គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចប្រជុំនេះ។

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានជួយគាំទ្រប្រទេសឡាវក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២៤ រួមទាំងការរៀបចំកិច្ចប្រជុំ ADMM-18 ផងដែរ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកមានការវិវត្តន៍ដ៏ស្មុគស្មាញនាបច្ចុប្បន្ន កិច្ចប្រជុំនេះទន្ទឹងរង់ចាំការផ្ដល់យោបល់ពីប្រតិភូ ដើម្បីធានាឲ្យកិច្ចប្រជុំសម្រេចបាននូវគោលដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោះស្រាយបណ្ដាបញ្ហាប្រឈមក្នុងតំបន់នាបច្ចុប្បន្ន ដើម្បីអាស៊ាន "សន្តិភាព វិបុលភាព និងភាពធន់"។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ចូលរួមកិច្ចប្រជុំ ADMM-18

តាងនាមគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវការជឿជាក់ថា ក្រសួងការពារជាតិឡាវនឹងទទួលជោគជ័យក្នុងតួនាទីជាប្រធាន ADMM និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) បន្តពង្រឹងសាមគ្គីភាព និងកម្លាំងសមូហភាពក្នុងអាស៊ាន ដើម្បីឆ្លើយតបដោយភាពបត់បែន និងសកម្មចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដើម្បីតំបន់អាស៊ានប្រកបដោយសន្តិភាព សន្តិសុខ និងភាពធន់។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមគាំទ្រឡាវក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ាននៅឆ្នាំ២០២៤។

កិច្ចប្រជុំ ADMM-18 បានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM) អនុម័តលើឯកសារយុទ្ធសាស្ត្រ “ADMM និង ADMM+ ត្រៀមខ្លួនសម្រាប់អនាគត” (របស់ប្រ៊ុយណេ និងសិង្ហបុរី); អនុម័តលើការធ្វើសមយុទ្ធយោធាជើងទឹកអាស៊ាន-អាមេរិកលើកទី២ ឆ្នាំ២០២៥ និងឯកភាពលើរបៀបវារៈនៃកិច្ចប្រជុំ ADMM+ លើកទី១១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា។ល។ ជាពិសេស កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមទីក្រុងវៀងចន្ទន៍របស់ ADMM៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់។

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ADMM និង ADMM+ ក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសន្ទនាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការការពារជាតិដែលអាស៊ានជាមជ្ឈភាព។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ជាថ្មីថា អាស៊ានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងមិត្តរបស់អាស៊ាន តាមរយៈយន្តការដឹកនាំដោយអាស៊ាន ដើម្បីជម្រុញទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សា និងលើកកម្ពស់តួនាទីជាមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមចំណែកក្នុងគោលដៅរួមគឺ រក្សាសន្តិភាព និងសន្តិសុខ ក៏ដូចជាលើកកម្ពស់ភាពធន់ក្នុងនិងក្រៅតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

សេចក្តីថ្លែងការណ៍រួមបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់គោលការណ៍ និងគោលបំណងជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការពង្រឹងតួនាទីជាមជ្ឈភាព សាមគ្គីភាពរបស់អាស៊ាន និងរក្សានិម្មាបនកម្មក្នុងតំបន់ ស្របតាមច្បាប់អន្តរជាតិ បញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ដើម្បីតម្រង់ទិសសម្រាប់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។

សេចក្តីថ្លែងការណ៍រួមក៏គាំទ្រដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសន្តិភាព និងយូរអង្វែងចំពោះស្ថានភាពបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍រួមបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងមានលក្ខណៈស្ថាបនា ដើម្បីកសាងសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចុះហត្ថលេខាយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

*នារសៀលថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុងវៀងចន្ទន៍ (ឡាវ) កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក Lloyd Austin ប្រធានរដ្ឋក្រសួងការពារជាតិអាមេរិក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះគឺជាឱកាសល្អមួយដើម្បីពិភាក្សាអំពីបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ាននិងអាមេរិក ត្រូវបានពង្រឹង និងអភិវឌ្ឍយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព។ ក្រសួងការពារប្រទេសវៀតណាមវាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាព និងភាពជាក់ស្តែងនៃសកម្មភាពដែលលើកឡើងដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងរក្សាសន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់ ក៏ដូចជាការអភិវឌ្ឍរួមរបស់ប្រទេសសមាជិកអាស៊ាន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា វដ្ដទី៥ នៃក្រុមអ្នកជំនាញ ADMM+ បានចាប់ផ្តើមជាផ្លូវការ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា សហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី នឹងទទួលជោគជ័យក្នុងតួនាទីជាសហប្រធានក្រុមអ្នកជំនាញ ADMM+ ស្តីពីពេទ្យយោធាក្នុងវដ្តនេះ ហើយអះអាងថា វៀតណាមគាំទ្រ និងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ាន ជាពិសេសក្នុងក្របខ័ណ្ឌ ADMM+។

*នៅខាងក្រៅសន្និសីទ ADMM-18 និង ADMM+ លើកទី១១ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាទ្វេភាគីជាមួយមេបញ្ជាការកងកម្លាំងការពារជាតិទីម័រខាងកើត រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សិង្ហបុរី ហ្វីលីពីន ថៃ និងប្រ៊ុយណេ ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ៕

បកប្រែដោយ Thuy Anh