សារជូនពរឆ្នាំថ្មីប្រពៃណី ២០២៦ របស់លោក Luong Cuong ប្រធានរដ្ឋ
កប.អនឡាញ - ជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិនៅឯបរទេសជាទីគោរព!
និទាឃៈរដូវឆ្នាំ២០២៦ បានមកដល់ហើយ។ ពេលវេលានៃការផ្លាស់ប្តូរពីឆ្នាំចាស់ទៅឆ្នាំថ្មី ខ្ញុំសូមផ្ញើជូនជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិរបស់យើងនៅឯបរទេសសេចក្តីជូនពរឆ្នាំថ្មីដ៏សុខសាន្តត្រាន មានសុខភាពល្អ និងសុភមង្គល។ ខ្ញុំសូមគោរពផ្ញើជូនប្រជាជន និងមិត្តភក្តិអន្តរជាតិសេចក្តីជូនពរដ៏ល្អប្រសើរបំផុតរបស់ខ្ញុំសម្រាប់ឆ្នាំថ្មីដែលពោរពេញដោយសន្តិភាព សុភមង្គល និងរួមគ្នាអភិវឌ្ឍ។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋជូនពរឆ្នាំថ្មីប្រពៃណី ២០២៦ |
ក្នុងឆ្នាំ២០២៥ ប្រទេសយើងបានឆ្លងកាត់កំណាត់ផ្លូវមួយដែលគូសសញ្ញាសម្គាល់ដោយព្រឹត្តិការណ៍សំខាន់ៗ ដែលមានអត្ថន័យពិសេស និងសម្រេចបាននូវសមិទ្ធផលជាច្រើនដ៏គួរឱ្យមោទនភាព។ ទន្ទឹមនឹងនោះ នេះក៏ជាឆ្នាំដែលប្រទេសជាតិត្រូវឆ្លងកាត់ការលំបាក និងបញ្ហាប្រឈម ជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃស្ថានភាពពិភពលោកនិងតំបន់ រួមជាមួយនឹងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវ ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ និងបន្សល់ទុកនូវទុក្ខវេទនា និងការបាត់បង់ សម្រាប់ប្រជាជនរបស់យើង។
ដោយមានភាពធន់ឥតឈប់ឈរ និងស្មារតីខ្លួនទីពឹងខ្លួន បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានសាមគ្គីភាព រួមកម្លាំងកាយចិត្ត ពង្រីកកម្លាំងរបស់ប្រជាជាតិទាំងមូល និងជំនួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ យើងសម្រេចបាននូវគោលដៅសំខាន់ៗទាំងអស់ដែលបានដាក់ចេញ ជាមួយនឹងសញ្ញាសម្គាល់លេចធ្លោ៖ ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងបរិយាកាសសន្តិភាពត្រូវបានរក្សា; កំណើនសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោក ដោយក្លាយជាប្រទេសដែលមានចំណូលមធ្យមខ្ពស់; សុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់; នយោបាយ និងសង្គមមានស្ថិរភាព; ការពារជាតិ និងសន្តិសុខត្រូវបានរក្សា និងពង្រឹង; ទំនាក់ទំនងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់ ហើយឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅតែបន្តកើនឡើងនៅលើឆាកអន្តរជាតិ; បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសជាតិឈានចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី។
ចូលឆ្នាំថ្មីប្រពៃណី ២០២៦ - ឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស ជាមួយនឹងប្រពៃណីស្នេហាជាតិដ៏ជ្រាលជ្រៅស្មារតីសាមគ្គីភាព ឆន្ទៈដ៏ម៉ោះមុត និងសេចក្តីប្រាថ្នាដ៏មុតមាំសម្រាប់វឌ្ឍនភាព បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបន្តសមាគ្គីភាព រួមកម្លាំងកាយចិត្ត ចាប់យកឱកាសទាំងអស់ ជំនះការលំបាក និងបញ្ហាប្រឈម លើកកម្ពស់យ៉ាងខ្លាំងនូវទំនុកចិត្តលើខ្លួនឯង ខ្លួនទីពឹងខ្លួន មោទនភាពជាតិ ច្នៃប្រឌិតឥតឈប់ឈរ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចប្រកបដោយគោលដៅកសាង ប្រទេសវៀតណាមសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។
ក្នុងសេចក្តីរីករាយអំណរនិទាឃរដូវថ្មី ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរដល់ជនរួមជាតិ សមមិត្ត យុទ្ធជនទាំងអស់លើទូទាំងប្រទេស និងជនរួមជាតិរបស់យើងនៅឯបរទេស ឲ្យមានឆ្នាំថ្មីនៃជ័យជំនះថ្មីៗ និងជោគជ័យថ្មីៗ។ សូមជូនពរឲ្យប្រទេសជាតិ និងប្រជាជនរបស់យើងកាន់តែសម្បូររុងរឿង មានជីវភាពសប្បូរធូធារ សេរីភាព និងសុភមង្គល។
ដោយក្តីគោរព និងសូមឲ្យជ័យជំនះសម្រាប់អ្នកទាំងអស់គ្នា!
បកប្រែដោយ Huyen Trang