ពិធីជូនសារតាំងបានធ្វើឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតីប៉ាឡេស្ទីនក្នុងទីក្រុង Ramallah តំបន់វេស្តប៊ែង។

នៅក្នុងពិធី លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានស្វាគមន៍លោក Nguyen Nam Duong ឯកអគ្គរដ្ឋទូតមកកាន់តំណែងថ្មីរបស់លោកនៅរដ្ឋប៉ាឡេស្ទីន ព្រមទាំងផ្ញើសារជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។ លោក Mahmoud Abbas បានអបអរសាទរវៀតណាមចំពោះការរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ ការបោះឆ្នោតជ្រើសតាំងលោក To Lam ជាអគ្គលេខាបក្ស និងការលើកឡើងទិសដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រសម្រាប់វៀតណាមក្នុងដំណាក់កាលថ្មី។

leftcenterrightdel
ពិធីជូនសារតាំងបានធ្វើឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតីប៉ាឡេស្ទីនក្នុងទីក្រុង Ramallah តំបន់វេស្តប៊ែង (រូបថត៖ baoquocte.vn)

លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោកមកកាន់វៀតណាមនៅខែឧសភា ឆ្នាំ២០១០ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យដែលវៀតណាមសម្រេចបានក្នុងរយៈពេល៤០ ឆ្នាំនៃការផ្លាស់ថ្មី ដោយបញ្ជាក់ថា វៀតណាមគឺជាគំរូសម្រាប់ប្រទេសដទៃទៀតដើម្បីរៀនសូត្រពីការតស៊ូដើម្បីដណ្តើមឯករាជ្យជាតិ និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកៀរគរការគាំទ្រ និងសាមគ្គីភាពពីសហគមន៍អន្តរជាតិប្រកបដោយប្រសិទ្ធភាព។

លោក Nguyen Nam Duong ឯកអគ្គរដ្ឋទូត បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត ស្របតាមប្រពៃណីដ៏យូរអង្វែង និងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ។

លោក Nguyen Nam Duong ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រការតស៊ូដ៏យុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីន គាំទ្រដំណោះស្រាយរដ្ឋពីរ និងសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីននៅក្នុងអង្គការសហប្រជាជាតិ ព្រមទាំងធានាសិទ្ធិជាតិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន រួមទាំងសិទ្ធិក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងមានអធិបតេយ្យភាព ដែលមានព្រំដែនមុនឆ្នាំ ១៩៦៧ និងក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន៕

បកប្រែដោយ Huyen Trang