ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលថ្មីៗនេះ និងសម្រេចបានលទ្ធផលល្អក្នុងវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រក្សាបានល្អនូវយន្តការពិគ្រោះយោបល់  កិច្ចសន្ទនា  ការបណ្ដុះបណ្ដាល និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា  សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគីដែលដឹកនាំដោយអាស៊ាន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ចូលជួបសម្តែងការគួរសមជាមួយលោក Ferdinand Romualdez Marcos Jr ប្រធានាធិបតីហ្វីលីពីន

លោកនាយឧត្តមសេនីយ៍ Phan Van Giang មានបំណងថា រដ្ឋាភិបាលហ្វីលីពីននិងលោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. ផ្ទាល់បន្តយកចិត្តទុកដាក់ និងគាំទ្រក្រសួងការពារជាតិនៃប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ និង​គាំទ្រការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍រវាងកងឆ្មាំសមុទ្រវៀតណាម និងហ្វីលីពីន ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនមែនជាប្រពៃណីនៅដែនសមុទ្រ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang មានបំណងចង់ឲ្យភាគីទាំងពីរបន្តបង្កើនការសហការគ្នា និងការប្រតិបត្តិមនុស្សធម៌ចំពោះករណីដែលអ្នកនេសាទរំលោភបំពាន​លើដែនទឹករបស់គ្នាទៅវិញទៅមក ហើយចែករំលែកព័ត៌មាន និងគោលជំហរបានទាន់ពេលលើរាល់បញ្ហាដែលភាគីទាំងពីរយកចិត្ដទុកដាក់ដូចគ្នា។

ភាគីទាំងពីរបានចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិនិងតំបន់។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “៤ មិន” (មិនចូលរួមសម្ព័ន្ធយោធាណាមួយ ឬ មិនសហការជាមួយប្រទេសណាមួយដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ មិនអនុញ្ញាតឱ្យបរទេសណាមួយបង្កើតមូលដ្ឋានយោធា ឬ ប្រើទឹកដីនៃប្រទេសខ្លួនដើម្បីប្រឆាំងប្រទេសផ្សេងទៀត និងជៀសវាងការប្រើប្រាស់កម្លាំង ឬ ការគំរាមកំហែងប្រើកម្លាំងទ័ពក្នុងទំនាក់ទំនងអន្តរជាតិ) ។

លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. និងលោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ភាគីទាំងពីរបញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  ឆ្ពោះទៅរកក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។ វៀតណាមនិងហ្វីលីពីននឹងប្រារព្ធខួបលើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៥។ ដូច្នេះហើយ លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. និងលោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងការជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងបន្តមានការអភិវឌ្ឍថ្មីៗលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សមស្របនឹងសក្ដានុពលនិងប្រៀបខ្លាំងនៃភាគីទាំងពីរ។

* នាថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារជាតិហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល ក្រសួងការពារជាតិហ្វីលីពីន បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូក្រសួងការពារប្រទេស​វៀតណាមដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីន។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន និងលោករដ្ឋមន្ត្រី Phan Van Giang បានជួបពិភាក្សាការងារជាមួយគ្នា។

leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកនាយឧត្តមសេនីយ៍ Phan Van Giang នៅទីស្នាក់ការ ក្រសួងការពារជាតិហ្វីលីពីន

ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មនូវទំនាក់ទំនងបរទេស។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយបណ្ដាប្រទេស រួមទាំងហ្វីលីពីន ដែលជាប្រទេសជិតខាង  និងជាសមាជិកសកម្មនៃអាស៊ានផងដែរ។

លោករដ្ឋមន្ត្រី Gilberto Teodoro អះអាងថា ហ្វីលីពីនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ហើយប្តេជ្ញាធ្វើការជាមួយវៀតណាម ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយនិងនិរន្តរភាព រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ និងពិភព​លោក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងលោករដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Gilberto Teodoro

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាម និងហ្វីលីពីនគឺជាប្រទេសជិតខាងទាំងពីរដែលជាប់ព្រំដែនសមុទ្រ ហើយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អាស៊ាន។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៧៦ មក ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនឥតឈប់ឈរលើវិស័យជាច្រើន។ ជាពិសេសក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបានមានការអភិវឌ្ឍវិជ្ជមាន និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរួមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន ដែលលេចធ្លោលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការរក្សាយន្តការសន្ទនា និងពិគ្រោះយោបល់; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា; ការសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី ជាពិសេសនៅយន្តការ ADMM និង ADMM+ និងគាំទ្រព្រឹត្តិការណ៍ពហុភាគីដែលរៀបចំដោយភាគីនីមួយៗ... ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃ ADMM និង ADMM+ តាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងផ្ដល់គំនិតផ្តួចផ្តើមជាច្រើនដ៏មានតម្លៃជាក់ស្តែង។

នាពេលខាងមុខ ភាគីទាំងពីរបានអះអាងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព ឆ្ពោះទៅអបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៥-២០២៥) និងខួបលើកទី ៥០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦) ដោយផ្តោតលើវិស័យដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីចែករំលែកទស្សនៈលើបញ្ហាយុទ្ធសាស្ត្រ បង្កើនទំនុកចិត្តនិងការយល់ដឹងគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; កិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាព ជាពិសេសកងកម្លាំងអនុវត្តច្បាប់នៅដែនសមុទ្រ តាមរយៈការជួបប្រាស្រ័យ ការផ្លាស់ប្តូរជំនាញ និងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនជាប្រពៃណី។ ព្រមទាំងសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី ជាពិសេស ADMM និង ADMM+; គាំទ្រព្រឹត្តិការណ៍ពហុភាគីដែលរៀបចំដោយភាគីនីមួយៗ។

លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Gilberto Teodoro បានវាយតម្លៃថា ភាគីទាំងពីរនៅមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍; សន្ដិសុខតាមបណ្តាញអុីនធឺណិត; ភស្តុភារ; វេជ្ជសាស្ត្រយោធា; ឧស្សាហកម្មការពារជាតិ; ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនិងការស្វែងរក ការជួយសង្គ្រោះ និងការរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ...

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Gilberto Teodoro ចុះហត្ថលេខាលើលិខិតបញ្ជាក់បំណង

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Gilberto Teodoro បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងរវាងក្រសួងការពារជាតិទាំងពីរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយតាមសមុទ្រ។ លិខិតបញ្ជាក់បំណងរវាងក្រសួងការពារជាតិទាំងពីរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រយោធា។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Gilberto Teodoro ជួបជាមួយអ្នកសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា

បន្ទាប់មក លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Gilberto Teodoro បានជួបជាមួយអ្នកសារព័ត៌មាន ដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា។

* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីន លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន៕

បកប្រែដោយ Pham Diep