នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តគោលនយោបាយការបរទេសពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម និងគោលនយោបាយសន្តិភាព និងការពារជាតិ មិនចូលរួមសម្ព័ន្ធភាពយោធា; មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសមួយទៀត; មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសមួយទៀត មិនប្រើកម្លាំងអាវុធ ឬគំរាមប្រើកម្លាំងអាវុធក្នុងទំនាក់ទំនងអន្តរជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Vernon Coaker ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ

ភាគីទាំងពីរបានអះអាងថា នាពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-អង់គ្លេស បានអនុវត្តក្នុងទិសដៅត្រឹមត្រូវ ស្របតាមលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អង់គ្លេស លើកទី៤ និងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ចុះហត្ថលេខាក្នុងឆ្នាំ ២០១៧) ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ឈរលើមូលដ្ឋាននេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ បន្តរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា ព្រមទាំងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន និងសាលាក្នុងកងទ័ពនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពបន្តអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស ពេទ្យយោធា សន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម។ល។

យោងតាមលោក Vernon Coaker នាពេលកន្លងមក កិច្ចសហប្រតិបត្តិការវៀតណាម-អង់គ្លេសត្រូវបានអនុវត្តយ៉ាងសកម្មលើវិស័យជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ដោយទទួលខ្លឹមសារដែលបានផ្លាស់ប្តូរក្នុងកិច្ចសន្ទនា នាពេលខាងមុខ ក្រសួងការពារជាតិអង់គ្លេសនឹងខិតខំប្រឹងប្រែងជំរុញនិងដឹកនាំស្ថាប័នមានសមត្ថកិច្ចអង់គ្លេសសហការជាមួយស្ថាប័ននានានៃក្រសួងការពារប្រទេសវៀតណាមដើម្បីអនុវត្តយ៉ាងពេញលេញនូវលទ្ធផលនៃកិច្ចសន្ទនានេះ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh