ផ្នែកទេសចរណ៍ «ពន្លឿនល្បឿន» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
កប.អនឡាញ - ចាប់តាំងពីដើមឆ្នាំមក ចំនួននៃការស្វែងរកអន្តរជាតិសម្រាប់ទេសចរណ៍វៀតណាម បានកើនឡើងពី ១០% ដល់ ២៥% ជាប់ចំណាត់ថ្នាក់ទី៧ នៅលើពិភពលោក។ វៀតណាមក៏ជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ដែលត្រូវបានស្វែងរកច្រើនជាងគេទាំង ១០ ដែលវ៉ាដាច់ប្រទេសដទៃទៀតនៅក្នុងតំបន់។
នាពេលថ្មីៗនេះ កាសែតអនឡាញរបស់អង់គ្លេស Express បានចុះផ្សាយអត្ថបទមួយអំពីបទពិសោធន៍ក្នុងការធ្វើដំណើរទេសចរណ៍នៅប្រទេសវៀតណាមរបស់អ្នកកាសែត Molly Toland។ នៅក្នុងអត្ថបទនេះ អ្នកនិពន្ធចាត់ទុកថា សម្រាប់អ្នកដែលកំពុងស្វែងរកគោលដៅទេសចរណ៍សម្រាប់សម្រាកលំហែកាយថ្មីនៅតំបន់អាស៊ីអាគ្នេយ៍នោះ ប្រទេសវៀតណាមគឺជាគោលដៅដ៏អស្ចារ្យសម្រាប់ស្វែងយល់។
ក្លាយជាគោលដៅដ៏ទាក់ទាញ
យោងតាមទិន្នន័យពី Google Destination Insights វៀតណាមគឺជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដែលវ៉ាដាច់ដៃគូប្រកួតប្រជែងផ្សេងទៀតនៅក្នុងតំបន់ដូចជាហ្វីលីពីន (ជាប់ចំណាត់ថ្នាក់ទី១៨) សិង្ហបុរី (ជាប់ចំណាត់ថ្នាក់ទី២៥) ប្រទេសថៃ (ជាប់ចំណាត់ថ្នាក់ទី៣៦) ឥណ្ឌូនេស៊ី (ជាប់ចំណាត់ថ្នាក់ទី ៣៧) ម៉ាឡេស៊ី (ជាប់ចំណាត់ថ្នាក់ទី ៣៩)។
វៀតណាមក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសារផលិតផលទេសចរណ៍ដ៏សម្បូរបែប និងទាក់ទាញអារម្មណ៍ ពីទេសចរណ៍វប្បធម៌ ធម្មជាតិ កោះ និងទីក្រុង ដល់ផលិតផលថ្មីៗដូចជា កសិកម្ម ផ្លូវដែក ការថែទាំសុខភាព និងទេសចរណ៍កីឡា។ល។ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់វៀតណាមត្រូវបានវិនិយោគកាន់តែព្រមៗគ្នា និងទំនើប ហើយការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ ការបើកជើងហោះហើរត្រង់តភ្ជាប់ទីក្រុងធំៗលើពិភពលោកជាមួយវៀតណាម...បានបង្កើតលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។
    |
 |
វៀតណាមជាប្រទេសមួយដែលមានគោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរមកទស្សនា (រូបថត៖ nhandan.vn) |
ជាពិសេស គោលនយោបាយស្តីពីទិដ្ឋាការ និងការឆ្លងដែនដែលបង្កើតលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក៏ជាគឺជាចំណុចភ្លឺក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ។ ទន្ទឹមនឹងនោះ វៀតណាមជាប្រទេសដែលមានស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ ស្ថិរភាព ដែលជាកត្តាសំខាន់បំផុតមួយសម្រាប់ភ្ញៀវទេសចរ។ នាពេលកន្លងមកនេះ ផ្នែកទេសចរណ៍បានរៀបចំយ៉ាងសកម្មនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍នៅតាមទីផ្សារសំខាន់ៗ ដើម្បីផ្សព្វផ្សាយរូបភាព និងម៉ាកសញ្ញាទេសចរណ៍វៀតណាមដល់ភ្ញៀវទេសចរអន្តរជាតិ។
