កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ តំណាងរដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូចំនួន ៨។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស អាស៊ានបន្តរក្សាតួនាទីមជ្ឈភាព និងជាស្ពានតភ្ជាប់សម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា។

អង្គប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM+); ធ្វើបច្ចុប្បន្នភាពស្ថានភាពកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះក្នុងអាស៊ាន; អនុម័តលើសេចក្តីថ្លែងការណ៍រួមប្រធានបទ របស់ ADMM+ ស្តីពីការប្រែប្រួលអាកាសធាតុ។ អង្គប្រជុំក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក រួមទាំងជម្លោះនៅអ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាស ស្ថានភាពនៅមីយ៉ាន់ម៉ានិងស្ថានភាពនៅឧបទ្វីបកូរ៉េ...; ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលរួមកិច្ចប្រជុំ ADMM+ លើកទី១១

ទាក់ទងនឹងស្ថានភាពសន្តិសុខក្នុងតំបន់ ប្រតិភូបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមគោលការណ៍ និងគោលដៅដែលមានចែងក្នុងធម្មនុញ្ញអង្គការ​សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដំណើរការបាលី ក៏ដូចជាការគោរពច្បាប់អន្តរជាតិ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។​ ប្រទេសជាដៃគូបានបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់។ ប្រតិភូបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិសុខដែនសមុទ្រ រួមទាំងសមុទ្រខាងកើតផងដែរ។

ប្រទេសជាច្រើនឯកភាពថា ជម្លោះគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ហើយសង្កត់ធ្ងន់លើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ប្រទេសនានា រួមទាំងប្រទេសចិនបានសម្តែងនូវបំណងចង់សម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងស្របតាម​ច្បាប់អន្តរជាតិ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់លើប្រធានបទ “រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់” ដែលដាក់ចេញដោយប្រទេសម្ចាស់ផ្ទះឡាវដោយឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមសម្រាប់តំបន់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងការទទួលខុសត្រូវរួមក្នុងការថែរក្សា សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ សេចក្តីប្រាថ្នា និងទំនួលខុសត្រូវដ៏ធ្ងន់នេះក៏ជាហេតុផលដែល ADMM+ បានបង្កើតឡើងនៅទីក្រុងហាណូយក្នុងឆ្នាំ ២០១០។ បន្ទាប់ពីរយៈពេល ១៤ ឆ្នាំ ADMM+ ជាមួយមជ្ឈភាពជាអាស៊ាន បាននិងកំពុងបង្ហាញពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខក្នុងតំបន់ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម រួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ និងក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមលោកឧត្តមសេនីយ៍ Phan Van Giang កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុង ADMM+ កំពុងពង្រឹងនិងពង្រីកឥតឈប់ឈរ និងសម្រេចបានលទ្ធផលវិជ្ជមានលើវិស័យទាំង ៧ ហើយក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិពហុភាគី ទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសជាច្រើន និងអង្គការអន្តរជាតិជុំវិញពិភពលោក។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ាននិងដៃគូនានា គួរតែផ្សារភ្ជាប់ទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់អាស៊ាន  ជាពិសេសចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥; បន្តលើកកម្ពស់តួនាទីមជ្ឈភាព លទ្ធភាពដឹកនាំនិងស្វ័យភាពជាយុទ្ធសាស្ត្ររបស់អាស៊ាន គោរពគោលការណ៍ និងតម្លៃស្នូលរបស់អាស៊ាន នោះជាកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍រួម។ លើកកម្ពស់ប្រសិទ្ធភាពថែមទៀតដើម្បីធ្វើឲ្យ ADMM+ ក្លាយជាយន្តការសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដ៏សំខាន់នៃតំបន់ ក៏ដូចជាពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើជំរុញការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិនៅគ្រប់ប្រទេស; ដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយផ្អែកលើការគោរពគ្នា និងការគោរពច្បាប់ និងការប្តេជ្ញាចិត្តអន្តរជាតិនិងតំបន់ មិនគំរាមកំហែងឬប្រើប្រាស់កម្លាំងយោធាក្នុងទំនាក់ទំនងអន្តរជាតិ​ ពង្រឹងសាមគ្គីភាព ភាពស្មោះត្រង់ និងទំនុកចិត្តក្នុងចំណោមប្រទេសជាសមាជិក ជំរុញកិច្ចសន្ទនា និងលុបបំបាត់ការប្រឈមមុខដាក់គ្នាដើម្បី ADMM+ តែងតែជាស្ពានតភ្ជាប់សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់ភាគី។ ដៃគូនានាគួរតែគោរពតួនាទីមជ្ឈភាព និងគោលការណ៍របស់អាស៊ាននៅពេលអនុវត្ដសកម្មភាពសហប្រតិបត្តិការក្នុងតំបន់។

