ការអភិវឌ្ឍនៃនាយកដ្ឋានរក្សាសន្តិភាពរបស់វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃកងកម្លាំងមួកខៀវរបស់វៀតណាម ដោយមានគំរូជាច្រើនជាយោធិនដែលបានខិតខំប្រឹងប្រែងដើម្បីជំនះការលំបាក និងបំពេញបេសកកម្មអន្តរជាតិដ៏ថ្លៃថ្នូយ៉ាងម៉ឺងម៉ាត់ក្នុងគ្រប់មុខតំណែងការងារ ដោយលះបង់ខ្លួនដើម្បីបេសកកម្មរួម។ រូបភាពនៃកងទ័ពមួកខៀវវៀតណាមដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅបណ្តាប្រទេសក្រីក្រនៅអាហ្វ្រិក ដែលហែកហួរដោយសង្គ្រាមបានក្លាយជាប្រភពនៃការបំផុសគំនិត បង្កើតផលវិជ្ជមាន និងមានអត្ថន័យអប់រំឧត្តមគតិនៃជីវិតដ៏ថ្លៃថ្នូ និងចេះឱ្យតម្លៃទៅលើសន្តិភាព សេចក្តីស្រឡាញ់ ការទទួលខុសត្រូវ និងការចែករំលែកជាមួយសហគមន៍។

ថ្វីត្បិតតែជាកម្លាំងទើបបានបង្កើតថ្មី បំពេញបេសកកម្មអន្តរជាតិនៅឆ្ងាយពីមាតុភូមិ ហើយប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏កម្លាំងវៀតណាមដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានលើកតម្កើងប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម “សម្រេចបានរាល់ភារកិច្ច ជំនះរាល់ការលំបាក” រួមចំណែកយ៉ាងសំខាន់ក្នុងភារកិច្ចកសាងឡើងវិញ ថែរក្សាសន្តិភាព និងផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ រួមចំណែកលើកកំពស់កិត្យានុភាព និងកិត្តិនាមរបស់វៀតណាម និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ។ ទន្ទឹមនោះរួមចំណែកជាក់ស្តែងក្នុងការដោះស្រាយបញ្ហាសន្តិសុខ ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក បង្កើតបរិយាកាសអន្តរជាតិអំណោយផល ដើម្បីកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី។

leftcenterrightdel
យោធិននារីនៃកងទ័ពវៀតណាម ជាមួយកុមារនៅតំបន់ Abyei

កងកម្លាំងវៀតណាមដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងកើនឡើងឥតឈប់ឈរអំពីចំនួនដោយមានគុណភាព និងប្រសិទ្ធភាពកាន់តែប្រសើរឡើង។ ចាប់តាំងពីនាយទាហានពីរនាក់ដំបូងដែលបានដាក់ពង្រាយក្នុងឆ្នាំ ២០១៤ រហូតទៅកាន់ប្រទេសស៊ូដង់ខាងត្បូង រហូតមកដល់បច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមបានបញ្ជូនយោធិនជាង ៨០០ នាក់ក្នុងទម្រង់ជាលក្ខណៈបុគ្គល និងអង្គភាពនៅទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល តំបន់ Abyei និងទីស្នាក់ការអង្គការសហប្រជាជាតិ។ មន្ទីរពេទ្យនៃកងពេទ្យកម្រិត ២ របស់ប្រទេសវៀតណាមនៅស៊ូដង់ខាងត្បូង បានក្លាយទៅជាអាសយដ្ឋានថែទាំសុខភាពដ៏មានកិត្យានុភាពដោយមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមានសមត្ថភាពខ្ពស់ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់អ្នកជំងឺ បង្កើតសញ្ញាសម្គាល់ពិសេសនៅក្នុងតំបន់។ នៅឆ្នាំ ២០២២ ជាលើកដំបូងហើយដែលវៀតណាមបានបញ្ជូនក្រុមទ័ពជាងទៅកាន់តំបន់ Abyei ដែលជាតំបន់ថ្មីមួយ អាស្រ័យហេតុនោះបង្កើតបានរបកគំហើញសម្រាប់វៀតណាមក្នុងការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

កងទ័ពប្រជាជនវៀតណាមបានកាន់មុខតំណែងផ្សេងៗគ្នាជាច្រើនក្នុងបេសកកម្មរក្សាសន្តិភាព រួមទាំងមុខតំណែងថ្មីៗជាច្រើនដូចជា៖ នាយទាហានភស្តុភារ នាយទាហានស្បៀងអាហារ នាយទាហានសម្របសម្រួលស៊ីវិល-យោធា នាយទាហានវិស្វកម្ម នាយទាហានទំនាក់ទំនង... ក្នុងបរិយាកាសការងារអន្តរជាតិបានបង្ហាញឱ្យឃើញ គុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈរបស់កងទ័ពវៀតណាម។