នៅក្នុងរបាយការណ៍ "និន្នាការនៃការធ្វើដំណើរនៅរដូវក្តៅពីអឺរ៉ុបទៅអាស៊ី" របស់ Agoda វៀតណាមក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍របស់អាស៊ីទាំង ៥ ដែលត្រូវបានស្វែងរកជាច្រើននៅរដូវក្តៅឆ្នាំ២០២៥ ដោយភ្ញៀវទេសចរមកពីអឺរ៉ុប។ ក្នុងនោះ បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្សី និងន័រវេស គឺជាប្រទេសចំនួនប្រាំដែលមានអ្នកស្វែងរកច្រើនបំផុតសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។
"គូប្រជែង" មានការភ័យខ្លាច
ផ្នែកទេសចរណ៍វៀតណាមបានក្លាយជាចំណុចភ្លឺនៅក្នុងខឿនសេដ្ឋកិច្ចក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ជាមួយនឹងចំនួនភ្ញៀវទេសចរអន្តរជាតិជាង ៩.២ លាននាក់ដែលមកកាន់ប្រទេសវៀតណាម កើនឡើង ២១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរកត់សម្គាល់ថា ការត្រឡប់មកវិញដ៏គួរឲ្យចាប់អារម្មណ៍នៃទីផ្សារចិន (វៀតណាមទទួលបានភ្ញៀវទេសចរចំនួន ២.៣៦ លាននាក់) ក៏បានធ្វើឲ្យ “គូប្រជែងកំពូល” របស់ប្រទេសវៀតណាម គឺប្រទេសថៃ មានការភ័យខ្លាចចំពោះការធ្លាក់ក្នុងចំណាត់ថ្នាក់នេះជាលើកដំបូង។
លោក Thanet Supornsahasrungsi ប្រធានសមាគមទេសចរណ៍ Chon Buri (ប្រទេសថៃ) បានព្យាករណ៍ថា វៀតណាមអាចវ៉ាដាច់ប្រទេសថៃក្នុងចំនួនភ្ញៀវអន្តរជាតិសរុបក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។ ដោយផ្អែកលើកត្តាមួយចំនួនដូចជារមណីយដ្ឋានថ្មីៗជាច្រើន និងមានសួនកម្សាន្តជាច្រើនសម្រាប់គ្រួសារ ហើយកញ្ចប់ដំណើរកម្សាន្តនៅសណ្ឋាគារក្នុងប្រទេសវៀតណាមមានតម្លៃសូម្បីតែដែលស្មើពាក់កណ្តាលនៅក្នុងប្រទេសថៃ។ ទន្ទឹមនឹងនោះ វៀតណាមកំពុងដាក់ចេញនូវវិធានការជាច្រើន ដើម្បីគាំទ្រដល់ធុរកិច្ចទេសចរណ៍អន្តរជាតិ ជាពិសេសពីប្រទេសរុស្ស៊ី និងសហការកាត់បន្ថយថ្លៃសំបុត្រយន្តហោះ... ធ្វើឲ្យក្រុមហ៊ុនជាច្រើនបង្វែដំណើរទេសចរណ៍ពី Phuket ទៅទីក្រុង Nha Trang នៅរដូវក្តៅនេះ។
នាពេលខាងមុខនេះ វៀតណាមគប្បីបង្កើនចំនួនប្រទេសដែលត្រូវបានលើកលែងទិដ្ឋាការ និងអនុវត្តគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលតភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍ ធានាការរក្សាអត្តសញ្ញាណនៅមូលដ្ឋាន និងអភិវឌ្ឍផលិតផលទេសចរណ៍ពិសេសនៃមូលដ្ឋាន ហើយមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីការអភិវឌ្ឍផលិតផល ផ្សព្វផ្សាយ ដល់ការធានាការអភិវឌ្ឍប្រកបដោយចីរភាព។ល។ ប្រសិនបើអនុវត្តបានល្អ វៀតណាមអាចប្រកួតប្រជែងជាមួយប្រទេសថៃ សិង្ហបុរី និងក្លាយជាគោលដៅទេសចរណ៍នាំមុខគេក្នុងតំបន់៕
បកប្រែដោយ Thuy Anh