ផ្សព្វផ្សាយរូបភាពវប្បធម៌ និងមនុស្សវៀតណាមដល់សហរដ្ឋអាមេរិក
កប.អនឡាញ - នាថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីកម្មវិធីជម្រុញទេសចរណ៍និងភាពយន្តវៀតណាមនៅសហរដ្ឋអាមេរិក។
កម្មវិធីនេះ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង San Francisco និងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ក្រោមប្រធានបទ "វៀតណាម - គោលដៅថ្មីនៃភាពយន្តពិភពលោក"។ កម្មវិធីនេះមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ តំណាងនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម តំណាងខេត្ត-ក្រុង និងតំណាងមន្ទីរទេសចរណ៍មួយចំនួន ធុរកិច្ចទេសចរណ៍ ធុរកិច្ចភាពយន្ត តារាសម្ដែង...
|
|
តំណាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ឧទ្ទេសនាមអំពីកម្មវិធីជម្រុញទេសចរណ៍ និងភាពយន្តវៀតណាមនៅសហរដ្ឋអាមេរិក |
តាមគម្រោង គណៈប្រតិភូវៀតណាមនឹងទៅបំពេញទស្សនកិច្ចការងារ និងពិភាក្សាជាមួយ Google ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងផ្សព្វផ្សាយទេសចរណ៍ និងភាពយន្តវៀតណាម។
លោក Ho Anh Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឲ្យដឹងថា កម្មវិធីផ្សព្វផ្សាយទេសចរណ៍ និងភាពយន្តវៀតណាមនៅសហរដ្ឋអាមេរិកមានសកម្មភាពសំខាន់ៗដូចជា៖ ការបញ្ជូនក្រុមការងារទៅធ្វើការជាមួយភាគីអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងភាពយន្ត ការរៀបចំលំហផ្សព្វផ្សាយអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាម សិក្ខាសាលាអំពីសក្តានុពលទេសចរណ៍ និងភាពយន្តរបស់វៀតណាម ពិធីជប់លៀង និងការសម្តែងសិល្បៈប្រពៃណី។ ជាពិសេស ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា នឹងមានការចែករំលែករបស់ផលិតករភាពយន្តអាមេរិកអំពីការផលិតភាពយន្ដនៅវៀតណាម៕
បកប្រែដោយ Thuy Anh