ក្នុងឱកាសអញ្ជើញ​ចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សាក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) លោក To Lam អគ្គលេខាបក្ស បានជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅសេតវិមាន។

នៅទីនោះ លោកអគ្គលេខាបក្សបានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃ និងចង់ជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកអភិវឌ្ឍប្រកបដោយចីរភាព ជាក់ស្តែង និងមានប្រសិទ្ធភាព ហើយបានស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក  (រូបថត៖ VNA)

ទាក់ទងនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកអគ្គលេខាបក្ស ចង់ឲ្យភាគីទាំងពីរបន្តការសន្ទនាដោយស្មោះត្រង់ និងជាក់ស្តែងលើបញ្ហាដែលនៅសេសសល់ ក្នុងស្មារតីនៃតុល្យភាព និងភាពសុខដុមរមនានៃផលប្រយោជន៍ ស្របតាមលក្ខខណ្ឌ និងផលប្រយោជន៍របស់ភាគីនីមួយៗ ដើម្បីផលប្រយោជន៍របស់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រប្រទេសវៀតណាមមួយ «រឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព»។ លោកបានវាយ​តំលៃ​ខ្ពស់​ចំពោះការចូលរួមដោយផ្ទាល់របស់លោក To Lam អគ្គលេខាបក្ស នៅក្នុងកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា ដោយចាត់ទុកថានេះបង្ហាញពីតួនាទីកាន់តែខ្លាំងឡើងរបស់វៀតណាមនៅលើឆាកអន្តរជាតិ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការពិភពលោក។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធ្វើឱ្យមានតុល្យភាព​ពាណិជ្ជកម្មទ្វេភាគី និងកិច្ចសន្យាដ៏មានតម្លៃដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស។ លោក ដូណាល់ ត្រាំ  ប្រធានាធិបតី បានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហើយបានបញ្ជាក់ថា លោកនឹងដឹកនាំស្ថាប័នពាក់ព័ន្ធឱ្យដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញជាយុទ្ធសាស្ត្រ (D1-D3) ក្នុង​ពេល​ឆាប់ៗ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតី  បានបញ្ជាក់ពីការបន្តចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់។ លោកបានវាយ​តំលៃខ្ពស់​ចំពោះតួនាទី និងសំឡេងដែលកំពុងកើនឡើងរបស់វៀតណាមនៅក្នុងវេទិកាតំបន់ និងពហុភាគី។

ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស បានអញ្ជើញលោក ដូណាល់ ត្រាំ ប្រធានាធិបតី និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចប្រទេសវៀតណាមម្តងទៀតក្នុងពេលឆាប់ៗនេះ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតី បានទទួលយកការអញ្ជើញ ហើយបាននិយាយថា លោកនឹងមកបំពេញទស្សនកិច្ចប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ៕

បកប្រែដោយ Duy Hoan