អំពីបញ្ហាសមុទ្រខាងកើត វៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC ប្រកបដោយគុណភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982។​ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យដៃគូនានាគាំទ្រគោលជំហររបស់អាស៊ានលើសមុទ្រខាងកើត និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពដែលតែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ វៀតណាមប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេសហើយជាមិត្ត និងជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកសកម្ម មានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ និងប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ "៤ មិន "។

* នាថ្ងៃដដែល ពិធីផ្ទេរតំណែងប្រធាន ADMM និង ADMM+ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងវៀងច័ន្ទ។ អាស្រ័យហេតុនេះ ក្រសួងការពារជាតិម៉ាឡេស៊ី ធ្វើជាប្រធាន ADMM និង ADMM+ ប្ដូរវេនក្នុងឆ្នាំ ២០២៥។

* នាថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) បានប្រព្រឹត្ដទៅកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្រោមអធិបតតីភាពរបស់លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath និងលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។

លោកឧត្តមសេនីយ៍ឯក Dong Jun បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិចិន-អាស៊ាន កាន់តែមានប្រសិទ្ធភាព រួមចំណែករក្សាសន្តិសុខ ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់។ នៅក្នុងជំនួបនេះ ប្រតិភូទាំងឡាយបានពិនិត្យឡើងវិញនូវសមិទ្ធិផល និងបទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិអាស៊ាន-ចិន និងពិភាក្សាលើរាល់បញ្ហា  ដែលភាគីទាំងអស់យកចិត្ដទុកដាក់ដូចគ្នា ក៏ដូចជាដាក់ចេញទិសដៅដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិនាពេលខាងមុខ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ាន និងចិនបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ ចិនចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខដែលដឹកនាំដោយអាស៊ាន ដូចជា ADMM+ និងវេទិកាតំបន់អាស៊ាន (ARF) និងលើកសំណើសកម្មភាពជាច្រើនក្នុងការកសាងទំនុកចិត្ត និងសមត្ថភាពជាមួយប្រទេសសមាជិកអាស៊ានដូចជា៖ ការផ្លាស់ប្តូរវិទ្យាស្ថានស្រាវជ្រាវពីការពារជាតិអាស៊ាន-ចិន ការផ្លាស់ប្តូរនាយទាហានវ័យក្មេងអាស៊ាន-ចិន ក៏ដូចជាសកម្មភាពក្នុងក្របខ័ណ្ឌនៃក្រុមអ្នកជំនាញ ADMM+។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា ការដែលអាស៊ាន និងចិនកំពុងខិតខំប្រឹងប្រែងជំរុញដំណើរការចរចា COC បង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ហើយការសម្រេចឱ្យបានឆាប់នូវ COC ប្រកបដោយប្រសិទ្ធភាពនិងស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 គឺចាំបាច់ណាស់។

* នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក Dong Jun រដ្ឋមន្ដ្រីការពារជាតិចិន។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនមានការរីកចម្រើនខ្លាំងក្លា និងស្ថិរភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបទ្វេភាគីជាមួយលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក

* នាថ្ងៃទី ២១ ខែវិច្ឆិកា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបជាមួយលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ជួបពិភាក្សាជាមួយលោក Kim Yong Hyun រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ជួបទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក Alexander Fomin អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី និងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលី និងខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូង៕

បកប្រែដោយ Pham Diep