នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូឈានមុខគេមួយ ព្រមទាំងមានបំណងជំរុញទំនាក់ទំនងទ្វេភាគី ដោយឈរលើការគោរពឯករាជ្យ អធិបតេយ្យភាព និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចាត់ទុកថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អាមេរិក ត្រូវបានបន្តរក្សាស្របតាមឯកសារ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ កិច្ចសន្ទនា - ការពិគ្រោះយោបល់ ការជំនះពុះពារផលវិបាកនៃសង្គ្រាម រក្សាសន្តិភាពអង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល ការលើកកម្ពស់សមត្ថភាព ជំនួយមនុស្សធម៌ - ជំនួយសង្គ្រោះគ្រោះមហន្តរាយ។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយលោកស្រី Tammy Duckworth

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសន្យារបស់សហរដ្ឋអាមេរិកចំពោះវៀតណាមក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ជាពិសេសគឺការបង្កើនថវិកាជួយដល់ការបន្សាបជាតិពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa ពី ១៨៣ លានដុល្លារអាមេរិក ទៅ ៣០០ លានដុល្លារអាមេរិក; បំពេញបន្ថែម ៣០ លានដុល្លារអាមេរិកសម្រាប់សកម្មភាពជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ /dioxin នៅវៀតណាម។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម។

នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យលោកស្រី Tammy Duckworth យកចិត្តទុកដាក់ និងជំរុញសភាអាមេរិក បន្តគាំទ្រការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។

រីឯលោកស្រី Tammy Duckworth បានអះអាងថា លោកស្រីតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាម ដោយហេតុនោះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលភាគីទាំងពីរមានតម្រូវការ សមត្ថភាព និងសមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងការពារជាតិ។ ទន្ទឹមនឹងនោះ លោកស្រី Tammy Duckworth បានអះអាងថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកព្រឹទ្ធសភាអាមេរិកជំនាន់មុន ក្នុងការពូនជ្រំទំនាក់ទំនងទ្វេភាគី និងជួយឧបត្ថម្ភវៀតណាមលើវិស័យផ្សេងៗ ជាពិសេសជំនះពុះពារផលវិបាកនៃសង្គ្រាម ស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម និងបោសសម្អាតមីន។ល៕

បកប្រែដោយ Huyen Trang