លោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា។
អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំមកពីប្រទេសជាង ៥០ ដែលជាសមាជិកស្ថាបនិក និងអ្នកសង្កេតការណ៍នៃក្រុមប្រឹក្សាសន្តិភាព។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោក To Lam អគ្គលេខាបក្ស នៅក្នុងកិច្ចប្រជុំនេះ និងបញ្ជាក់ថា វៀតណាមមានតួនាទី និងឥទ្ធិពលកាន់តែសំខាន់នៅលើពិភពលោក។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ចូលរួមសម័យប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ (រូបថត៖ Thong Nhat/VNA) |
គោលជំហរឥតងាករេរបស់វៀតណាមគឺ រាល់ជម្លោះទាំងអស់ត្រូវតែដោះស្រាយដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេច សហការជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិភាពក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់ជំនួយមនុស្សធម៌បន្ទាន់ និងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឡើងវិញ។
វៀតណាមគាំទ្ររាល់ដំណោះស្រាយជាក់ស្តែងដើម្បីបញ្ឈប់ជម្លោះ ស្តារសន្តិភាពនិងសន្តិសុខឡើងវិញ ធានាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ហ្គាហ្សា និងអនុវត្តន៍ដំណើរការនយោបាយគ្រប់ជ្រុងជ្រោយ។ ក្នុងពេលជាមួយគ្នានេះ វៀតណាមសង្ឃឹមមានវិធានការធានាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរប៉ាឡេស្ទីន។
ក្នុងឱកាសចូលរួមពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីអ៊ូសបេគីស្ថាន ប្រធានាធិបតីអាស៊ែបៃហ្សង់ និងប្រធានាធិបតីកាហ្សាក់ស្ថាន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីអាមេនី នាយករដ្ឋមន្ត្រីហុងគ្រី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក៕
តាម vovworld.vn