ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ចិន រក្សាបាននូវនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមាន និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងលោកជំទាវ (ខែធ្នូ ឆ្នាំ២០២៣) ហើយភាគីទាំងពីរបានចេញ “សេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ” នៅឆ្នាំ២០២៤ សកម្មភាពជួបប្រាស្រ័យទាក់ទង និងជំនួបថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតទាំងប្រាំរបស់បក្ស និងរដ្ឋវៀតណាម សុទ្ធតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយថ្នាក់ដឹកនាំចិនសំខាន់ៗចំនួនពីររូប (នាយករដ្ឋមន្ត្រីចិន និងប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន) ក៏បានមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ។ នៅឆ្នាំ២០២៥ នេះ ការផ្លាស់ប្តូរ និងជំនួបថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់បន្តត្រូវបានរក្សាយ៉ាងជិតស្និទ្ធ រួមទាំងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក To Lam អគ្គលេខាបក្ស និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ដោយប្រកាសបើកដំណើរការ “ឆ្នាំជួបប្រាស្រ័យមនុស្សធម៌ វៀតណាម-ចិន ឆ្នាំ២០២៥” ហើយថ្នាក់ដឹកនាំស្នូលនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារលិខិត/សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (១៩៥០-២០២៥)។ល។

leftcenterrightdel
លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន (រូបថត៖ ក្រសួងការបរទេស)

ចាប់តាំងពីប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រនោះ ហើយបន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ (ខែសីហា ឆ្នាំ២០២៤) ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងរលូន មើលឃើញការផ្លាស់ប្តូរកាន់តែជាក់ស្តែង និងសម្រេចបានសមិទ្ធផលជាច្រើនទៀតលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការដូចជា៖ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការអប់រំ ធនធានមនុស្ស ការផ្លាស់ប្តូរទ្រឹស្តី និងបទពិសោធន៍រវាងបក្សទាំងពីរ ការជួបប្រាស្រ័យរវាងមូលដ្ឋាន ប្រជាជន និងយុវជន និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជានៅវេទិកាពហុភាគី។ល។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈការស្ថិតិស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគទ្វេភាគី។ ជាពិសេស ស្តីពីពាណិជ្ជកម្ម នៅឆ្នាំ២០២៤ វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់ចិន។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៤ សម្រេចបាន ២០៥.២ ពាន់លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៥ សម្រេចបាន ៥១.២៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧.៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ស្តីពីការវិនិយោគ ក្នុងឆ្នាំ២០២៤ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំនួនគម្រោងដែលក្នុងនោះមានគម្រោងថ្មីចំនួន ៩៥៥ ទទួលបានអាជ្ញាប័ណ្ណដោយជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមដៃគូវិនិយោគចំនួន ១១០ នៅវៀតណាមជាមួយដើមទុនចំនួន ៤.៧៣ ពាន់លានដុល្លារអាមេរិក។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះបង្ហាញថា លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយជាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ចិនដែលមកបំពេញទស្សនកិច្ចនៅវៀតណាមច្រើនលើកបំផុតក្នុងប្រវត្តិសាស្ត្រ។

ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពបរទេសដែលមានសារៈសំខាន់ខ្លាំង និងយូរអង្វែងសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ទន្ទឹមនឹងនោះបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងអាទិភាពឈានមុខគេរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-ចិន ឱ្យអភិវឌ្ឍប្រកបដោយភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ លើសពីនេះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ទៅកាន់ប្រទេសវៀតណាម ស្របពេល “ឆ្នាំជួបប្រាស្រ័យមនុស្សធម៌វៀតណាម-ចិន ឆ្នាំ២០២៥” និងខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានបង្ហាញពីអត្ថន័យ សារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។

ប្រជាជនទីក្រុងហាណូយនិយាយដោយឡែក និងវៀតណាមនិយាយរួមស្វាគមន៍យ៉ាងកក់ក្តៅបំផុតលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ដោយមានជំនឿ និងសេចក្តីសង្ឃឹមមោះមុតថា ដំណើរទស្សនកិច្ចនេះ នឹងបង្កើតព្រឹត្តិការណ៍សំខាន់ថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយដើរតួនាទីតម្រង់ទិសទំនាក់ទំនងវៀតណាម-ចិន ឱ្យកាន់តែអភិវឌ្ឍថែមទៀត និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជននៃប្រទេសនីមួយៗ៕

បកប្រែដោយ Huyen Trang