្វេងនិយមអាល្លឺម៉ង់ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចសន្ទនាលើកទី៥ រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សឆ្វេងនិយមអាល្លឺម៉ង់។
លោក Nguyen Xuan Thang បានអះអាងថា បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលជាដៃគូសំខាន់មួយរបស់វៀតណាមនៅអឺរ៉ុប។ ដោយសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទ្រឹស្តី និងគោលនយោបាយជាមួយគណបក្សកុម្មុយនិស្ត កម្មករ និងគណបក្សឆ្វេងនិយម លោក Nguyen Xuan Thang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាលើកទី៥ និងកិច្ចពិភាក្សារវាងភាគីទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាល្លឺម៉ង់នៅវៀតណាម។ លោក Nguyen Xuan Thang បានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីប្រជាធិបតេយ្យ យុត្តិធម៌ និងវឌ្ឍនភាពសង្គមរបស់ប្រទេសនីមួយៗ រួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។
|
|
លោក Nguyen Xuan Thang ទទួលជួបលោក Maximilian Schirmer អនុប្រធានគណបក្សឆ្វេងនិយមអាល្លឺម៉ង់ (រូបថត៖ vnanet.vn) |
លោក Maximilian Schirmer បានអះអាងថា គណបក្សឆ្វេងនិយមអាល្លឺម៉ង់ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងភាពជាដៃគូប្រកបដោយប្រសិទ្ធភាពជាមួយមិត្តអន្តរជាតិ រួមទាំងគណបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងជំរុញទំនាក់ទំនងរវាងបក្សទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃគណបក្សឆ្វេងនិយមអាល្លឺម៉ង់ បក្សទាំងពីរបានរៀបចំកិច្ចសន្ទនាលើកទី៥ ក្រោមអធិបតីភាពរបស់លោក Nguyen Van Thanh អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងប្រធានគណៈប្រតិភូគណបក្សឆ្វេងនិយមអាល្លឺម៉ង់៕
បកប្រែដោយ Huyen Trang