អស់រយៈពេលជាង ២០ ឆ្នាំមកនេះក្រុម K91 (ក្រោមបញ្ជាការដ្ឋានយោធាខេត្ត Dong Thap) តែងតែបំពេញការងារបានយ៉ាងល្អក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនក្នុងខេត្តចំនួនពីរគឺខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង (កម្ពុជា) និងនៅខេត្ត Dong Thap វៀតណាម។ នេះមិនត្រឹមតែជាទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជនដែលបានចូលរួមក្នុងការប្រយុទ្ធ និងលះបង់វីរៈភាពសម្រាប់ប្រទេសជាតិ។

leftcenterrightdel
អដ្ឋិធាតុ​កងទ័ពស្ម័គ្រចិត្ត​វៀតណាម ដែល​បានពលីក្នុង​សមរភូមិ​កម្ពុជាកាលពីសម័យសង្គ្រាម ត្រូវ​បាន​ក្រុម K91 ស្វែងរក ធ្វើមាតុភូមិនិវត្តន៍ទៅ​ខេត្ត Dong Thap វិញដោយ​ក្រុម K91

កិច្ចខិតខំប្រឹងប្រែងស្វែងរក

មកទល់ពេលនេះ ក្រុម K91 បានបញ្ចប់ការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីក្នុងប្រទេសកម្ពុជា និងក្នុងស្រុកក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥។ ពេលត្រឡប់មកស្រុកកំណើតវិញ អង្គភាពបានបន្តរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅទីបញ្ចុះសព Tam Nong (ឃុំ Phu Tho ខេត្ត Dong Thap)។

យោងតាមលោកវរសេនីយ៍ឯកបំរុង Vo Thanh Dan ប្រធានក្រុម K91 បានឲ្យដឹងថា ក្នុងដំណើរការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជន អង្គភាពបានទទួលការយកចិត្តទុកដាក់ទាន់ពេលវេលា និងជិតស្និទ្ធពីថ្នាក់លើ រួមជាមួយនឹងការគាំទ្រ និងជំនួយយ៉ាងសកម្មពីភ្នាក់ងារ មន្ទីរ សាខា និងអតីតយុទ្ធជន។ ជាពិសេសការជួយជ្រោមជ្រែងពីអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ គឺពោធិ៍សាត់ និងព្រៃវែងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការអនុវត្តបេសកកម្ម ក្រុម K91 នៅតែជួបប្រទះការលំបាកជាច្រើនដូចជាអាកាសធាតុពិបាកទ្រាំ គ្រោះថ្នាក់ដែលអាចកើតមានបណ្តាលពីគ្រាប់បែក មីន គ្រឿងផ្ទុះដែលនៅសេសសល់ពីសង្គ្រាមជាដើម។ បច្ចុប្បន្ននេះ ភាគច្រើននៃអ្នកដែលដឹងព័ត៌មានអំពីអដ្ឋិធាតុរបស់យុទ្ធជន និងបញ្ចុះដោយផ្ទាល់នូវយុទ្ធជនពលីកាលពីមុនគឺចាស់ជរា បានទទួលមរណភាព ឬមានសុខភាពខ្សោយ ការចងចាំខ្សោយហើយ។ តំបន់ស្វែងរកគឺធំទូលាយ ព័ត៌មានអំពីអដ្ឋិធាតុកាន់តែខ្វះខាត ហើយភាគច្រើននៃពួកគេមិនត្រូវបានគេស្គាល់អត្តសញ្ញាណ...។

លោកវរសេនីយ៍ឯកបំរុង Vo Thanh Dan បានចែករំលែកថា ដោយឆ្លងកាត់រយៈពេលដ៏យូរមកនេះ សភាពការណ៍ និងសណ្ឋានដីបានផ្លាស់ប្តូរយ៉ាងខ្លាំង ដែលបង្កការលំបាកយ៉ាងខ្លាំងក្នុងការកំណត់ទីតាំងផ្នូររបស់យុទ្ធជនពលី។ ក្រុមស្វែងរកភាគច្រើនបានតាមដានព័ត៌មានចាស់ មានទីតាំងដែលបានគាស់ជីកជាច្រើនដង ប៉ុន្តែរកមិនឃើញទេ។ ជាពិសេសមានទីតាំងដែលអង្គភាពស្វែងរកអស់រយៈពេល៥ ឆ្នាំ ១០ឆ្នាំ ហើយផ្ទៃដីបានពង្រីកជំវិញដល់ ១,០០០-១០,០០០ ម៉ែត្រការ៉េថែមទៀតតែមិនឃើញទេ។ តំបន់រុករកភាគច្រើនជាភ្នំ ដីរឹងពិបាកខ្លាំងនៅរដូវប្រាំង ប៉ុន្តែមានភក់ពាសពេញនៅរដូវវស្សា។

