លើកកម្ពស់ការយល់ដឹង និងបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងអូស្ត្រាលី
កប.អនឡាញ - នាថ្ងៃទី ១៥ ខែមិថុនា នៅរដ្ឋធានី Canberra ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានចាក់បញ្ចាំងភាពយន្ត និងពិព័រណ៍រូបថតដ៏មានអត្ថន័យ ហើយទាក់ទាញទស្សនិកជនយ៉ាងច្រើន និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះទឹកដីវៀតណាមមួយដ៏ស្រស់ស្អាត។
ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់ទឹកដី មនុស្ស និងសមិទ្ធិផលក្នុងការអភិវឌ្ឍរបស់វៀតណាមដល់មិត្តអន្តរជាតិ ជាពិសេសសាធារណជនអូស្ត្រាលី។
ខ្សែភាពយន្ត “ខ្ញុំបានឃើញផ្កាព័ណ៌លឿងនៅលើផ្ទៃស្មៅបៃតង” បាននាំអ្នកទស្សនាត្រឡប់មកទេសភាពគួរជាមនោរម្យនៃស្រុកស្រែវៀតណាម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមក្នុងទសវត្សរ៍ទី ៨០ នៃសតវត្សទី២០។
    |
 |
ទស្សនិកជនទស្សនាពិព័រណ៍រូបថតអំពីសម្រស់ដ៏ស្រស់ស្អាតរបស់ទឹកដី មនុស្ស និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍរបស់វៀតណាម (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងនោះ ពិព័រណ៍រូបថតបានតាំងបង្ហាញរូបថតរាប់សិបសន្លឹក ដែលបង្ហាញយ៉ាងរស់រវើកអំពីទេសភាពដ៏ស្រស់ស្អាត និងប្រជាជនវៀតណាម។ ក្នុងព្រឹត្តិការណ៍នេះ ទស្សនិកជនក៏មានឱកាសទទួលទានផលិតផលវៀតណាមមួយចំនួនដែលដាក់លក់ក្នុងផ្សារទំនើបធំៗរបស់អូស្ត្រាលី ដូចជា ខ្នុរស្ងួត គ្រាប់ស្វាយចន្ទី ទឹកត្របែក កាហ្វេ។ល។
ក្នុងព្រឹត្តិការណ៍នេះ ទស្សនិកជនជាច្រើនបានសម្តែងនូវការកោតសរសើរចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាម ហើយមានបំណងប្រាថ្នាចង់ស្វែងយល់បន្ថែមអំពីប្រទេស និងប្រជាជនវៀតណាម។
ការចាក់បញ្ចាំងភាពយន្ត និងតាំងពិព័រណ៍រូបថតមិនត្រឹមតែរួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ស្ថានទូតវៀតណាមប្រចាំអូស្ត្រាលីក្នុងការផ្សព្វផ្សាយរូបភាពវៀតណាមដល់ពិភពលោកទៀតផង៕
បកប្រែដោយ Thanh Cong