កិច្ចប្រជុំកំពូល P4G៖ ឱកាសសម្រាប់វៀតណាមបញ្ជាក់ពីកិច្ចសន្យាយ៉ាងមុតមាំរបស់ខ្លួនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
កប.អនឡាញ - កិច្ចប្រជុំកំពូលលើកទី៤ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។
កិច្ចប្រជុំនេះមានប្រធានបទ "ភាពជាដៃគូសកលសម្រាប់ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកប្រជាជនជាស្នូល"។
នេះគឺជាកិច្ចប្រជុំកំពូលពហុភាគីលើកដំបូងក្នុងវិស័យកំណើនបៃតង បរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ប្រតិភូអន្តរជាតិប្រហែល ៦០០ នាក់មកពីប្រទេស និងអង្គការអន្តរជាតិជាង ៤០ រួមទាំងប្រទេសសមាជិក P4G និងដៃគូ ភ្ញៀវកិត្តិយស មូលនិធិវិនិយោគ វិទ្យាស្ថានស្រាវជ្រាវ អ្នកប្រាជ្ញ ធុរកិច្ច និងអង្គទូត ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ baochinhphu.vn) |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងថា កិច្ចប្រជុំកំពូល P4G លើកនេះគឺជាឱកាសសម្រាប់វៀតណាមបញ្ជាក់ពីកិច្ចសន្យាយ៉ាងមុតមាំរបស់ខ្លួនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការប្តេជ្ញាចិត្តសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញយុទ្ធសាស្ត្របរិវត្តកម្មបៃតង និងនិរន្តរភាពនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។ តាមរយៈការរៀបចំកិច្ចប្រជុំនេះ វៀតណាមមានបំណងផ្ញើជូនសហគមន៍អន្តរជាតិនូវសាររបស់ប្រទេសវៀតណាមមួយដែលកំពុងប្តេជ្ញាចិត្តផ្លាស់ប្ដូរទម្រង់កំណើន ជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព សមិទ្ធផល និងសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ខ្លាំងក្លា ក៏ដូចជាតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ប្រទេស ភាពរួសរាយរាក់ទាក់ និងភាពស្និទ្ធស្នាលរបស់ប្រជាជនវៀតណាម។
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានឲ្យដឹងថា កម្មវិធីនៃកិច្ចប្រជុំលើកនេះ ផ្តោតសំខាន់លើការពិភាក្សា អំពីគោលនយោបាយជំរុញទំនាក់ទំនងភាពជាដៃគូសាធារណៈ ឯកជន ទាក់ទាញការវិនិយោគ បង្កើនធនធានសម្រាប់ការធ្វើបរិវត្តកម្មបៃតង ជំរុញការអនុវត្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន កាត់បន្ថយការបំភាយឧស្ម័ន បរិវត្តកម្មថាមពលឆ្ពោះទៅនិរន្តរភាព និងរៀបចំធនធានមនុស្សសម្រាប់សេដ្ឋកិច្ចបៃតង។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ដោយបញ្ជាក់យ៉ាងមុតមាំនូវកិច្ចសន្យាចំពោះកំណើនបៃតង និរន្តរភាព ប្រកាន់យកប្រជាជនជាស្នូល និងសហការធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលបច្ចុប្បន្ន។
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជឿជាក់ថា ជោគជ័យនៃកិច្ចប្រជុំលើកនេះ ក៏នឹងនាំមកនូវតម្លៃដល់ភាគីពាក់ព័ន្ធទាំងអស់ ជួយសហគមន៍អន្តរជាតិស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតចំពោះបញ្ហាប្រឈមជាសាកល និងសម្រេចបានលទ្ធផលសំខាន់ៗក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
បកប្រែដោយ Huyen Trang