ក្នុងឱកាសដើមឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានជួបសន្ទនាជាមួយកាសែត Thoi Nay អំពីសមិទ្ធផលលេចធ្លោ មេរៀនបទពិសោធន៍ និងការតម្រង់ទិសយុទ្ធសាស្ត្ររបស់កងកម្លាំងមួកខៀវវៀតណាមនាពេលខាងមុខ។
អ្នកយកព័ត៌មាន៖ ឆ្លងកាត់ជាង ១១ ឆ្នាំ ចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តើកងទ័ពប្រជាជនវៀតណាមបានបញ្ជាក់ពីកិត្យានុភាពអន្តរជាតិយ៉ាងដូចម្តេច?
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang៖ បន្ទាប់ពីចូលរួមជាផ្លូវការជាង ១១ ឆ្នាំក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (២០១៤-២០២៥) អាចបញ្ជាក់បានថា កងកម្លាំងរក្សាសន្តិភាពវៀតណាមបានរីកចម្រើនជាលំដាប់ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាច្រើនដែលត្រូវបានកត់សម្គាល់និងវាយតម្លៃខ្ពស់ដោយអង្គការសហប្រជាជាតិ និងស្ថានបេសកកម្ម និងសហគមន៍អន្តរជាតិ។
ចាប់ពីបុគ្គលដំបូងគេដែលកាន់តំណែងជាអ្នកសង្កេតការណ៍យោធា នាយទាហានផ្នែកទាក់ទង និងនាយទាហានផ្នែកសេនាធិការនៅស្ថានបេសកកម្មនៅស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល រហូតដល់ការដាក់ពង្រាយកងពេទ្យកម្រិត ២ ដោយជោគជ័យ កងវិស្វកម្មវៀតណាមបានមានការផ្លាស់ប្តូរយ៉ាងខ្លាំងពី "ការចូលរួម" ទៅជា "ការចូលរួមចំណែកជាក់ស្ដែងនិងមានទំនួលខុសត្រូវ"។ កងកម្លាំងរក្សាសន្តិភាពវៀតណាមមិនត្រឹមតែសម្រេចបានល្អនូវជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់នូវស្មារតីមនុស្សធម៌តាមរយៈសកម្មភាពជាច្រើនដូចជា ការពិនិត្យសុខភាព និងព្យាបាលជំងឺ ការចែកថ្នាំពេទ្យដោយឥតគិតថ្លៃ សាងសង់សាលារៀន បង្រៀន សាងសង់ផ្លូវ និងណែនាំកសិកម្ម... ជាពិសេស នាពេលកន្លងមក នាយទាហានជាច្រើនរបស់វៀតណាមត្រូវបានអង្គការសហប្រជាជាតិប្រគល់តំណែងសំខាន់ៗ។
    |
 |
|
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម |
អ្នកយកព័ត៌មាន៖ តាមរយៈការចូលរួម កងកម្លាំងមួកខៀវវៀតណាមបង្ហាញសមត្ថភាពរបស់ខ្លួននៅស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ តើការចូលរួមចំណែករបស់កងទ័ពប្រជាជនវៀតណាមត្រូវបានកត់សម្គាល់យ៉ាងដូចម្តេចក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពអន្តរជាតិ?
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang៖ ការដែលកងកម្លាំងមួកខៀវវៀតណាមបញ្ចប់ភារកិច្ចយ៉ាងល្អនៅស្ថានបេសកកម្ម និងទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃសមត្ថភាព ភាពក្លាហានខាងនយោបាយ និងការធ្វើសមាហរណកម្មអន្តរជាតិរបស់កងទ័ពប្រជាជនវៀតណាមក្នុងដំណាក់កាលថ្មី។
កម្មាភិបាលនិងនាយទាហានរបស់វៀតណាមត្រូវតែធ្វើការក្នុងបរិយាកាសពហុជាតិ ពហុវប្បធម៌និងជួបប្រទះបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញ និងសម្ពាធការងារខ្ពស់។ ការបំពេញល្អនូវតម្រូវការទាំងនេះ បង្ហាញថា សមត្ថភាពហ្វឹកហ្វឺននិងការរៀបចំកងកម្លាំងក៏ដូចជាគុណភាពធនធានមនុស្សរបស់កងទ័ពរបស់យើងបានឈានដល់ស្តង់ដារអន្តរជាតិ។ សំខាន់ជាងនេះទៅទៀត កម្មាភិបាល និងយុទ្ធជនមួកខៀវវៀតណាមម្នាក់ៗ មិនត្រឹមតែជាអ្នកអនុវត្ដការងារជំនាញប៉ុណ្ណោះទេ ថែមទាំងជា "បេសកជនសន្តិភាព" ដែលនាំយករូបភាព អត្តសញ្ញាណ និងតម្លៃល្អប្រសើររបស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន។
អ្នកយកព័ត៌មាន៖ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងនៃការដាក់ពង្រាយកងកម្លាំងនៅស្ថានបេសកកម្ម តើអ្វីទៅជាមេរៀន បទពិសោធន៍ក្នុងការជ្រើសរើស និងហ្វឹកហ្វឺនកម្មាភិបាលនិងយុទ្ធជនសម្រេចបានល្អនូវបេសកកម្មអន្តរជាតិផង រក្សានិងលើកកម្ពស់អត្ដចរិតកងទ័ពលោកអ៊ំហូ?
