ខេត្ត Binh Phuoc ស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ៦៨៤ នាក់
កប.អនឡាញ - នាថ្ងៃទី ២៧ ខែមិថុនា គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានរៀបចំកិច្ចប្រជុំបូកសរុបការអនុវត្តភារកិច្ចស្វែងរក ប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី និងកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលី ដំណាក់កាល ២០២១-២០២៥ និងបូកសរុបការងារស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីនៅកម្ពុជា ដំណាក់កាលទី២៤ (រដូវប្រាំងឆ្នាំ ២០២៤-២០២៥)។
យោងតាមគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០២១ មកទល់បច្ចុប្បន្ននេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ការខិតខំប្រឹងប្រែងជំនះការលំបាករបស់ក្រុម K72 ការគាំទ្រ និងការបង្កើតលក្ខខណ្ឌអំណោយផលពីកម្ពុជា និងប្រជាជន ខេត្ត Binh Phuoc បានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ៦៨៤ នាក់ ដែលក្នុងនោះ អដ្ឋិធាតុចំនួន ៤១២ ត្រូវបានប្រមូលផ្តុំនៅកម្ពុជា។
    |
 |
លោកវរសេនីយ៍ឯក Nguyen Thanh Ruan អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
លោកវរសេនីយ៍ឯក Nguyen Thanh Ruan អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Binh Phuoc បានមានប្រសាសន៍ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការងារស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា និងនៅខេត្ត Binh Phuoc តែងតែត្រូវបានគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc កំណត់ជាភារកិច្ចនយោបាយដ៏សំខាន់។ អដ្ឋិធាតុដែលត្រូវបានស្វែងរក ប្រមូល និងបញ្ចុះដោយក្រុម K72 ក្នុងរយៈពេលកន្លងមក បានបំពេញតាមការរំពឹងទុករបស់សាច់ញាតិរបស់យុទ្ធជនពលី ហើយទន្ទឹមនឹងនោះ ក៏សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានពលីជីវិតដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។
ក្នុងដំណាក់កាល ២០២៦-២០៣០ ក្រុម K72 នឹងបន្តបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីនៅខេត្តចំនួនពីរ គឺខេត្តក្រចេះ និងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានលើកសរសើរ និងផ្តល់រង្វាន់ដល់អង្គភាព និងបុគ្គលដែលមានស្នាដៃជាច្រើនក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី ដំណាក់កាល ២០២១-២០២៥ ដំណាក់កាលទី ២៤ (រដូវប្រាំង ២០២៤-២០២៥)៕
បកប្រែដោយ Huyen Trang