ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី អភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តចំពោះការអភិវឌ្ឍដ៏រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយនៃទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៣ មក ជាពិសេសសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗដែលសម្រេចបានក្នុងទំនាក់ទំនងទាំងទ្វេភាគី និងពហុភាគី ចាប់តាំងពីប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងឡើងជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០១៥។
លោក To Lam និងលោក Anwar Ibrahim បានឯកភាពលើកកំពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីទៅក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់អាស៊ាន និងពិភពលោក។
លោក To Lam និងលោក Anwar Ibrahim បានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនុកចិត្តនយោបាយ ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ លើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងលើរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរ និងសភាទាំងពីរ និងបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដឹកនាំស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ កសាងកម្មវិធីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៥-២០៣០។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល លើកទឹកចិត្តធុរកិច្ចវិនិយោគនៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកម្លាំងផលិតភាពថ្មី រួមទាំងសេដ្ឋកិច្ចបៃតង នវានុវត្តន៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ថាមពលបៃតង បង្កើនការតភ្ជាប់ក្នុងវិស័យសំខាន់ៗផ្សេងទៀត។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រទេសទាំងពីរនៅយន្តការពហុភាគី ជាពិសេសនៅក្នុងអាស៊ាន និងអង្គការសហប្រជាជាតិ ហើយឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអន្តរជាតិ។ លោក To Lam បានអបអរសាទរ និងជឿជាក់ថា ម៉ាឡេស៊ីនឹងទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ ហើយអះអាងថា វៀតណាមនឹងគាំទ្រយ៉ាងសកម្ម និងសហការជាមួយម៉ាឡេស៊ី រួមចំណែកក្នុងកិច្ចការងាររួមរបស់អាស៊ាន។
លោក To Lam និងលោក Anwar Ibrahim បានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោក To Lam និងលោក Anwar Ibrahim បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ននានានៃប្រទេសទាំងពីរ។
បន្ទាប់ពីពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការ លោក To Lam និងលោក Anwar Ibrahim បានចូលរួមសន្និសីទកាសែតអំពីលទ្ធផលនៃកិច្ចពិភាក្សា។
ម៉ាឡេស៊ីតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម
នារសៀលថ្ងៃទី២១ ខែវិច្ឆិកា នៅទីស្នាក់ការសភាម៉ាឡេស៊ី លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយលោក Tan Sri Dato' Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី។
ភាគីទាំងពីរសង្កត់ធ្ងន់ថា ការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើនការជួបប្រជុំ និងកិច្ចពិភាក្សា បង្ហាញពីការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាផ្នែកនយោបាយ ជាពិសេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃប្រទេសទាំងពីរ។
|
|
លោក To Lam ជួបសវនាការជាមួយលោក Tan Sri Dato' Johari Bin Abdul |
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលភាគីនីមួយៗសម្រេចបាននាពេលកន្លងមកនេះ។ ថ្នាក់សដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយអះអាងថា ប្រទេសទាំងពីរគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់គ្នាទៅវិញទៅមក ហើយចែករំលែកផលប្រយោជន៍ជាច្រើន និងមានទស្សនៈស្រដៀងគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។
លោក To Lam បានជម្រាបជូនលោកប្រធានរដ្ឋសភាម៉ាឡេស៊ីអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Anwar Ibrahim។ លោក To Lam បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយសង្កត់ធ្ងន់ថា ម៉ាឡេស៊ីគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលមានក្របខ័ណ្ឌទំនាក់ទំនងកម្រិតខ្ពស់បំផុតជាមួយវៀតណាម។ លោក To Lam បានស្នើថា ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី សភាម៉ាឡេស៊ី រួមទាំងរដ្ឋសភា នឹងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ជាពិសេសក្នុងការត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាម៉ាឡេស៊ីនាពេលខាងមុខ បន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី រួមចំណែកអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក To Lam បានអះអាងថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មដល់ម៉ាឡេស៊ី ក្នុងការពង្រីកតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន។
លោក Tan Sri Dato' Johari Bin Abdul បានអះអាងថា ម៉ាឡេស៊ីតែងតែវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម រួមចំណែកពង្រឹងសន្តិភាព មិត្តភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ លើកកំពស់តួនាទីរបស់អាស៊ានក្នុងតំបន់។
* នារសៀលថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយលោក Dato' Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី។
លោក Dato' Awang Bemee Awang Ali Basah បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ លោក To Lam បានអបអរសាទរចំពោះសមិទ្ធិផលវិជ្ជមានដែលម៉ាឡេស៊ីសម្រេចបានក្នុងការពង្រឹងស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ព្រឹទ្ធសភាម៉ាឡេស៊ី និងលោក Dato' Awang Bemee Awang Ali Basah សម្រាប់ការអភិវឌ្ឍរបស់ប្រទេសម៉ាឡេស៊ី។
|
|
លោក To Lam ជួបសវនាការជាមួយលោក Dato' Awang Bemee Awang Ali Basah |
លោក To Lam បានជម្រាបជូនលោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ីអំពីលទ្ធផលសំខាន់ៗនៃកិច្ចពិភាក្សាជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រី ហើយភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក To Lam បានសង្កត់ធ្ងន់ថា ក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការ រួមចំណែកពង្រឹងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាពិភពលោក។
លោក Dato' Awang Bemee Awang Ali Basah បានវាយតម្លៃខ្ពស់ចំពោះប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយសង្កត់ធ្ងន់ថា ទំនាក់ទំនងនៅកម្រិតខ្ពស់ថ្មីបានបង្ហាញពីការអភិវឌ្ឍយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញឲ្យស្ថាប័នពាក់ព័ន្ធកសាង និងអនុវត្តផែនការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការឲ្យបានឆាប់ៗ។ លោក To Lam បានស្នើឲ្យភាគីទាំងពីរពិនិត្យ និងចរចារលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោក To Lam ក៏អះអាងថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មដល់ម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥។ លោក Dato' Awang Bemee Awang Ali Basah បានថ្លែងអំណរគុណវៀតណាម និងលោក To Lam ផ្ទាល់ចំពោះការជឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី។ លោកបានសង្កត់ធ្ងន់ថា នឹងសហការវៀតណាម និងបណ្តាប្រទេសអាស៊ានផ្សេងទៀត ដើម្បីបន្តរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រសិទ្ធភាពនៃបណ្ដាសកម្មភាព និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងបរិបទថ្មី៕
បកប្រែដោយ Thuy Anh