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang៖ ការពិតជាង ១១ ឆ្នាំនៃការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានផ្តល់មេរៀនដ៏មានតម្លៃជាច្រើន ជាពិសេសមេរៀនអំពីមនុស្ស - ជាកត្តាដែលសម្រេចដល់ជោគជ័យនៃភារកិច្ច។
ទីមួយគឺដំណើរការជ្រើសរើសត្រូវតែមានភាពម៉ត់ចត់ និងទូលំទូលាយ ដោយផ្អែកលើស្តង់ដារនយោបាយ និងចរិតលក្ខណៈសីលធម៌ ខណៈពេលដែលក៏ឱ្យតម្លៃដល់សមត្ថភាពវិជ្ជាជីវៈ ជំនាញភាសាបរទេស សុខភាព និងសមត្ថភាពក្នុងការធ្វើការក្នុងបរិយាកាសអន្តរជាតិ។ យើងមិនត្រឹមតែត្រូវជ្រើសរើសមនុស្សដែល "ពូកែក្នុងការងារ" ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកដែលមាន "ចិត្តល្អ និងភាពក្លាហានគ្រប់គ្រាន់" ដើម្បីតំណាងឱ្យរូបភាពនៃប្រទេសជាតិ ប្រជាជន និងកងទ័ពផងដែរ។
ទីពីរគឺការហ្វឹកហ្វឺនត្រូវតែព្រមៗគ្នា និងស្របជាមួយស្ថានភាពជាក់ស្តែងនៅស្ថានបេសកកម្ម ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវការហ្វឹកហ្វឺនវិជ្ជាជីវៈ និងចំណេះដឹងអំពីច្បាប់អន្តរជាតិជាមួយនឹងការអប់រំនយោបាយ សតិអារម្មណ៍ សីលធម៌និងរបៀបរស់នៅ។ ការហ្វឹកហ្វឺនបានជួយកងកម្លាំងរបស់វៀតណាមបន្ស៊ាំយ៉ាងឆាប់រហ័សទៅនឹងបរិយាកាសការងារអន្តរជាតិ។
ទីបីគឺការបង្កើនភាពក្លាហាន ការរក្សានិងលើកកម្ពស់អត្ដចរិត “កងទ័ពលោកអ៊ំ ហូ” ក្នុងបរិយាកាសពហុវប្បធម៌ ឆ្ងាយពីមាតុភូមិគឺជាតម្រូវការចាំបាច់។ ដោយភាពក្លាហានខាងនយោបាយ ស្មារតីខិតខំកសាងសន្តិភាព ការចែករំលែកនិងស្មារតីទទួលខុសត្រូវខ្ពស់ដែលបានជួយកងកម្លាំងមួកខៀវវៀតណាមយកឈ្នះលើការលំបាក និងបំពេញបេសកកម្មដោយជោគជ័យ។
អ្នកយកព័ត៌មាន៖ នៅក្នុងបរិបទដែលស្ថានភាពសន្តិសុខ និងជម្លោះក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញ តើនាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានកំណត់អាទិភាពយុទ្ធសាស្ដ្រណាខ្លះ ដើម្បីលើកកម្ពស់គុណភាព និងវិជ្ជាជីវៈនាពេលខាងមុខ?
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang៖ ជាបឋមគឺកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់កងកម្លាំងរក្សាសន្តិភាពវៀតណាមក្នុងទិសដៅ "របៀបរៀបរយ ចំណាន និងទំនើប" ដែលបំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ បន្តបង្កើនការអប់រំខាងនយោបាយ និងសតិអារម្មណ៍ ដោយធានាថា កម្មាភិបាលនិងយុទ្ធជនម្នាក់ៗមានសីលធម៌ល្អ និងជាគំរូល្អ និងគោរពវិន័យ។
ដោយផ្អែកលើមូលដ្ឋាននោះ វៀតណាមនឹងពង្រីកវិសាលភាព ទម្រង់និងវិស័យចូលរួម ត្រៀមរៀបចំធនធានមនុស្សដើម្បីដាក់ពាក្យសុំទទួលតំណែងជាន់ខ្ពស់នៅស្ថានបេសកកម្ម និងទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ។ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ និងឆ្លៀតការជួយគាំទ្រអំពីហ្វឹកហ្វឺន ឧបករណ៍និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបង្កើនសមត្ថភាពបន្តិចម្តងៗ ឆ្លើយតបតម្រូវការកាន់តែខ្ពស់នៃបេសកកម្មរក្សាសន្តិភាព៕
បកប្រែដោយ Pham Diep