ក្រុមនាវាលេខ ៩៨៧ នៃកងទ័ពជើងទឹកចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត Khanh Hoa
កប.អនឡាញ - នាព្រឹកថ្ងៃទី៦ ខែកញ្ញា ក្រុមនាវាលេខ ៩៨៧ នៃកងទ័ពជើងទឹករំដោះប្រជាជនចិន ដោយលោកវរសេនីយ៍ឯក Libai ធ្វើជាមេបញ្ជាការ រួមមាននាវាពិឃាតលេខ ១៧៤ នាវាលេខ ៩៨៧ និងនាវាលេខ ៩៨៥ បានចូលចត់កំពង់ផែអន្តរជាតិ Cam Ranh ចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្ត Khanh Hoa។
អញ្ជើញចូលរួមទទួលស្វាគមន៍មានលោកវរសេនីយ៍ឯក Nguyen Van Ngan នាយរងសេនាធិការតំបន់លេខ ៤ កងទ័ពជើងទឹកវៀតណាម រួមជាមួយតំណាងមន្ទីរការបរទេសខេត្ត Khanh Hoa និងស្ថាប័នមានសមត្ថកិច្ចវៀតណាមមួយចំនួន។ ភាគីចិនមានតំណាងថ្នាក់ដឹកនាំស្ថានទូត អនុព័ន្ធយោធាចិន និងមន្ត្រីស្ថានទូតចិនប្រចាំនៅវៀតណាមជាច្រើនរូបផងដែរ។
|
|
ពិធីទទួលស្វាគមន៍ក្រុមនាវាលេខ ៩៨៧ នៃកងទ័ពជើងទឹកចិននៅកំពង់ផែអន្តរជាតិ Cam Ranh |
ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្ត Khanh Hoa ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ក្រុមមេបញ្ជាការនាវាលេខ ៩៨៧ នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ថ្នាក់ដឹកនាំតំបន់លេខ ៤ កងទ័ពជើងទឹក និងចូលរួមប្រកួតកីឡាជាមួយកម្មាភិបាល យុទ្ធជននៃតំបន់លេខ ៤ កងទ័ពជើងទឹក។
ក្រុមនាយទាហាន និងនាវិកបានចូលរួមសកម្មភាពផ្លាស់ប្តូរជំនាញជាមួយអង្គភាពមុខងាររបស់ក្រសួងការពារប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិន ឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕
បកប្រែដោយ Pham Diep