leftcenterrightdel
ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ លោក Radim Srsen អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់នៃសាធារណរដ្ឋឆែក បានវាយតម្លៃខ្ពស់ និងស្វាគមន៍គណៈប្រតិភូនៃក្រសួងសំណង់ និងគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម។ លោក Srsen បានជម្រាបជូន​អំពី​វិស័យសំខាន់ៗរបស់ក្រសួង ជាពិសេសការតាក់តែងគោលនយោបាយអភិវឌ្ឍន៍តំបន់ គោលនយោបាយលំនៅដ្ឋាន ការអភិវឌ្ឍន៍មូលនិធិលំនៅដ្ឋាន ការរៀបចំផែនសំណង់។ លើសពីនេះ ក្រសួងក៏ដើរតួនាទីសម្របសម្រួលថ្នាក់ជាតិ ដោយបង្កើតក្របខណ្ឌឯកភាពមួយសម្រាប់គ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ក្នុងសាធារណរដ្ឋឆែក ព្រមទាំងតភ្ជាប់មូលនិធិនានារបស់សហភាពអឺរ៉ុប (EU) កាត់បន្ថយភាពខុសប្លែកគ្នាលើកម្រិតអភិវឌ្ឍន៍រវាងតំបន់នានា នាំមកនូវកម្រិតសេដ្ឋកិច្ចរបស់សាធារណរដ្ឋឆែកកាន់តែខិតទៅជិតកម្រិត EU ។

រីឯខ្លួនវិញ លោក Nguyen Thanh Nghi រដ្ឋមន្ត្រីក្រសួងសំណង់ តាងនាមឱ្យគណៈប្រតិភូបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានទៅបំពេញទស្សនកិច្ចការងារ​នៅសាធារណរដ្ឋឆែក ក៏ដូចជាមានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍នៃរដ្ឋធានី Prague ។ លោករដ្ឋមន្ត្រី Nguyen Thanh Nghi បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​រវាងវៀតណាម និងសាធារណរដ្ឋឆែកក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥)។ លោករដ្ឋមន្ត្រីចង់ឱ្យភាគីទាំងពីរពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើវិស័យរៀបចំទីក្រុង ការគ្រប់គ្រងទីក្រុង និងការអភិវឌ្ឍន៍លំនៅដ្ឋាន។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីច្បាប់ប្បញ្ញត្តិទាក់ទងនឹងប្រព័ន្ធរៀបចំទីក្រុងនៃសាធារណរដ្ឋឆែក តម្រូវការក្នុងការគ្រប់គ្រងការៀបចំទីក្រុងសម្រាប់តំបន់ពិសេស សកម្មភាពត្រួតពិនិត្យក្នុងការអនុវត្តការរៀបចំទីក្រុង ការគ្រប់គ្រងស្ថាបត្យកម្មទីក្រុង និងផែនការអនុវត្តការរៀបចំទីក្រុង។

បកប្រែដោយ Duy Hoan