ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-ម៉ុងហ្គោលី ឲ្យកាន់តែរីកចម្រើនប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព
កប.អនឡាញ - នាល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ស្ថានទូតម៉ុងហ្គោលីប្រចាំវៀតណាមបានរៀបចំពិធីលៀងសាយភោជន៍ ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ម៉ុងហ្គោលី (ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥៤ / ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤) និងខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋម៉ុងហ្គោលី (ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ១៩២៤ / ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤)។
ថ្លែងនៅក្នុងពិធី លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរវៀតណាម និងម៉ុងហ្គោលី មានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ ដែលត្រូវបានចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំម៉ុងហ្គោលីគ្រប់ជំនាន់ និងត្រូវបានពង្រឹង និងអភិវឌ្ឍដោយឥតឈប់ឈរ ដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលទសវត្សរ៍ជាច្រើនកន្លងទៅ។
|
|
បណ្តាប្រតិភូនៅឯពិធីលៀងសាយភោជន៍ |
ជាមួយនឹងសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន និងការជឿជាក់យ៉ាងមុតមាំនាពេលអនាគត ភាគីទាំងពីរបានប្រកាសជាផ្លូវការនូវការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងខែកញ្ញា ឆ្នាំ ២០២៤ ដោយហេតុនេះ បើកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ រួមគ្នាចែករំលែកការជឿជាក់ សេចក្តីប្រាថ្នា និងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Le Minh Hoan បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចប្រកៀកស្មាជាមួយម៉ុងហ្គោលី ដើម្បីបន្តខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឱ្យកាន់តែរីកចម្រើនប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព និងស៊ីជម្រៅថែមទៀតនាពេលខាងមុខ។
លោក Jigjee Sereejav ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ុងហ្គោលីប្រចាំវៀតណាម បានពិនិត្យឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងម៉ុងហ្គោលី និងវៀតណាមក្នុងរយៈពេលកន្លងមក ព្រមទាំងសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការដែលអាចជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលល្អជាច្រើនលើគ្រប់វិស័យ និងកាន់តែទូលំទូលាយ៕
បកប្រែដោយ Huyen Trang