ក្នុងនាមជាទីភ្នាក់ងារផ្តល់ប្រឹក្សាសម្រាប់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងដឹកនាំដោយផ្ទាល់ និងគ្រប់គ្រងកងកម្លាំងកងទ័ពប្រជាជនវៀតណាមដែលចូលរួមក្នុងសកម្មភាពនេះ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានផ្តល់ប្រឹក្សាជាច្រើនដោយផ្សារភ្ជាប់និងភារកិច្ចជាក់ស្តែងដើម្បីអភិវឌ្ឍកម្លាំងរីកចម្រើនឥតឈប់ឈរ រួមជាមួយនឹងវិធានការ និងគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

វៀតណាមតែងតែមានគោលបំណងសម្រេចបាននូវគោលដៅសំខាន់ៗរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងពេលចូលរួមបេសកកម្មរក្សាសន្តិភាព។ វឌ្ឍនភាពរបស់វៀតណាមក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការពិភពលោកក្នុងការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានទទួលស្គាល់ដោយប្រទេស និងអង្គការអន្តរជាតិនានា។ 

នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័ន អង្គភាពនានាក្នុងជួរកងទ័ព ដើម្បីបំពេញការងារបានល្អក្នុងការរៀបចំបុគ្គលិកប្រកបដោយគុណភាពខ្ពស់ ដើម្បីចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បង្កើតប្រភពកម្មាភិបាលដែលបំពេញបានលក្ខខណ្ឌក្នុងការដាក់ពាក្យចូលបម្រើការងារមិនត្រឹមតែនៅ ទីស្នាក់ការអង្គការសហប្រជាជាតិ ប៉ុន្តែក៏មានគោលបំណងដាក់ពាក្យសុំតំណែងជាថ្នាក់បញ្ជាការជាន់ខ្ពស់នៅទីស្នាក់ការបំពេញបេសកកម្ម។

leftcenterrightdel
កងទ័ពវៀតណាម ប្រគល់ផ្ទះមិត្តភាពដល់ប្រជាជន Abyei

ក្នុងបរិបទនៃការអភិវឌ្ឍអន្តរជាតិដ៏ស្មុគស្មាញ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជម្លោះកើនឡើង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាន់តែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យកងកម្លាំងរបស់ប្រទេសនានាត្រូវតែបំពេញតម្រូវការខ្ពស់ជាង បានជាថ្នាក់ដឹកនាំ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម ត្រូវតែកំណត់ថា ភារកិច្ចរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម នឹងកាន់តែធ្ងន់ទៅៗ ដោយតម្រូវឱ្យនាយទាហាន ទាំងអស់នៃអង្គភាពត្រូវតែរួបរួម និងខិតខំប្រឹងប្រែងឥតឈប់ឈរ មានភាពចាស់ទុំខាងនយោបាយ និងលើកកម្ពស់គុណវុឌ្ឍិវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការការងារ។

អាស្រ័យហេតុនោះ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បន្តគ្រប់គ្រង បញ្ជា និងដឹកនាំរាល់កងកម្លាំងចំណុះដែលដាក់ពង្រាយឱ្យបំពេញភារកិច្ចក្នុងបេសកកម្មរក្សាសន្តិភាពត្រូវតែធានាឱ្យបាននូវសុវត្ថិភាពទាំងស្រុង និងសម្រេចបានជោគជ័យរាល់ភារកិច្ចដែលបានប្រគល់ជូន។

១០ឆ្នាំមិនយូរប៉ុន្មានទេ ប៉ុន្តែអាចបញ្ជាក់បានថា វៀតណាមបានបោះជំហានយ៉ាងធំធេងក្នុងការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រាល់សមិទ្ធផល និងលទ្ធផលដែលសម្រេចបាននឹងបង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចិត្តដ៏រឹងមាំសម្រាប់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមដឹកនាំ និងណែនាំប្រកបដោយជោគជ័យនូវសកម្មភាពរបស់កងកម្លាំងមួកខៀវវៀតណាម  បន្តអនុវត្តឱ្យបានជោគជ័យនូវភារកិច្ចទាំងអស់ដែលត្រូវបានបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន ព្រមទាំងសក្តិសមជាកងកម្លាំងឈានមុខគេរបស់កងទ័ពប្រជាជនវៀតណាមចូលរួមបេសកកម្មអន្តរជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក៕

បកប្រែដោយ Minh Trung