តួនាទីដឹកនាំនៃការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់

ក្នុងរយៈពេលជិត ៧៥ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅតែជាលំហូរសំខាន់ក្នុងទំនាក់ទំនងវៀតណាម-ចិន។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងវៀតណាម-ចិនរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ល្អ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន តាមរយៈការផ្លាស់ប្តូរ ជំនូប និងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនិងលោក Li Qiang នាយករដ្ឋមន្ត្រីចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម របស់លោក Li Qiang នាខែតុលា ឆ្នាំ២០២៤

បន្ទាប់ពីជោគជ័យនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស (ខែតុលា ឆ្នាំ២០២២) លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងខែធ្នូ ឆ្នាំ២០២៣។ ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះគឺភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ បន្ទាប់មក ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៅខែសីហា ឆ្នាំ២០២៤ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។

នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែតុលា ឆ្នាំ២០២៤ របស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបានទស្សនៈរួមសំខាន់ៗជាច្រើន រួមទាំងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងចិន ជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឡើងកម្រិតខ្ពស់ថ្មី។ ដូច្នេះ អាចបញ្ជាក់ថា សកម្មភាពផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសយុទ្ធសាស្ត្រ និងដឹកនាំទំនាក់ទំនងវៀតណាម-ចិន ឲ្យបន្តអភិវឌ្ឍកាន់តែស្ថិរភាព និងមានប្រសិទ្ធភាព។

ចែករំលែកជាមួយសារព័ត៌មានក្នុងព្រឹត្តិការណ៍មួយដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានផ្សព្វផ្សាយសារអំពីទំនាក់ទំនងមិត្តភាពវៀតណាម-ចិន និងបង្ហាញពីការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង

ទស្សនៈរួមដែលសម្រេចបានតាមរយៈដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់មិនត្រឹមតែដើរតួនាទីដឹកនាំ និងតម្រង់ទិសយុទ្ធសាស្ត្រសម្រាប់និន្នាការអភិវឌ្ឍនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម និងចិនក្នុងរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រង់ទិសដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់លាក់បន្ថែមទៀតដល់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Li Qiang នាយករដ្ឋមន្ត្រីចិន ធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការវៀតណាម-ចិន នៅទីក្រុងហាណូយ ខែតុលា ឆ្នាំ២០២៤

បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង និងទស្សនៈរួមជាច្រើនដើម្បីបង្កើតរបកគំហើញថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនាំមកនូវលទ្ធផលកាន់តែច្បាស់តាមរយៈគម្រោងជាក់លាក់លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមកដូចជា៖ ពាណិជ្ជកម្មផលិតផលកសិកម្ម ការវិនិយោគដែលមានគុណភាពខ្ពស់ វប្បធម៌-ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់...

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ១៥ ខែមករា លោក To Lam អគ្គលេខាបក្ស និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានប្រកាសចាប់ផ្ដើមឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិន ២០២៥ ហើយឯកភាពសហការរៀបចំសកម្មភាពរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត។ សកម្មភាពទាំងនេះនឹងរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងបង្កើតកម្លាំងចលករថ្មីសម្រាប់ជម្រុញទំនាក់ទំនងវៀតណាម-ចិន។

ដោយក្រឡេកមើលទំនាក់ទំនងវៀតណាម-ចិនក្នុងប៉ុន្មានឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានឯកភាពថា ការអភិវឌ្ឍរបស់ប្រទេសនីមួយៗគឺជាឱកាសអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក ហើយជាកត្តាវិជ្ជមានដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ផ្អែកលើការទស្សនៈរួមនោះ ប្រជាជនវៀតណាម និងប្រជាជនចិនជឿជាក់ និងសង្ឃឹមថា ឆ្នាំ២០២៥ នឹងក្លាយជារបត់សំខាន់ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh