បង្កើតគំនូសសញ្ញាសំខាន់ក្នុងទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី
កប.អនឡាញ - តបតាមការអញ្ជើញពីលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញនូវគោលនយោបាយដោយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់ រួមទាំងម៉ាឡេស៊ី; មានបំណងចង់ចូលរួមជាមួយម៉ាឡេស៊ីក្នុងការជំរុញទំនាក់ទំនង មានទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលថ្មី នៅកម្រិតកាន់តែខ្ពស់ និងជាក់ស្តែង បំពេញតម្រូវការអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងរយៈពេលថ្មី; ធ្វើការយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវជាមួយប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ាន ដើម្បីកសាងសហគមន៍សាមគ្គីភាពដ៏រឹងមាំ រក្សាតួនាទីជាមជ្ឈភាពក្នុងរចនាសម្ព័ន្ធតំបន់ និងរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
|
|
លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា |
ក្រឡេកមើលទៅក្នុងប្រវត្តិសាស្ត្រកាលពីជាង ៥០ ឆ្នាំមុន ម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា។ ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ីក្នុងខែមីនា ឆ្នាំ ១៩៧៣ បានកត់សម្គាល់ការចាប់ផ្តើមនៃទំនាក់ទំនងដ៏ស្និទ្ធស្នាលរយៈពេលជាច្រើនទស្សវត្ស បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរ។ ដោយមានទីតាំងភូមិសាស្រ្តជិតស្និទ្ធ និងផលប្រយោជន៍គ្នាទៅវិញទៅមកក្នុងតំបន់ និងអន្តរជាតិ ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងម៉ាឡេស៊ីបានយកចិត្តទុកដាក់ឥតឈប់ឈរលើឱកាសដើម្បីរឹតបន្តឹងទំនាក់ទំនង ទោះបីជាមានការលំបាក និងបញ្ហាប្រឈមក្នុងពាក់កណ្តាលសតវត្សកន្លងមកក៏ដោយ។ ពីព្រឹត្តិការណ៍សំខាន់មួយក្នុងខែមីនា ឆ្នាំ១៩៧៣ ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងខែសីហា ឆ្នាំ២០១៥ ដោយបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី ជំរុញវៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ម៉ាឡេស៊ីក្នុងអាស៊ាន។
ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីរបស់លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនង វៀតណាម-ម៉ាឡេស៊ី បានបន្តអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។ ប្រទេសទាំងពីរបានបញ្ជាក់ពីកិច្ចសន្យារួមគ្នាក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងខិតខំរួមគ្នាដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីររក្សាដំណើរទស្សនកិច្ច និងការជួបជុំជាប្រចាំនៅវេទិកាអន្តរជាតិ និងតំបន់។ វៀតណាម និងម៉ាឡេស៊ីបានប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន ដែលត្រូវបានកត់សម្គាល់ដោយដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim និងលោកជំទាវក្នុងខែកក្កដា ឆ្នាំ ២០២៣។ ប្រទេសទាំងពីរក៏កំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីសកម្មភាព ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាលឆ្នាំ ២០២១-២០២៥។ ដោយឈរលើការបង្កើនទំនុកចិត្តនយោបាយ វៀតណាម និងម៉ាឡេស៊ីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ រក្សាបាននូវយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរគឺជាដៃគូសេដ្ឋកិច្ចឈានមុខរបស់គ្នាទៅវិញទៅមកក្នុងអាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១២.៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា កម្លាំងពលកម្ម ការអប់រំ វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
ក្នុងនាមជាសមាជិកសំខាន់ៗរបស់អាស៊ាន វៀតណាម និងម៉ាឡេស៊ីកំពុងធ្វើការយ៉ាងសកម្មជានិច្ចជាមួយប្រទេសសមាជិកដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព និងលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់សមាគម ពួតដៃគ្នាកសាងសហគមន៍អាស៊ានក្លាយទៅជាកម្លាំងចលករក្នុងរចនាសម្ព័ន្ធតំបន់កាន់តែទូលំទូលាយ។ ប្រទេសទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នានៅវេទិកាពហុភាគីផ្សេងទៀត និងតែងតែចែករំលែកគោលជំហរលើបញ្ហាតំបន់ និងអន្តរជាតិ។
ក្រឡេកមើលទៅសមិទ្ធិផលដែលសម្រេចបានក្នុងដំណើររយៈពេលជាងកន្លះសតវត្សកន្លងមក យើងមានទំនុកចិត្តទាំងស្រុងចំពោះអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី។ នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់ប្រទេសម៉ាឡេស៊ីនឹងទទួលបានជោគជ័យ បង្កើតជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីជំរុញទំនាក់ទំនង វៀតណាម-ម៉ាឡេស៊ី ចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
បកប្រែដោយ Thanh Cong