ទោះបីជាជួបប្រទះការលំបាក និងគ្រោះថ្នាក់ជាច្រើនក៏ដោយ ក៏នាយទាហាន និងពលទាហាននៃក្រុម K91 នៅតែខិតខំប្រឹងប្រែង និងប្តេជ្ញាបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ។ អង្គភាពបានកំណត់ថា ការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានស្លាប់ក្នុងសម័យសង្គ្រាមនៅកម្ពុជា គឺជាការងារដ៏មានអត្ថន័យ ដោយបង្ហាញពីទំនៀមទម្លាប់ជាតិ “ផឹកទឹក នឹកដល់ប្រភព” “ហូបផ្លែ នឹកដល់អ្នកដាំដើមឈើ”។ នៅរដូវប្រាំងឆ្នាំ ២០២៤-២០២៥ យុទ្ធជនជាច្រើននៃក្រុម K91 បានចូលរួមជាលើកដំបូងក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុនៅកម្ពុជា។

ធ្វើមាតុភូមិនិវត្តន៍រាប់ពាន់អដ្ឋិធាតុឱ្យត្រឡប់ទៅស្រុកកំណើតវិញ

យោងតាមក្រុម K91 ចាប់តាំងពីការបង្កើតឡើង (ក្នុងឆ្នាំ ២០០១) រហូតមកដល់ពេលនេះ អង្គភាពបានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនសរុបចំនួន ២,២០១ នាក់ ដែលក្នុងនោះ ៩៦ អដ្ឋិធាតុត្រូវបានកំណត់អត្តសញ្ញាណ។ ក្រុម K91 បានរកឃើញអដ្ឋិធាតុយុទ្ធជន ចំនួន ១,៩៦៣ នាក់នៅក្នុងប្រទេសកម្ពុជា និង២៣៨ អដ្ឋិធាតុនៅក្នុងខេត្ត Dong Thap ។

ក្នុងអំឡុងសង្រ្គាមតស៊ូ កម្មាភិបាល និងយុទ្ធជនជាច្រើនបានចូលរួមក្នុងការប្រយុទ្ធ បានលះបង់គ្រប់យ៉ាងដ៏ អង់អាចក្លាហាន វីរភាព ពលីជីវិតហើយត្រូវបានកប់នៅក្នុងសមរភូមិអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្រុម K91 កំពុងព្យាយាមស្វែងរក និងធ្វើមាតុភូមិនិវត្តន៍ទៅស្រុកកំណើតវិញ។ លោកវរសេនីយ៍ឯកបំរុង Vo Thanh Dan ប្រធានក្រុម K91 បានឲ្យដឹងថា ក្នុងរដូវប្រាំង ឆ្នាំ២០២៤-២០២៥ អង្គភាពនឹងផ្តោតលើការជីកយកអដ្ឋិធាតុរបស់យុទ្ធជនពលីនៅខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្ត Dong Thap ។ ក្នុងរយៈពេល ៨ ខែកន្លងមកនេះ ក្រុម K91 បានស្វែងរ នៅទីតាំងជាង ១៨០ កន្លែង។ ជាលទ្ធផល អង្គភាពបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៣ នាក់។ ក្នុងនោះនៅខេត្តពោធិ៍សាត់ និងព្រៃវែង រកឃើញអដ្ឋិធាតុយុទ្ធជនចំនួន៤១នាក់ និងអដ្ឋិធាតុចំនួន ២ ត្រូវបានរកឃើញនៅខេត្ត Dong Thap។

ទន្ទឹមនឹងភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជន ក្រុម K91 ក៏ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តការងារចលនាមហាជន និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ។ ក្នុងការអនុវត្តការងារ ក្រុមការងារ K91 បានផ្តល់ប្រឹក្សាដល់បញ្ជាការដ្ឋានយោធាខេត្ត Dong Thap រៀបចំការពិនិត្យសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងចែកអំណោយដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធក្នុងឃុំជាច្រើននៃខេត្តទាំងពីរ គឺពោធិ៍សាត់ និងខេត្តព្រៃវែង។

នៅទីតាំងដែលក្រុមការងារបំពេញបេសកកម្ម ប្រជាជននៃប្រទេសមិត្តបានផ្តល់នូវព័ត៌មាន ណែនាំផ្លូវ និងចង្អុលបង្ហាញទីតាំងនៃអដ្ឋិធាតុកងទ័ពវៀតណាម ព្រមទាំងពួកគេបានជួយក្រុម K91 ផ្ទៀងផ្ទាត់ និងពិចារណាព័ត៌មាន។ ការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនដោយក្រុម K91 គឺជាការងារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ការដឹងគុណ ការគោរពយ៉ាងជ្រាលជ្រៅស្មោះត្រង់ចំពោះវីរជនពលីដែលបានពលីកម្មក្នុងបុព្វហេតុរំដោះជាតិ ការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។

ក្រុម K91 នឹងបន្តផ្តោតលើការងារដ៏មានអត្ថន័យនេះ បន្តសម្របសម្រួល ជំរុញបង្កើនការស្វែងរក ការប្រមូល ដំណឹងព័ត៌មានអំពីអដ្ឋិធាតុរបស់យុទ្ធជនពលី រៀបចំការជីកកកាយនៅតំបន់ដែលទទួលបានព័ត៌មានថ្មី និងបន្តការជីកកកាយនៅទីតាំងចាស់ដែលអដ្ឋិធាតុរបស់យុទ្ធជនមិនត្រូវបានរកឃើញដើម្បីឈានដល់ការសន្និដ្ឋានជាក់លាក់ មិនទុកព័ត៌មានណាមួយត្រូវរំលងចោលឡើយ៕

បកប្រែដោយ Minh Trung